​ផ្លូវ​លេខ​១៣៣៣​មាន​ប្រវែង​២.១០០​ម៉ែត្រ​ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល ដោយ​ចាក់​ក្រាល​កៅស៊ូ​DBST បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​លេខ​១៣៣៣

​កែប ៖ ផ្លូវ​លេខ​១៣៣៣​ត​ភ្ជាប់​ពី​ផ្លូវបំបែក​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឆ្ពោះទៅ​កាន់​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច មាន​ប្រវែង ២.១០០​ម៉ែត្រ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​ជួសជុល ក្រាល​កៅស៊ូ DBST នៅ​រសៀល​ថ្ងៃ​ទី​០៦​ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​សហការី​ជាច្រើនរូប​។​

​ពិធី​នេះ​ក៏​មាន​ការ​ចូល​ពី​សំណាក់​អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាល ក្រុង​-​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​យ៉ាងច្រើន​កុះករ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឱ្យដឹងថា ផ្លូវ​១​ខ្សែ​ដែល​កំពុង​បើក​ការដ្ឋាន​ស្ថាបនា​ក្រាល​កៅស៊ូ​DBST​នា​រសៀល​នេះ គឺ​មាន​ប្រវែង​២.១០០​ម៉ែត្រ និង​មាន​ទទឹង​ផ្លូវ​ប្រវែង​៧​ម៉ែត្រ ហើយ​ផ្លូវ​នេះ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ជា​ប្រតិ​ប​ត្ត​ក​រ ប្រើ​កញ្ចប់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា ផ្លូវ​នេះ​ក្រៅពី​ក្រាល​កៅស៊ូ​DBST ក៏​មាន​ក្រាល​ក្រួស​ក្រហម​តាម​ចិញ្ចើម​សងខាង​ផ្លូវ ដោយ​ជីក​ប្រឡាយ​សងខាង​ផ្លូវ​ប្រវែង​សរុប​៣.២០០​ម៉ែត្រ ស្ថាបនា​លូ​អ៊ុយ​ប្រវែង​៤៨០​ម៉ែត្រ បំពាក់​ស្លាក​សញ្ញា ៦​ស្លាក និង​ដាំ​បង្គោល​នាំ​ផ្លូវ​៨៤​ដើម​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ការស្ថាបនា​ផ្លូវ​ថ្នល់ ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​គិតគូរ​យកចិត្តទុកដាក់​បំផុត ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ការស្ថាបនា​ផ្លូវ​ដោយ​ក្រាល​កៅស៊ូ​DBST នឹង​ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​លទ្ធភាព​ក្នុងការ​ប្រកបការងារ​ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ដូចជា​ការធ្វើ​ចរាចរ​បាន​លឿន​រហ័ស ពិសេស​ជួយ​សម្រួល​ដល់​ក្មួយៗ ចៅៗ​ជា​សិស្សានុសិស្ស​ទៅ​រៀន​ក្នុង​សាលា​បាន​ទៀងទាត់​ដោយ​គ្មាន​ឧបសគ្គ​ដូច​មុន​ទៀត​នោះ​ទេ​។ លោក​អភិបាលខេត្ត​បាន​បន្តទៀតថា បើ​យើង​មាន​ផ្លូវ​ត្រូវតែ​មាន​សង្ឃឹម ថែមទាំង​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​កាន់តែ​ធូរធា និង​រីកចម្រើន​ជា​លំដាប់ ព្រោះ​បើ​មាន​ផ្លូវ​ស្អាត​ហើយ​ក្រាល​កៅស៊ូ​បែបនះ តំបន់​របស់​យើង​នឹង​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ពិតប្រាកដ គឺ​ដី​ពិតជា​មាន​តម្លៃ​ខ្ពស់ជាង​មុន​មិន​ខាន​។​

​ជាមួយនេះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ត្រូវ​ជួយ​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យបាន​គង់វង្ស យូរអង្វែង​សម្រាប់​បន្តទៅ​កូនចៅ​គ្រប់​ជំនាន់ ពិសេស​ជាង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កំ​ុ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើ​រើស​អ្នកដឹកនាំ​ប្រទេស​ប្រកបដោយ​ការរីកចម្រើន មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!