​ខេត្ត​កំពត​រៀបចំ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន ពិភពលោក​៥​មិថុនា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​«​រួម​គ្នា​លុបបំបាត់ ការបំពុល​ដោយ​ប្លា​ស្ទិក​

កំពត ៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​២​កើត ខែ​បឋមាសាឍ​ឆ្នាំច សំរឹទ្ធិស័ ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន ពិភពលោក ៥​មិថុនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​«​រួម​គ្នា​លុបបំបាត់ ការបំពុល​ដោយ​ប្លា​ស្ទិក​»​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលា​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​ក្នុង​សង្កាត់​កំពង់បាយ​ក្រុង​កំពត ក្រោម​កិច្ច​សហការ​រៀបចំ​ឡើង​ដោយ មន្ទីរ​បរិស្ថាន​ខេត្តកំពត និង​អង្គការ​កែច្នៃ​និង​អនាម័យ​សហគមន៍​ហៅថា « ស្កា​រ៉ូ​»​។ ជាមួយ​ឱកាស​នោះ ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង យុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​យ៉ាង​កុះករ​។

​លោក​ស៊ុយ ធា​ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ត បានឲ្យដឹងថា​៖ ឆ្នាំ​២០១៨​នេះ គឺជា​ខួប​លើក​ទី​២៥ សម្រាប់​ប្រទេស​កម្ពុជា​យើង​ក្នុង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក និង​គឺជា​ខួប​លើក​ទី​៤៦​នៃ​ទិវា​បរិស្ថាន​ពិភពលោក ដែល​កម្មវិធី​សហប្រជាជាតិ (UNEP )​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៧២​មក​។​

​ពាក់ព័ន្ធ​ប្រធានបទ​នៅក្នុង​អង្គពិធី​នេះដែរ លោក​ប្រធាន​មន្ទីរ បរិស្ថាន​ក៏​បាន​ឲ្យដឹងទៀតថា​៖​តាម​ទិន្នន័យ​របស់​ក្រសួង​បរិស្ថាន​បាន​បង្ហាញថា ភាគរយ​នៃ​ថង់ប្លាស្ទិក នៅក្នុង​សំរាម​ដែល​ប្រមូលបាន តាមរយៈ​ការ​បោសសម្អាត ផ្លូវ​នៅក្នុង​ទីក្រុង​ធំៗ នៃ​ប្រទេស​កម្ពុជា មាន​ប្រមាណ​១៧.៣%​នៅក្នុង​ទីក្រុង​ភ្នំពេញ ២០.៧%​នៃ​ក្រុង​សៀមរាប​និង​៣៤%​នៅក្នុង​ក្រុងព្រះសីហនុ​។ ហើយ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ថង់​ចំនួន​ប្រមាណ​ជា​១០​លាន​ថង់​ត្រូវ​បាន​បោះចោល​ជា​រៀងរាល់ថ្ងៃ​។​

​លោក ហេង យ៉ង់​កូរ៉ា នាយក​អង្គការ «​ស្កា​រ៉ូ​» ក៏​បាន​អោយដឹង​ដែរ​ថា  ប្លា​ស្ទិក​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​វា​ត្រូវការ​ពេលវេលា​ច្រើន​រយ​ឆ្នាំ​ដើម្បី​ធ្វើការ​បំបែក​ធាតុ មានន័យ​ថា​សំណល់​ប្លា​ស្ទិក​ជា វត្ថុ​ធាតុ​ដែល​មិន​ងាយ​ពុក​ផុត ឬ​ងាយ​រលួយ ហើយ​ជាមួយគ្នានេះ​វា​ក៏​បាន​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សង្គម សុខភាព និង​គុណភាព​បរិស្ថាន​ជា​ច្រើន​ទៀត​ផង​ដែរ​។​

​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក​ប្រធានបទ​នៃ​អង្គពិធី​នេះ​ពិតជា​មាន​សារៈសំខាន់ ដែល​យើងទាំងអស់គ្នា​គប្បី​ចូលរួម​ជួយ​ធ្វើ​អនាម័យ​ឲ្យបាន​ជា​ប្រចាំ​ថ្ងៃ ។​

​លោក ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន អាជីវករ មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស​ទាំងអស់ ឲ្យ​រួម​គ្នា​ប្រែក្លាយ​ផ្នត់គំនិត​ដើម្បី​កាត់បន្ថយ ការប្រើប្រាស់​ថង់ប្លាស្ទិក និង​ងាក​មក​ប្រើប្រាស់​នូវ​សម្ភារៈ ដែល​ជំនួស​ដោយ​ប្លា​ស្ទិក​វិញ សំដៅ​រួមចំណែក​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង ធនធានធម្មជាតិ​និង​បរិស្ថាន​នៅលើ​ភពផែនដី ស្រប​តាម​ទស្សនទាន​គឺ​ការអភិវឌ្ឍន៍​ប្រកបដោយ​សុវត្ថិភាព​នៃ​ភពផែនដី វ​ឌ្ឍ​ភាព​សង្គម និង​ការរស់នៅ​ដោយ​ចីរភាព ។ ពិសេស ជាមួយនឹង​ឱកាស​នោះដែរ លោក ជាវ តា​យ អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ រួម​នឹង​ក្មួយៗ​យុវជន ទាំងអស់ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួចហើយ ត្រូវ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់​គ្នា​នៅ​ថ្ងៃ​២៩​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​មក​ដល់​ឆាប់ៗ​នេះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​និង​ជឿ​ទុកចិត្ត​បាន​ក្នុងការ បន្ត​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​កាន់​រីកចម្រើន​បន្ថែ​ត​ទៀត​សម្រាប់​ប្រទេសជាតិ​យើង​តទៅ​អនាគត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!