សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា ការរៀបចំ​អាសនៈ​ក្រម​ត្រូវធ្វើ​ទៅតាម​ឋានានុក្រម​នៃ​ឋានៈ និង​តួនាទី មិនមែន​តាម​គោរមងារ​នោះទេ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា ការរៀបចំ​អាសនៈ​ក្រម​ត្រូវធ្វើ​ទៅតាម​ឋានានុក្រម​នៃ​ឋានៈ និង​តួនាទី មិនមែន​តាម​គោរមងារ​នោះទេ

ភ្នំពេញ ៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរៀបចំ​អាសនៈ​ក្រម​ទាំង​មន្ដ្រី​សង្ឃ និង​មន្ដ្រី​រាជរដ្ឋាភិបាល គឺ​ត្រូវ​គោរព​តាម​ឋានៈ និង​តួនាទី មិនមែន​រៀបចំឡើង​គោរមងារ​នោះទេ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​កិត្តិយស ៣​ព្រះអង្គ នៃ​គណៈ​មហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ របស់​សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី សម្ដេច​មើលឃើញថា ការរៀបចំ​អាសនៈ​ក្រម​នេះ នៅ​មាន​ការខុសឆ្គង​នៅឡើយ ពិសេស​ខាង​ផ្នែក​ពុទ្ធចក្រ​តែម្ដង​។​
​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ព្រះ​មេគុណ​ឲ្យ​និយាយ​ឲ្យ​ចំ គឺជា​ចៅហ្វាយខេត្ត​សង្ឃ ក៏ប៉ុន្ដែ​យើង​យក​ចៅហ្វាយខេត្ត​សង្ឃ យកទៅ​ដាក់​ខាងក្រោម​ប្រធាន​ស្រុក​សង្ឃ ឬ​ក៏​មេឃុំ​សង្ឃ​ទៅវិញ ដោយសារ​យើង​យក​ងារ​សម្ដេច​ទៅ​ដាក់​ពីមុខ ដែល​មាន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​តែម្ដង ដែល​ជា​ចំណុច​ឆ្គង […] ដូច្នេះ​ឥលូវ​នេះ​ការរៀបចំ​ទាំងអស់ ត្រូវ​រៀបចំ​ទៅតាម​ឋានានុក្រម នៃ​ឋានៈ មិនមែន​រៀបចំ​ការ​គោរមងារ​ទេ​»​។​

​បើ​តាម​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ការលើកឡើង​បែប​នេះ មិនមែន​ឲ្យ​គោរព​ទៅ​ការផ្ដល់​គោរមងារ​នោះទេ ក៏ប៉ុន្ដែ​ប្រសិន​បើ​តាម​បណ្ដា​ខេត្ត​ខ្លះ ចង់​និមន្ដ​សម្ដេច​សង្ឃ​ទៅជា​កិត្តិយស គឺ​អាច​រៀបចំ​អាសនៈ​ចំនួន​ពីរ​ទន្ទឹម​គ្នា​តែ​ម្ដង​ទៅ​ជាមួយ​ព្រះ​មេគុណ​ខេត្ត មិន​មាន​បញ្ហា​អ្វី​ខុសឆ្គង​ឡើយ​។​

​យ៉ាងណាមិញ សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង អំពី​អាសនៈ​ក្រម នៅក្នុង​វិស័យ​អាណាចក្រ​ផងដែរ គឺ​ត្រូវ​រៀបចំ​ទៅតាម​ឋានានុក្រម ឬ​តួនាទី​មិនមែន​គោរមងារ​ដូចគ្នា​ដែរ ព្រោះ​បើ​មិន​ដូច្នោះ​ទេ វា​នឹង​បង្កើត​ឲ្យមាន​បញ្ហា​លំបាក​ជា​ក់​ជាមិនខាន​។​

​សម្ដេច​លើក​ជា​ឧទាហរណ៍​ថា បច្ចុប្បន្ន​សម្ដេច​មាន​ងារ​ជា «​សម្ដេច​អគ្គមហាសេនាបតី​តេជោ​» និង​ឋានៈ​ជា​នាយករដ្ឋមន្ដ្រី ប៉ុន្ដែ​នៅពេល​សម្ដេច​បញ្ចប់​តួនាទី ជា​នាយករដ្ឋមន្ដ្រី ទោះបី​ភ្ញៀវ​បរទេស​មក​កម្ពុជា​ដែល​តំណាងឲ្យ​រដ្ឋ​នៃ​ប្រទេស​នោះ មាន​ងារ​ត្រឹមតែ​ជា​ឯកឧត្តម​ក៏ដោយ ច្បាស់​ណាស់​គេ​នឹង​អង្គុយ​ខាងមុខ ហើយ​សម្ដេច​អង្គុយ​ខាងក្រោយ​។​

​ពាក់ព័ន្ធ​បញ្ហា​អាសនៈ​ក្រម នៅក្នុង​វិស័យ​ពុទ្ធចក្រ​ខាងលើនេះ សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា ត្រូវ​ពិនិត្យ​អំពី​បញ្ហា​នេះ​ឡើង​វិញ ដោយ​យកចិត្តទុកដាក់ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ខុសឆ្គង​កើតឡើង ព្រោះ​កន្លង​ទៅ​សម្ដេច​ក៏​បាន​ណែនាំ​ម្ដង​រួចមកហើយ ជុំវិញ​ការរៀបចំ​កម្ពស់​អាសនៈ​ក្នុង​ពិធី​ផ្សេងៗ​។​

​បន្ថែម​ពី​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ មិន​ត្រូវ​យល់​ច្រឡំ​ទៀត​នោះ នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ ត្រូវ​រៀបចំ​កន្លែង​គង់​របស់​ព្រះសង្ឃ​ទៅ​តាម​តួនាទី និង​ឋានៈ​របស់​ព្រះសង្ឃ មិនមែន​រៀបចំ​តាម​ព្រះ​គោរព​ងារ​នោះទេ ហើយ​តាមរយៈ​ការរៀបចំ​អាសនៈ សម្រាប់​ព្រះសង្ឃ​គង់ ក្នុង​ពិធី​ផ្សេងៗ​ឲ្យ​ខ្ពស់​ជាង​ពុទ្ធបរិស័ទ ក៏​ដូចជា​ការរៀបចំ​ឲ្យមាន​ទង់​សាសនា នៅ​កន្លែង​រៀបចំ​បាវចនា​ជាតិ គឺជា​ការរួមចំណែក​លើ​ក​តម្កើង វិស័យ​ព្រះពុទ្ធសាសនា​៕
​លោក រុន សារ៉េត​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!