អភិបាលខេត្ត​ប៉ៃលិន ចុះ​បិទ​ផ្អាក​គ្រឿងចក្រ​មិន​ឱ្យ​បន្ត​ធ្វើ​សកម្មភាព​ជីក​ដីភ្នំ​បន្តទៀត​

​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញថា មួយរយ​:​ពេល​ចុង​ក្រោយ​ថ្មីៗ នេះ ដី​ឡូតិ៍​នៅក្បែរ​ព្រំដែន អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មានការ​ឡើងថ្លៃ​សឹង​មិន​គួរឱ្យ​ជឿ រហូតដល់​មាន​ឈ្មួញ​មួយចំនួន បាន​រត់ការ​នាំគ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​ដឹកយក​ទៅ​ចាក់​បំពេញ​កន្លែង​ដី​ជ​ង្ហក់​ជ្រៅៗ រួច​នាំ​គ្នា​ពុះ​ឡូ​តិ៍លក់​យ៉ាង​គគ្រឹកគគ្រេង​តែ ។ អ្នកខ្លះ​ទៀត​ឃើញ​គេ​លក់ បាន​ថ្លៃ ក៏​នាំគ្នា​ជួល​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ឱ្យ​ជីក​កកាយ​ភ្នំ​ជា​បន្តបន្ទាប់​ផងដែរ ។

​តែ​ក្រោយ​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ទទួលបាន​ព័ត៌មាន​ថា​មាន​ការជីក​កកាយ​ដីភ្នំ ក៏​ដឹកនាំ​មន្ត្រី​សាលាខេត្ត និង​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា​មន្ទីរ​បរិស្ថាន មន្ទីរ​រ៉ែ និង​ថាមពល មន្ទីរ​សុរិយោដី ចុះ​ទៅ​ត្រួតពិនិត្យ​មើល និង​ផ្អា ក​សកម្មភាព​គ្រឿងចក្រ​ទាំងនោះ​មិន​ឱ្យ​បន្ត​ជីក​កកាយ​ដីភ្នំ​ទៀត​នោះឡើយ ។

