សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ការ​កីឡា​ជាតិ​លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​១១​ថ្ងៃ​កន្លង​ទៅ​។​

​ពិធី​បិទ​នេះ ធ្វើឡើង​តាម​ស្ដង់ដារ​ពិធី​បិទ​កីឡា​ស៊ី​ហ្គេម ជាមួយ​ការរៀបចំ​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​ជាច្រើន មិន​ចាញ់​ពិធី​បើក​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា កន្លង​ទៅ​ថ្មីៗ​នេះឡើយ​។​

​ខាងក្រោម​នេះ ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

* ជា​កិច្ច​ចាប់ផ្តើម​នៃ​សុន្ទរកថា សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពិធី​បិទ​កីឡា​នៅថ្ងៃនេះ ពិតជា​សប្បាយរីករាយ​ក្រោម​សុខ​សន្តិភាព​នៅ​ទូទាំង​ប្រទេស​។​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការ​ជ្រើស​យក​ប្រធានបទ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ «​កីឡា​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​» គឺជា​ប្រធានបទ​មួយ​ដ៏​ត្រឹមត្រូវ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ ព្រះមហាក្សត្រ ដែល​បាន​ប្រទាន​ភ្លើង​គុប​។ សម្តេច​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​នឹង​បន្ត​ធ្វើ​នៅ​ឆ្នាំ​២០២០ និង​២០២២​។​

* ឈរ​លើ​ទ្រឹស្តី «​ហូប​ផ្លែ​ឈើ​នឹក​ដល់​អ្នក​ដាំ ហូប​ទឹក​នឹក​ដល់​ប្រភព​» សម្តេច​តេជោ ហ៊ុន សែន បាន​គោរព​ដឹង​ព្រះ​គុណ និង​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ រួម​នឹង​ហេដ្ឋរចនាសម្ព័ន្ធ​នានា បម្រើ​ដល់​ការប្រកួត​កីឡា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​គ្រូបង្វឹក ថ្នាក់ដឹកនាំ​កីឡា កីឡាករ កីឡា​ការិនី ម្ចាស់​ឧបត្ថម្ភ រួម​ទាំង​អាជ្ញាធរ​ខេត្ត​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ប្រព្រឹត្តិទៅបាន​ដោយ​ជោគជ័យ​។​

* សម្តេច​តេជោ ហ៊ុន សែន សង្ឃឹមថា ខេត្ត​ប៉ៃលិន នឹង​អាច​ដណ្តើមបាន​មេដាយ​នឹង​គេ សម្រាប់​ការប្រកួត​លើក​ក្រោយ ខណៈ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ មិន​ទទួលបាន​មេដាយ​នោះឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​រីករាយ​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ជាមួយ​ការរៀបចំ​ដ៏​ធំ ហើយ​សម្តេច​រំពឹងថា ព្រឹត្តិការណ៍​លើក​ទី​៣ នឹង​ធំ​ជាង​នេះ​។​

* សម្តេច​តេជោ ហ៊ុន សែន បានស្នើ និង​ជំរុញ​ឲ្យមាន​ការគិត​គូរ​លើកកម្ពស់​កីឡា​ជាតិ ឲ្យក្លាយ​ទៅ​ជា​ចលនា​ជាតិ​មួយ ហើយ​សង្ឃឹមថា វិស័យ​កីឡា​នេះ​នឹង​ជំរុញ​តាំងពី​ថ្នាក់​បឋម និង​នៅតាម​បណ្តា​ឃុំ​ផងដែរ​។​

* សម្តេច​តេជោ បាន​លើកឡើង​ថា ទ្រឹស្តី​យោធា​បើ​មិន​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់ អ្នកនឹង​បង្ហូរឈាម​នៅលើ​ទីលានប្រយុទ្ធ សម្រាប់​កីឡា​វិញ បើ​អ្នក​មិន​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់ នាក់​នឹង​បរាជ័យ​លើ​ទីលាន​ប្រកួត​។​

* សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ទៅ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត រៀបចំ​ឲ្យមាន​កន្លែង​ហាត់ប្រាណ​ឲ្យបាន​កាន់តែ​ច្រើន ដើម្បី​ផ្តល់​កន្លែង​ឲ្យ​ប្រជាពលរដ្ឋ​ហាត់ប្រាណ ជួយ​ធ្វើឲ្យ​សុខភាព​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​គ្មាន​សុខសន្តិភាព នឹង​គ្មាន​ការរីកចម្រើន​លើ​វិស័យ​កីឡា​នោះឡើយ​។​

* សម្តេច បាន​ឲ្យ​ប្រជាពលរដ្ឋ​ក្រឡេក​មើល​ទៅ​អតីតកាល ដ៏​ជូរចត់​របស់​កម្ពុជា ដែល​ពហុ​កីឡដ្ឋាន ដែល​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ប្រឹងប្រែង​កសាង​ឡើង​ដើម្បី​សកម្មភាព​កីឡា តែ​បែរជា​ក្លាយទៅជា​កន្លែង​ចុះចត​យន្តហោះ​ទៅ​វិញ​នៅក្នុង​ពេល​មាន​សង្គ្រាម​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ឲ្យ​ក្រឡេក​ទៅ​មើល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​នៅ​មជ្ឈិម​បូព៌ា ដែល​កំពុង​មាន​សង្គ្រាម គឺ​មិន​អាច​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បានឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ជនរួមជាតិ​ទាំងអស់ រួម​ដំណើរ​ជាមួយ​សម្តេច ដើម្បី​រក្សា​នូវ​សុខសន្តិភាព និង​នាំមក​នូវ​វឌ្ឍនភាព​ទៅមុខ​បន្តទៀត​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ចប់​សុន្ទរកថា នៅវេលា​ម៉ោង ៧៖៣៧​នាទី​៕
​កាសែត កម្ពុជា​អភិវឌ្ឍន៍​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 8280 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!