អ្នកប្រើប្រាស់​បណ្តាញ​អគ្គិសនី​នៅ​ខេត្ត​កែប មានប្រតិកម្ម ខណៈ​បរិមាណ​នៃ​បណ្តាញ​មាន​ភាពប្រែប្រួល​ខុស​ពី​ប្រក្រតី​

កែប ៖ អំឡុង​ពេល​ថ្មីៗ​នេះ អតិថិជន​ដែល​ប្រើប្រាស់​បណ្តាញ​អគិ្គ​ស​នី​នៅ​ទូទាំង​ខេត្ត​កែប បាននិងកំពុង​មានប្រតិកម្ម ដោយ​ពួកគាត់​ឆ្ងល់​ថា ហេតុ​អី្វ​បាន​ជា​បណ្តាញ​ភ្លើង​មាន​ភាព​ប្រែប្រួល​ខុស​ពី​ប្រក្រតី បើទោះជា​កម្រិត​នៃ​ការប្រើប្រាស់​តិចតួចស្តួចស្តើង​សោះ ឯ​បរិមាណ​បែរជា​កើនឡើង​ស្ទើ​មិន​អាច​ទទួលយកបាន​បែបនេះ​ទៅ​វិញ​។​

​ជាមួយ​នឹង​ករណី​ដូច​ខាងលើ ក៏​មាន​អតិថិជន​មួយចំនួន​ដែល​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​ខាងលើ បាន​លើកឡើង​ថា កាលពីមុន​ការ​ខកខាន​មិន​បាន​បង់​ប្រាក់តាម​វិកយប័ត្រ​ចំ​នួន​ពីរឬ​បី​ខែ​ក៏​គ្មាន​បុគ្គលិក​អគ្គិសនី​ណា​ម្នាក់​មក​កាត់​ផ្តាច់​ដែរ ប៉ុន្តែ​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ បែរ​ជា​បុគ្គលិក​ផ្នែក​អគ្គិសនី​នៅ​ខេត្ត​កែប ដើរ​កាត់​ផ្តាច់​ចរន្ត​ភ្លើង ដោយ​គ្រាន់តែ​ហួសកំណត់​នៃ​ការបង់ប្រាក់​ត្រឹមតែ​បួន ទៅ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ការផ្តាច់​ចរន្ត​នេះ នាំឲ្យ​មាន​ការប៉ះពាល់​ដល់​មុខរបរឬ​អាជីវក​ម្ម​ផ្សេងៗ ដូច​ជា​តាម​អាហា​រដ្ឋា​ន ផ្ទះសំណាក់ បឹង​ហ្គា​ឡូត៍ ឬ​រី​ស៊តជា​ដើម​។​អតិថិជន​ខាងលើ​បាន​ត្អូញត្អែរ​ទៀតថា កាលពីមុន​មិន​ដែល​មាន​រឿង​បែបនេះ​កើតឡើង​នោះ​ទេ ទោះបី​គាត់​មិនទាន់​បង្វិលប្រាក់​បាន​បង់​លុយ​តាម​វិកយប័ត្រ​ពីរ ឬ​បី​ខែ ក៏​មិន​អី​ដែរ តែ​លើក​នេះ​ខាង​អគ្គិសនី​បាន​ដាក់​កំណត់​យ៉ាង​ច្បាស់​គឺ​ត្រូវ​បង់​ក្នុង​រយៈពេល​មួយ​ខែម្តង​ជា​កំហិត មិន​ដូច្នោះ​ទេ​គឺ​ត្រូវ​កាត់ផ្តាច់​ចរន្ត​មិន​ខាន​។​

