សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងចំណោមឈ្មួញដែលសម្រុកដឹកជញ្ជូនឈើតាមក្បួនរថយន្តទាំងខ្សែៗពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ នៅពេលយប់គឺមានលោក ហែម សុមុនី ហៅម៉ៅ មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលកំពុងឈរជើងក្នុងខេត្តស្ទឹងត្រែង ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា លោក ហែម សុមុនី ហៅម៉ៅ មិនត្រឹមតែជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែលោក ហែម សុមុនី កំពុងប្រើស្បែកនិងអំណាចរបស់ខ្លួនដើម្បីកាងឈ្មួញដឹកជញ្ជូនឈើជាជនជាតិខ្មែរនិងជនជាតិយួនច្រើននាក់ទៀត។ តាមរយៈការប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួនដើម្បីអាជីវកម្មជំនួញឈើខុសច្បាប់ គឺលោក ហែម សុមុនី ហៅម៉ៅ អាចរកចំណូលបានយ៉ាងច្រើនក្នុងមួយខែៗ ហើយក៏អាចមានការបែងចែកទៅថ្នាក់លើផងដែរ។
ថ្មីៗនេះមន្ត្រីរាជការនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា មកដល់ពេលនេះលោក ហែម សុមុនី ហៅម៉ៅ មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈរជើងក្នុងខេត្តស្ទឹងត្រែង នៅតែប្រើអំណាចនិងតួនាទីដើម្បីកាងក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងគឃ្លើនដដែល។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់លោក ហែម សុមុនី ដើម្បីកុំឲ្យមន្ត្រីនគរបាលរូបនោះ ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ ប្រភពខ្លះបានឲ្យដឹងថាលោក ហែម សុមុនី ហៅម៉ៅ មិនត្រឹមតែជាអ្នកកាងក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង យ៉ាងក្រអឺតក្រទមប៉ុណ្ណោះទេគឺថែមទាំងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្រអឺតក្រទមបំផុត ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ហែម សុមុនី ហៅម៉ៅ ដែលមានតួនាទីក្នុងការបង្ក្រាបបទល្មើសសេដ្ឋកិច្ច បែរជាធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកសៀមប៉ាង មកស្តុកទុកក្នុងចម្ការដូងប្រេងក្បែរស្ពានស្រែពក ក្រុងស្ទឹងសែន សម្រាប់ដឹកជញ្ជូនបន្តទៅស្រុកយួនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មួយចំនួនបានឲ្យដឹងថា កាលពីរំលងអធ្រាត្រថ្ងៃទី២២ ខែមិថុនា កន្លងទៅថ្មីៗនេះមានក្បួនរថយន្តរបស់លោក ហែម សុមុនី ហៅម៉ៅ ជិត៣០គ្រឿងរួមមានរថយន្តម៉ាកតាកូម៉ា រថយន្តសាំយ៉ុង រថយន្តហាយឡេនឌ័រ និងរថយន្តកាមរី បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង យ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា ប្រមាណ១សប្ដាហ៍កន្លងទៅនេះលោក ហែម សុមុនី ហៅម៉ៅ ធ្វើសកម្មភាពដឹកជញ្ជូនឈើកាន់តែច្រើនឡើងៗហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់លោកម៉ៅ នោះទេ។
ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ក៏ដូចជាស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា មិនហ៊ានប៉ះពាល់លោក ហែម សុមុនី ហៅម៉ៅ បានកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង និងកាងក្រុមឈ្មួញយ៉ាងគឃ្លើននោះឡើយ។ ទន្ទឹមនឹងនេះប្រភពដែលស្និទ្ធនឹងលោក ហែម សុមុនី ហៅម៉ៅ បានបង្ហើបឲ្យដឹងថា ការដែលលោក ម៉ៅ អាចធ្វើអ្វីៗតាមអំពើចិត្តគឺលោកម៉ៅ ចេះបែងចែកផលប្រយោជន៍ទៅឲ្យមន្ត្រីធំៗក្នុងខេត្តស្ទឹងត្រែង ទើបគ្មាននរណាហ៊ានប៉ះពាល់។
ជាការពិតលោក ម៉ៅ មានតួនាទីក្នុងការបង្ក្រាបបទល្មើសសេដ្ឋកិច្ចដូចជា បង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញខុសច្បាប់និងដឹកជញ្ជូនឈើខុសច្បាប់ជាដើម ក៏ប៉ុន្តែឥឡូវនេះលោក ហែម សុមុនី ហៅម៉ៅ បែរជាប្រើតួនាទីនិងអំណាចដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង។ មិនតែប៉ុណ្ណោះលោក ហែម សុមុនី ហៅម៉ៅ គឺជាអ្នកចេញមុខកាងក្រុមឈ្មួញខ្មែរនិងឈ្មួញយួនច្រើននាក់ដែលកំពុងប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង យ៉ាងរលូនគ្មានឧបសគ្គអ្វីទាំងអស់៕