​ខេត្ត​កំពត ប្រារព្ធ​ខួប​លើក​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៧​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៨

​កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧​ខែមិថុនា ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ត​កំពត ក្រោម​កិច្ច​រៀបចំ​ដោយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​។ បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៧​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​លោក តា​ក ហាប់ ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា​ខេត្ត បានឲ្យដឹងថា​៖​ខួប​លើក​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៧​ទិវា​ពិភពលោក​ប្រឆាំង​ពល​កម្ពុជា​កុមារ​១២​មិថុនា​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៨​នេះ​គឺ​ស្ថិត​ក្រោម​ប្រធានបទ​«​រួមគ្នា​ការពារកុ​ុ​មារ​ដើម្បី​អភិវឌ្ឍ​គ្រួសារ​និង​សង្គមជាតិ និង​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ​និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ​និយោជិត​វ័យក្មេង​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​»​។

​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក​អង្គពិធី​ដ៏​សារៈសំខាន់​នេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង បញ្ជាក់ នូវ​ស្មារតី​ឧត្តមគតិ​មនុស្សជាតិ ទូទាំង​ពិភពលោក​ឲ្យ​ចងចាំ​ជានិច្ច នូវ​មហា​សោ​កនា​កម្ម ដែល​ពួក​ហ្វាស​ស៉ី​សហ៊ី​ត្លែ​បាន​ប្រព្រឹត្ត​ចំពោះ​កុមារ​នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី​និង​នៅ​ប្រទេស​បារាំង​នៃ​សង្គ្រាមលោកលើកទី​២ ហើយ​វា​ក៏​ជា​ប្រធានបទ​មួយ​ដែរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​អភិបាលខេត្ត ក៏​បាន​បន្ត​លើកឡើង​ទៀតថា កម្ពុជា​យើង​ក្រោយពី​ទទួលបាន​នៃ​ការចាក​ផុត​ពី​មហា​វិនាសកម្ម​ធ្ងន់ធ្ងរ​នូវ​មេរៀន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរចត់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចាប់តាំងពី​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​មក ប្រជាពលរដ្ឋ​រួម​ទាំង​កុមារ​ទាំង​អស់ បាន​ទទួល​មក​វិញ​នូវ​សិទ្ធិសេរីភាព​យ៉ាង​ពេញ​បរិបូរណ៌​ពិសេ​សសិទ្ធិ​របស់​កុមារ​ត្រូវបាន​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ដោយ​បាន​ចែង​យ៉ាងច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​
​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​សិទ្ធិ​មូលដ្ឋាន​កុមារ​គឺ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ទទួល​ការ ការពារ សិទ្ធិ​ក្នុង​ការអភិវឌ្ឍន៍​និង​សិទ្ធ​ក្នុង​ការចូលរួម​។​

​លោក ជាវ តា​យ ក៏​បាន​បញ្ជាក់ទៀតថា បើ​ចង់​ឲ្យ​គ្រួសារ និង​សង្គម​សប្បាយ រីករាយ លុះត្រាតែ​គ្រួសារ​និង​សង្គម នោះ​មាន​កុមារ​ដែល​បាន​ទទួល​ការ​ថ្នាក់ថ្នម ការថែទាំ​សុខភាព​ការការពារ​និង​ការអប់រំ​បាន​យ៉ាង​ល្អប្រសើរ​។ ដូច្នេះ លោក​អភិបាលខេត្ត​ក៏​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ​អាណាព្យាបាល​ព្រមទាំង​ក្មួយៗ​កុមារា កុមារី​ទាំងអស់ សូម​ចងចាំ​ជានិច្ច​នូវ​ស្មារតី លើកកម្ពស់​សុខមាលភាព​ដ៏​ឧត្ដុង្គឧត្ដម​នៃ​ទិវា​កុមារ​អន្តរជាតិ​នេះ ពោល​គឺ​ពិភពលោក​ទាំងមូល​សម្រាប់​ជីវិត​និង​សុភមង្គល​របស់​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.