កែប ៖ ប្រជាពលរដ្ឋចំនួន១៣គ្រួសារក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលរងនឹងគ្រោះធម្មជាតិដោយសារខ្យល់កន្ទ្រាក់ របើកជញ្ជាំង បើុងដំបូលផ្ទះ កាលពីល្ងាចម្សិលមិញ ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានពាំនាំនូវអំណោយសង្គ្រោះបន្ទាន់ជូនដល់ពួកគាត់ នៅព្រឹកថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន។
មានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ លោកកែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរពីបញ្ហាលំបាកដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ទូទាំងប្រទេស ដោយគ្មានការរើសអើង។លោក កែន សត្ថា ក៏បានបញ្ជាក់ផងដែរថា អំណោយដែលសាខាកាកបាទក្រហមខេត្តបានពាំនាំសម្រាប់ផ្តល់ជូននាពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ជូនបងប្អូនជួសជុលលំនៅឋានដែលរងនឹងខ្យល់កន្ទ្រាក់កាលពីម្សិលមិញ។
ជាមួយគ្នានេះ លោកកែន សត្ថា ក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងខ្យល់ សូមកុំជ្រកនៅក្រោមដើមឈើ ហើយផ្ទះសំបែងត្រូវបិទទ្វារបង្អួចឲ្យជិត ធ្វើបែបនេះដើម្បីការពារសុវត្ថិភាពខណៈពេលដែលមានគ្រោះធម្មជាតិកើតឡើង។លោកក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋកំុភ្លេចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលមានភាពឈ្លាសវៃ នាំមកនូវសុខសន្តិភាព និងការរីកចម្រើនដូចសព្វថ្ងៃនេះ។
សូមជម្រាបថា៖ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០១៨ ខណៈមានភ្លៀងលាយឡំជាមួយខ្យល់យ៉ាងកក្រើក បានបណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៣គ្រួសារ ស្ថិតក្នុងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរងនឹងខ្យល់កន្ទ្រាក់ ខ្លះរបើកជញ្ជាំង ខ្លះទៀតរបើកដំបូល ប៉ុន្តែពុំបានយាយីដល់ជីវិតមនុស្ស សត្វឡើយ ហើយនៅព្រឹកថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានពាំនាំនូវសម្ភារៈ ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដោយគិតជាថវិកាសរុបប្រមាណជាង២លានរៀល៕