ប្រជាពលរដ្ឋ​១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង មាន​ក្តីរីករាយ​ខណៈ​អាជ្ញាធរ​ខេត្តកំព​ត បញ្ជូន​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដោះស្រាយ​និង​វាស់វែង​ដីធ្លី​ជូន​ពួកគាត់​

កំពត ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ព​​កំពត មាន​ក្តីរីករាយ ខណៈ​អាជ្ញាធរ​ខេត្ត​កំពត បញ្ជូន​ក្រុម​ការងារ​ទៅពិនិត្យ ដោះស្រាយ និង​វាស់វែង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​។​

​ជាមួយ​នឹង​បេសកកម្ម​ចុះ​ពិនិត្យ ដោះស្រាយ​ដី​ខាងលើនេះ លោក ង៉ែត សាវឿន ជំនួស​ឱ្យ​ក្រុមការងារ​វាស់វែង​ដីធ្លី បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា ការចុះអនុវត្ត​នេះ ក្រុម​ការងារ​ក៏​ដូចជា​ជំនាញ​បាន​ចុះ​បេសកកម្ម​តាម​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត តាមរយៈ​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ ដែល​បាន​ស្នើសុំ​រដ្ឋបាល​ខេត្ត​កំពត​ឱ្យជួយ​អន្តរាគមន៍​កន្លងមក​។​

​លោក ង៉ែត សាវឿន បាន​ប្រាប់ទៀតថា សកម្មភាព​នេះ​ក្រុម​ការងារ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្រទាប់ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​មក​ពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ ដើម្បី​អនុវត្ត​តាម​ការស្នើសុំរ​បស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ផ្នែក​តូច​បាន​ចុះផ្សាយ​ពី​ករណី​ទំនាស់​ដីធ្លី​រាំ​ុ​រ៉ៃនៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ដោយ​ការចុះផ្សាយ​ដោយ​បំផ្លើស​គ្មាន​ការ​ពិត​ឡើយ​។

​ផ្ទុយទៅវិញ អាជ្ញាធរ​និង​ក្រុមការងារ បាន​ខិតខំ​អនុវត្ត​គោលការណ៍​គ្មាន​ពេលទំនេរ​ឡើយ ហើយ​អំឡុង​ពេល​នេះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១៨៩​គ្រួសារ ក្រុម​ការងារ​បាន​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ចំនួន​៨៣​គ្រួសារ​រួច​ហើយ​។​ចំណែក​នៅ​សេសសល់​ក្រុមការងារ​នឹង​បន្ត​នីតិវិធី​ដើម្បី ពិនិត្យ​-​ដោះស្រាយ​ជូន​ពួកគាត់​ជា​បន្តបន្ទាប់​ទៀត​។

​ជាមួយនេះដែរ លោក​ក៏​បាន​លើ​ល​ឡើង​ពី​ករណី​ប្រឈម​មួយចំនួន ដូចជា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ​ខាងលើ​មានឈ្មោះ​ស្ទួន​រហូតដល់​៤១​គ្រួសារ ទើប​ក្រុមការងារ​ពិបាក​រក​ដំណោះស្រាយ​ជូន​។​បានន័យថា​ឧបសគ្គ​កើតឡើង​គឺ​ផ្តើមឡើង​ដោយសារ​ភាគី​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ មិនមែន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ឡើយ និយាយឱ្យចំ គឺ​ការ​វិវាទ​រវាង​ប្រជាពលរដ្ឋ​ក្នុង​ចំណោម​១៨៩​គ្រួសារ ជាមួយ​ប្រជាពលរដ្ឋ​១០៣​គ្រួសារ ដែល​បាន​ប្រកាស​ទិន្នន័យ​ក្បាលដី​រួចហើយ​ ។

​លោក ​ង៉ែត សាវឿន បាន​បញ្ជាក់បន្ថែម​ថា ទោះជា​មាន​ករណី​ប្រឈម​ខ្លះៗ​ដោយសារ​មនុស្ស​ខិលខូច​មួយ​ក្តាប់​តូច​បង្ក​ភាព​ញុះញង់​យ៉ាងណាក៏ដោយ ក៏​ក្រុមការងារ​របស់​លោក មិន​រាថយ​ដោយ​នៅ​តែ​បន្ត​នីតិវិធី​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​ឱ្យបាន​ជោគជ័យ​នា​ពេលខាងមុខ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ការចុះពិនិត្យ ដោះស្រាយ និង​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ក្រុម​ការងារ​បាន​អនុវត្ត​ទៅ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​១៨៩​គ្រួសារ ចាប់ពី​ខែ​មីនា ដល់​ថ្ងៃ​ទី​១៨​ខែ​ឧសភា ឆ្នាំ​២០១៨ បាន​សរុប​៨៣​គ្រួសារ ទំនាស់​០៥​គ្រួសារ​ ។ ​ហើយ​ក្នុងចំណោម​១៨៩​គ្រួសារ​ក៏​មាន​ឈ្មោះ​ស្ទួន​រហូតដល់​ទៅ​៤១​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ ស្មើនឹង​១៤​ក្បាលដី​កំពុង​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ដូច​គ្នា​ដែល​មាន​ចំនួន​១០៣​គ្រួសារ ដែល​មាន​ផ្ទៃដី​៥២៣​ហិកតា ក្នុង​សេចក្តីជូនដំណឹង​លេខ ១៤០២ ស​ជណ ចុះ​ថ្ងៃ​ទី​០៨​ខែ​ធ្នូ ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ក្រុម​ការងារ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ធ្វើការ​បិទ​ផ្សាយ​រួចហើយៗ​ក្រុម​ការងារ​បាន​វាស់វែង​កាលពី​ឆ្នាំ​២០១៦​កន្លងមក​៕
សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!