​ទាក់ទិន​នឹង​បញ្ហា​ដូច​ខាងលើ លោក ម៉ិច សុធី ប្រធាន​គ្រប់គ្រង​បណ្តាញ​អគ្គិសនី​នៅ​ខេត្ត​កែប បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា តាមពិត​លោក​ទទួលស្គាល់ថា ជួនកាល​ឋាម​ពលអគ្គិសនី​វា​អាច​មាន​បរិមាណ​ឡើង​ចុះ​ទៅ​តាម​សម្ពាធ​ឬ​តាម​បរិយាកាស និង​តាម​លក្ខខណ្ឌ​ប្រើប្រាស់​ផង​ដែរ ដូចជា​តាមរយៈ​ការតភ្ជាប់​បណ្តាញ ដោយ​គ្មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់ ឬ​តាមរយៈ​សម្ភារៈ​អគ្គិសនី រួម​មាន​ការប្រើ​ខ្នាត​-​ទំហំ​ខ្សែភ្លើង​ខុស​ស្តង់ដារ ការតភ្ជាប់​-​តម្លើង​ខ្សែ​ចរន្ត​ឆ្លងកាត់​ដែល​មាន​ចម្ងាយ​ឆ្ងាយ ដោយ​មិន​បាន​ពិនិត្យ​នូវ​មុខតំណ​រដាច់​រលាត់ ដែល​ធ្វើឲ្យ​ចរន្ត​ងាយ​ឆ្លង ធ្វើឲ្យ​កុងទ័​រគី​ឡូ​ឡើងខ្លាំង​ក៏មានដែរ​។​

​លោក​បាន​បន្ថែមថា ចំពោះ​ការ​កំណត់​ឲ្យ​អតិថិជនប​ង់​ប្រាក់​តាម​វិក​យ​ប័ត្រ អំឡុង​មួយ​ខែម្តង​បែបនេះ គឺ​មិនមែន​មាន​តែ​ខេត្ត​កែប​ទេ សូម្បី​តែ​ក្រុមហ៊ុន​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា ។ ម្យ៉ាងទៀត បណ្តាញ​អគ្គិសនី​របស់​យើង​ទិញ​គេ​បន្ត​សម្រាប់​ផ្គត់ផ្គង់​ជូន​អតិថិជន ម្លោះ​ហើយ​បើ​មិន​តម្រូវ​ឲ្យ​បង់​វិក​យ​ប័ត្រ​តាម​កាល​កំណត់​នោះ តើ​មាន​ថវិកា​ឯណា​បង្វិល​សង​ថ្លៃ​បណ្តាញ​នោះ​។​

​ជាមួយគ្នានេះ​លោក យស់ មុន្នី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កែប បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា បណ្តាញ​អគ្គិសនី​នៅ​ខេត្ត​កែប មាន​កម្លាំង​តង់ស្យុង​២២​មេកា​វ៉ាត់ គ្រប់គ្រង​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ឧកញ៉ា វិញ ហ៊ួ​រ ។​

​លោក​ថា ចំពោះ​បញ្ហា​ប្រើប្រាស់​របស់​អតិ​ជន​ជួប​ករណី​បែបណា​លោក​មិនសូវ​ដឹង​ឡើយ ព្រោះ​លោក​បាន​ត្រឹមតែ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ខាង​ក្រុមហ៊ុន​អគ្គិសនី​ចែកចាយ​បណ្តាញ​ប្រើប្រាស់​អគ្គិសនី​ជូន​ដល់​អតិថិជន​ឲ្យបាន​គ្រប់គ្រាន់ មាន​សេវា​ល្អ រហ័ស​ទាន់​ចិត្ត ហើយ​អនុវត្ត​តាម​តម្លៃ​កំណត់ ក្នុង​១​គីឡូវ៉ាត់​ត្រឹម​៧៧០​រៀល ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការត​ម្លើ​ង​ថ្លៃ​លើសពី​នេះ​ឡើយ ។​

​លោក យស់ មុន្នី ក៏​បាន​បញ្ជាក់ទៀតថា ចំពោះ​ការ​កំណត់​ឲ្យ​បង់​ប្រាក់​ក្នុង​វិក​យ​ប័ត្រ​រាល់​ពេល​មួយ​ខែ​ម្តងនោះ​ពិតជា​មិន​ខុស​អី្វ​ទេ ព្រោះថា​អតិថិជន​ដែល​ទិញ​របស់​គេ​ហើយ គឺ​ត្រូវ​តែ​ឲ្យ​លុយ​គេ​ជៀស​មិន​ផុត​ឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 3604 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!