បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ​

កំពត ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ដោយសារ​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង កាលពី​ល្ងាច​ថ្ងៃទី​០៧​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​ទល់មុខ​ធនាគារ​អេស៊ីលីដា ក្នុងភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​តាម​ការបំភ្លឺ​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ម្នាក់​ឯង​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស​មួយ​គ្រឿង​បោះពួយ​មក​ពី​ក្រោយ​ស្របគ្នា ហើយ​ជ្រុល​ទៅ​ព្រលះ​អ្នកជិះ​ម៉ូតូ​នៅ​ខាង​មុខ​ពេញ​ទំហឹង បណ្តាលឲ្យ​ដួល​ពីរ បី​ត្រឡប់​របួសធ្ងន់​សន្លប់​ឈឹង​ក្នុង​ថ្លុកឈាម​តែម្តង​។​សាក្សី​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្នុងខណៈ​ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​គាប់​ជួន​ក៏​មាន​រថយន្ត​ខ្នាត​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​មកពី​ខាងលិច​ក្នុង​ទិស​បញ្ច្រាស​ក្នុង​ល្បឿន​បង្គួរ លុះ​ពេល​ឃើញ​ហេតុការណ៍​កើត​ឡើង​បែប​នេះ ក៏​បាន​ជាន់​ហ្វ្រាំង​ចត​ឈប់​នៅ​កន្លែងកើតហេតុ ដោយសារ​ខ្លាច​កិន​មនុស្ស​ដែល​ខ្ទាត​ចូល​មក​ចំណែក​រថយន្ត​របស់​ខ្លួន ហើយ​ករណី​គ្រោះថ្នាក់​ខាងលើ​អ្នកខ្លះ​យល់ច្រឡំ​ថា​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ធំ​នេះ ប៉ុន្តែ​តាម​ពិត​ម្ចាស់​ម៉ូតូ​រង​របួស​ដោយសារ​រថយន្ត​លុច​ស៊ី​សបុ​ករួច​គេច​បាត់​ស្រមោល​ភ្លាមៗ​ទៅ​ទិស​ខាងលិច ហើយ​ក៏​គ្មាន​អ្នកណា​ចំណាំ​ស្លាក​លេខ​រថយន្ត​ឡើយ​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ដែល​មក​ពិនិត្យ​នៅ​កន្លែងកើតហេតុ​និយាយថា នេះ​ជា​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយសារ​រថយន្ត​លុច​ស៊ី​ស បុក​ម៉ូតូ​ពីក្រោយ​ហើយ​ខ្ទាត​មនុស្ស​ចូល​ទៅ​ខាង​រថយន្ត​ខ្នាត​ធំ​ដែល​បើកបរ​បញ្ច្រាស​គ្នា​។​

​សមត្ថកិច្ច​បញ្ជាក់​ទៀយ​ថា ជនរងគ្រោះ​មានឈ្មោះ ដុស នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង ម៉ាក​C125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1A-4738 ។ ដោយឡែក​រថយន្ត​ម៉ាក​លុច​ស៊ី​ស​បង្កហេតុ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

បច្ចុប្បន្ន​បុរសរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាមៗ​។​ចំណែក​រថយន្ត​ខ្នាត​ធំ​ដែល​ជាប់​ពាក់ព័ន្ធ សមត្ថកិច្ច  កំពុង​ធ្វើ​ការត្រួតពិនិត្យ​តាម​ជំនាញ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!