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​នៅក្នុង​កម្មវិធី​ប្រារព្ធ ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ថា ការជីក​កកាយ​ភ្នំ​នៅ​តំបន់​អភិរក្ស​ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវតែ​ហាមឃាត់ ហើយ​មន្ត្រី​ជំនាញ ត្រូវ​មើល​ថា​តើ​ដីភ្នំ​ទាំងនោះ​មាន​ច្បាប់ ឬ​អត់​ច្បាប់ បើ​មាន​ច្បាប់ ត្រូវ​សិក្សា​ឡើងវិញ ។ បើ​ភ្នំ​ណា​ខ្ពស់ៗ មិន​ត្រូវ​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​បុគ្គល​នោះ​ទេ ត្រូវតែ​ដក​ហូត​ប្រគល់​ឲ្យ​ខាង​បរិស្ថាន​គ្រប់គ្រង និង​ដាំ​កូនឈើ​សារជាថ្មី​ឡើងវិញ ។
​ឯកឧត្តម​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ត្រូវ​ចុះ​ត្រូតពិនិត្យ​យ៉ាងសកម្ម ដោយ​តម្លាភាព មិន​ត្រូវ​យក​លុយ​គេ​រួច បណ្តោយឲ្យ​គេ​ជីកក​កាយ​ភ្នំ​តាម​ចិត្ត​នោះទេ ត្រូវតែ​រាយការណ៍​រាល់ថ្ងៃ​ជូន​ដល់​ខេត្ត ។ ឯកឧត្តម​បញ្ជាក់ថា ខេត្ត​ប៉ៃលិន​ចំឡែក​តែ​មេឃុំ ធំ​ប្រហែល​រដ្ឋាភិបាល គឺ​គាត់​ហ៊ាន​ស៊ីញ៉េ​លើ​ក្រដាស រួច​លក់​ភ្នំ​ចែក​លុយ​គ្នា​ចាយ ។ ដូច្នេះ​សុំ​ឱ្យ​មន្ទីរ​បរិស្ថាន មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត គិតគូរ​ឡើង​វិញ ហើយ​បើ​ទោះពីជា​អស់​ដើមឈើ​ក៏​អស់​ទៅ​ចុះ យ៉ាងហោច​ណាស់​យើង​ត្រូវ​យក​ភ្នំ​មកវិញ ដើម្បី​ដាំ​ដើម​កន្ថុំ​ថេត​សិន មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ព្រោះ​ភ្នំ​ក្លាយទៅជា​ត្រងិល​រលីង​អស់​ទៅហើយ ។
​ម្យ៉ាងទៀត ឯកឧត្តម​សង្កេត​ឃើ ញ​ថា ឱ្យតែ​ដល់​រដូវ​ខែវស្សា​ម្តងៗ ភ្នំ​ជាច្រើន​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវបាន​គេ​កាប់ឆ្ការ​អស់រលីង​ដូច​គេ​កោ រ​ត្រងោល​អ៊ីចឹង ។ ទោះបីជា​យ៉ាងណា​ក៏ដោយ សុំ​ឱ្យ​មន្ទីរ​ទាំងអស់​ជុំវិញ​ខេត្ត​ពិនិត្យមើល បើសិនជា​មាន​ប្លង់​កម្មសិទ្ធិ​នៅលើ​ដី​ភ្នំ សួរថា​តើ​ខាង​ណា​អ្នក​ចេញ​ឱ្យ ហើយ​បើសិនជា​កាន់កាប់​ភ្នំ​មែន សុំ​ឱ្យ​ក្រ សួង​បរិស្ថាន​លប់ចេញ រួច​យក​ភ្នំ​មក​ដាំ​ដើមឈើ​ឱ្យ​មាន​ពណ៌​បៃតង​ឡើងវិញ ។ បើ​យើង​ដើរ​ស្រែក តែ​ចំពោះ​បញ្ហា​ថង់ប្លាស្ទិក​ប៉ះពាល់​ដល់​បរិស្ថាន តែ​មិន​គិតគូរ​ពី​ព្រៃឈើ​នៅ​លើ​ភ្នំ ដែល​កំពុង​ទទួល​រង​ការកាប់បំផ្លាញ នោះ​នឹង​មាន​បញ្ហា ។​

​លើសពីនេះ មន្ត្រី​បរិស្ថាន​ដែលជា​អ្នក​ការពារ​ព្រៃឈើ​ហាក់ដូចជា​ច្រើន រហូតដល់​២៧​នាក់ ខណ​:​ខេត្ត​ប៉ៃលិន​មាន​ទំហំ​តូចតាច លុះ​ដើរ​ការពារ​យូរៗ ទៅ​ស្រា ប់​តែ​រាយការណ៍​ថា បាត់​ដី​ព្រៃ​អស់​២​ទៅ​៣​ហិកតា លុះ​ក្រោយមក​ទៀត​ថា​បាត់​ដី​ទៀត ហើយ​បើ​អញ្ចឹង​ដដែល កុំ​ដើរ​មើល​ប្រសើរ​ជាង បើ​យើង​មិន​ដើរ​មើល មិន​យក​លុយ​ធ្វើ​បេសកកម្ម តែ​ចាំ​ស្តាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ពេល​ឃើញ​កាប់​ព្រៃ ហើយ​ទុក​លុយ​នោះ ជួល​សមត្ថកិច្ច​យក​កាំភ្លើង​ទៅ​ព័ទ្ធ​ចាប់​គាត់​នោះ​វិសេស​ជាង ។

​សូមបញ្ជាក់​ថា រហូតមកដល់​ពេលនេះ គ្រឿងចក្រ​របស់​ឈ្មួញ​ទាំងអស់ ត្រូវបាន​អភិបាល​ខេ ត្ត​បញ្ឈរជើង មិន​អនុញ្ញាតិ​ឱ្យ​ជីក​កកាយ​ដីភ្នំ​បន្ត​ទៀត​ឡើយ ព្រោះ​ភ្នំ​ជាច្រើន​នៅក្បែរ​ច្រកទ្វារ​អន្តរ ជាតិ​ព្រំ ទទួលរង​ការជីក​កកាយ​យ៉ាងដំណំ ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 6915 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.