​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១.៥៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ព្រឹក​នេះ​

កែប ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ត​ភ្ជាប់​ពី​ភូមិសាស្ត្រ​ឃុំ​អង្កោល​ឆ្ពោះទៅកាន់​ផ្លូវ​លេខ​១៣៣២ នៃ​ស្រុក​ដំណាក់​ចង្អើរ​មាន​ប្រវែង​១.៥៥០​ម៉ែត្រ​ដែល​ជា​គម្រោង​របស់​មន្ទីរ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​សហការី​ជាច្រើនរូប រួម​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរជំនាញ​នានា កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព​។​

​ពិធី​នេះ​ក៏​មាន​ការ​ចូល​ពី​សំណាក់ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោក ហង្ស សាវ៉ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កែប បានឱ្យដឹងថា ផ្លូវលំ​១​ខ្សែ​ដែល​កំពុង​បើក​ការដ្ឋាន​ស្ថាបនា​ក្រាល​ក្រួស​ក្រហម​នា​ព្រឹក​នេះ គឺ​មាន​ប្រវែង​១.៥៥០​ម៉ែត្រ និង​មាន​ទទឹង​ផ្លូវ​ប្រវែង​៤​ម៉ែត្រ ដែល​ជា​គម្រោង​របស់​ម​ន្ទីរ​អភិវឌ្ឍន៍ជនបទ ប្រើ​កញ្ចប់​ថវិកា​របស់​រាជ​រដ្ឋាភិបាល ។ ដោយឡែក ចំពោះ​ប្រឡាយ​ជាប់​ប្រប​គ្នា​ជាមួយ​តួ​ផ្លូវ​ដែល​មាន​ប្រវែង​ដូចគ្នា​(១.៥៥០​ម៉ែត្រ​) ក៏​ត្រូវ​បាន​ស្តារ​និង​ជួសជុល​ឡើងវិញ​ដោយ​ការផ្តួចផ្តើម ថវិកា របស់​ឯកឧត្តម កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​មានប្រសាសន៍​សំណេះសំណាល លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ការស្ថាបនា​ផ្លូវ​ថ្នល់ ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​គិតគូរ​យកចិត្តទុកដាក់​បំផុត ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ ។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ការស្ថាបនា​ផ្លូវ​នៅ​ចំណុច​ភូមិ​អំពែង ឃុំ​អង្កោល​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​លទ្ធភាព​ក្នុងការ​ប្រកបការងារ​ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ ដូចជា​ការធ្វើ​ចរាចរ​បាន​លឿន​រហ័ស ពិសេស​ក្មួយៗ ចៅៗ​ជា​សិស្សានុសិស្ស​ទៅ​រៀន​ក្នុង​សាលា​បាន​ទៀងទាត់​ដោយ​គ្មាន​ឧបសគ្គ​ទៀត​ផង​។

​លោក​អភិបាលខេត្ត​បន្តទៀតថា បើ​យើង​មាន​ផ្លូវ​ត្រូវតែ​មាន​សង្ឃឹម ថែមទាំង​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​កាន់តែ​ធូរធា និង​រីកចម្រើន​ជា​លំដាប់ ព្រោះ​បើ​មាន​ផ្លូវ​ស្អាត​តំបន់​នេះ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ពិតប្រាកដ គឺ​ដី​ពិតជា​មាន​តម្លៃ​ខ្ពស់​មិន​ខាន​។​

​ជាមួយនេះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ត្រូវ​ជួយ​ថែរក្សា​ផ្លូវលំ​មួយ​ខ្សែ​នេះ​ឱ្យបាន​គង់វង្ស យូរអង្វែង​សម្រាប់​បន្តទៅ​កូនចៅ​គ្រប់​ជំនាន់ ពិសេស​ជាង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើ​រើស​អ្នកដឹកនាំ​ប្រទេស​ប្រកបដោយ​ការរីកចម្រើន មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!