​លោក ឆាយ ថន​៖​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា តាមរយៈ​ការស្រាវជ្រាវ​និង​អភិវឌ្ឍ គឺជា​កិច្ចការ​មាន​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ក្នុង​ពេល​បច្ចុប្បន្ន​

​កំពត ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ ក្រុមប្រឹក្សា​ជាតិ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បាន​មានប្រសាសន៍ថា​៖​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​តាមរយៈ​ការ​ស្រាវ​
​ជ្រាវ​និង​អភិវឌ្ឍ​គឺជា​កិច្ច​ការ​មាន​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក ឆាយ ថន​បាន​មានប្រសាសន៍​លើកឡើង​ឲ្យដឹង​បែប​នេះ​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ឆ្នាំ​២០១៤-២០២០​និង ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​និង​ទិសដៅ​ការងារ​ជំរុញ​និង​សម្របសម្រួល​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា កាលពី​ព្រឹក​ថ្ងៃទី​០៥​ខែ​មិថុនា​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​ក្រោម​ការរៀបចំ​ឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ក្រសួង​ផែនការ​ដែល​មាន​សមាជិក​ជា​មន្ត្រី​មកពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ប្រមាណ​១០០​នាក់​ចូលរួម ក្នុង​គោលបំណង​ផ្ដល់​ជា​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​និង​ចំណេះធ្វើ​ពាក់ព័ន្ធ​ខ្លឹមសារ​នៃ​ផែនការ​មេ​ជាតិ​សំដៅ​គាំទ្រ​ដល់​សកម្មភាព​អភិវឌ្ឍ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

​លោក ឆាយ ថន​បាន​បន្តទៀតថា​៖ សមត្ថភាព​និង​ធន​ ​ធាន​មនុស្ស​តាមរយៈ​ការស្រាវជ្រាវ​និង​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា  គឺជា​ការចាំបាច់​ដែល​ត្រូវបាន​ចាត់ទុក​ជា​គ្រឹះ​នៃ​ការអភិវឌ្ឍ​ក្នុង​គ្រប់​វិស័យ​និង​ជា​ឆ្អឹងខ្នង​ នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ប្រកបដោយ​មោទនភាព​ជាតិ នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​។ ហើយ​ការវិនិយោគ​នៅក្នុង​ផ្នែក​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​នេះ​ដែរ​ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការផ្ដល់​មក​វិញ​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ តាមរយៈ​ការលើកកម្ពស់​ផលិតភាព​ការងារ ព្រមទាំង​ការជួយ​បង្កើត​ផលិតផល វិធីសាស្ត្រ និង​សេវាកម្ម​ថ្មីៗ ដែល​កាន់តែ​ល្អ​ជាង​មុន កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ជាង​មុន នាំ​ដល់​ការបង្កើតឡើង​នូវ​តម្រូវការ​កាន់តែ​ខ្ពស់ ការងារ​ដែល​មានគុណ​ភាព​កាន់តែ​ច្រើន ហើយ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុខមាលភាព​ជាតិ​និង​ប្រជាជន​។​

​ដូចនេះ​ដើម្បី​ធានា​បាន​សមត្ថភាព លើ​ការងារ​ស្រាវ​​ជ្រាវ​និង​អភិវឌ្ឍ​នេះ យើង​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​ស្ថានភាព​នៃ​កិច្ចការ​នេះ​នា​ពេលបច្ចុប្បន្ន ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការតម្រង់ទិស​និង​ការរៀបចំ​ផែនការ​វិនិយោគ​លើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍ ក៏​ដូចជា​ផែនការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នាពេល​អនាគត​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន​ក៏​បាន​ចាត់ទុក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដែល​មាន​រយៈពេល​០៤​ថ្ងៃ​នាពេលនេះ​ពិតជា​មាន​អត្ថន័យ​ជា​សារវន្ត​ក្នុង​គោលដៅ​ផ្ដល់​ចំណេះដឹង​និង​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការកំណត់​អាទិភាព ការយកចិត្តទុកដាក់ ឆន្ទៈ និង​តួនាទី​ឈាន​មុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដឹកនាំ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ស្រប​តាម​ស្មារតី​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​២០១៤-២០១៨ និង​ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឆ្នាំ​២០១៤-២០២០ ក្នុង​ទស្សនៈ​រួម​ថា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​កម្លាំងចលករ​ប្រកបដោយ​ថាមពល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ លើកកម្ពស់​វិស័យ​ជា​អាទិភាព​នានា​សំដៅ​បង្កើន​ប្រាក់ចំណូល សុខមាលភាព​ពលរដ្ឋ​កាត់បន្ថយ ភាពក្រីក្រ​និង​កិច្ច​ការពារ​បរិស្ថាន​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!