សិក្ខាសាលា​បូក​សរុប​លទ្ធផល​និង​លើក​ទិសដៅ​បន្ត​លើ​ការងារ​លើកកម្ពស់​សីល​ធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ​នៅ​ថ្នាក់ក្រោម​ជាតិ​

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​១៤ រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែ​(​គ​.​ជ​.​ស​.​ស​.​ខ​) បាន​ធ្វើ​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​និង​លើក​ទិសដៅ​បន្ត​របស់​ខ្លួន​នៅ​ថ្នាក់ក្រោម​ជាតិ ក្រោម​អធិបតីភាព​លោកស្រី ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​(​គ​.​ជ​.​ស​.​ស​.​ខ​)​។​

​សិក្ខាសាលា​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ដោយ​មាន​សមាជិក​ចូលរួម​មកពី​ខេត្ត​ចំនួន​១២​ក្នុងនោះ​មាន​អភិបាលរង​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ចំនួន​៣​គឺ​មន្ទីរ​កិច្ចការនារី មន្ទីរ​ព័ត៌មាន​និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

លោកស្រី ខេង សំ​វ៉ា​ដា រដ្ឋលេខា​ធិ​ការ​ក្រសួង​កិច្ចការនារី​បាន​មានប្រសាសន៍ថា​៖ ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការឈាន​ទៅ​សម្រេច​សមភាព​យេនឌ័រ​និង​សុខមាលភាព​គ្រួសារ​និង​ការរីកចម្រើន​របស់​សង្គម​កម្ពុជា​។  ក៏ប៉ុន្តែ​ការលុបបំបាត់​នូវ​ភាព​អសកម្ម​ការងារ​ទាំងឡាយ​នេះ​ក្នុង​រយៈពេល​កន្លងមក ពិត​ជា​ការងារ​មួយ​មាន​ភាពលំបាក​ស្មុគ្រស្មាញ ដោយ​មិន​អាច​ធ្វើ​ដោយ​តក់ក្រហល់​ឬ​ដោយ​ក្រសួង​មួយ​ណា​ដោយឡែក​បានឡើយ គឺ​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៉ីវិល ផ្នែក​ឯកជន​ក៏ដូចជា​ប្រជាជន​គ្រប់រូប​ទើប​ឈាន​ទៅ​សម្រេចបាន​ជោគជ័យ​។

​លោកស្រី ខេង សំ​វ៉ា​ដា ក៏​បាន​ចាត់ទុក​អង្ក​សិក្ខាសាលា​នា​ពេល​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់ ក្នុង​គោលបំណង​ឲ្យ​អ្នក​ប្រតិបត្តិ​នៅ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​លើ​ចំណុច​ខ្វះខាត​ដែល​នៅ​សេសសល់​និង​បញ្ហា​ប្រឈម​ថ្មីៗ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​វិធានការ ដែល​បាន​ដាក់​ចេញ​កន្លង​មក​ឲ្យ​ស៉ីសង្វាក់​ទៅ​នឹង​ការ​វិវឌ្ឍនៃ​សង្គមជាតិ​នាពេល​បច្ចុប្បន្ន​និង​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ។​

​ពិសេស​ធ្វើឲ្យ​ស្រប​តាម​ចក្ខុវិស័​យ​យូរអង្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចែង​ថា កសាង​ជា​ជំហានៗ​នូវ​សង្គម​កម្ពុជា​មួយ ដែល​ធ្វ​ឲ្យ​ប្រជាជន​មាន​ចំណេះដឹង​ខ្ពស់​និង​វប្បធម៌​ជ្រៅជ្រះ មាន​ការរស់នៅ​ប្រកប​ដោយ​សុខដុម​រម្យ​នា​ក្នុង​គ្រួសារ ក៏​ដូច​សង្គមជាតិ​និង​មាន​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ មាន​ចីរភាព និង​សីលធម៌​ជាមួយ​ការគោរព​ខ្ជាប់ខ្ជូយ នូវ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ព្រមទាំង​ចេះ​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រួសារ​រវាង​បុរស​និង​ស្ត្រី សំដៅ​សម្រេច​នូវ​គោលដៅ​ដើម្បី​អនាគត​ដ៏​ល្អ​របស់​កូនចៅ​និង​ការរីក​ចម្រើច​របស់​ប្រទេសជាតិ​យើង​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9912 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.