​ឈ្មួញ​ឈើ​ឈ្មោះ ម៉ៅ ហៅ ក្របី ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​តាម​ច្រកទ្វារ​ព្រំដែន​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី​

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ម៉ៅ ហៅ ក្របី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​តាម​ច្រក​ដាក់​ដាំ​យ៉ាង​ពេញបន្ទុក​ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ម្តងណា​ឡើយ​។​

​សេចក្តីរាយការណ៍​ដដែល បានដាក់​ការសង្ស័យថា លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​ដាក់​ដាំ ទំនង​ជា​បាន​ត្រូវរ៉ូវ និង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដឹកឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​។ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយក៏​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​កែច្នៃ និង​ម៉ូតូ​ផងដែរ​។ ប្រភព​ខ្លះទៀត​បាន​បង្ហើប​ឲ្យដឹងថា តាមរយៈ​ឮ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ គឺ​លោក យូ សុធា និង​បក្ខពួក​អាច​រាប់​ក្បាល​រថយន្ត​យក​លុយ​ចែក​គ្នា​យ៉ាង​សុខ​ស្រួល​បំផុត​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​ដាក់​ដាំ ក៏​បានឲ្យ​ដឹង​ដែរថា ជា​រៀងរាល់​យប់​មាន​រថយន្ត​ទំនើបៗ​ដូចជា ឡង់​គ្រីស័រ​ជាដើម និង​រថយន្ត​កែច្នៃ​ដែល​មាន​ការអះអាង​ថា​ជា​របស់​លោក​ក្របី ផងដែរ​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ផល​-​អនុផល​ព្រៃឈើ ឆ្លងកាត់​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​យ៉ាង​រលូន​។ ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ឃុំ​កោះ​ញែក ពូ​ជ្រៃ ប៊ូ​ស្រា សែន​មនោ​រម្យ ស្រុក​អូររាំង ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ចំនួន​២ គឺ​ច្រក​កង់​ឡ​ង់ និង​ច្រកទ្វារ​ទ្វេភាគី​ដាក់​ដាំ ស្ថិតក្នុង​ភូមិសាស្ដ្រ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ ចំណែក លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​ដាក់​ដាំ ត្រូវបាន​គេ​ដឹង​ថា​អង្គុយចាំ​ប្រមូល​ផលប្រយោជន៍​ពី លោក​ម៉ៅ ហៅ ក្របី បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យ ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក យូ សុធា និង​មន្ដ្រី ក្នុង​ខេត្ត​ទេ​នោះ​គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ច្រករបៀង​កង់​ឡង់ និង​ច្រក​ទ្វេភាគី​ដាក់​ដាំ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​អំពើ​ចិត្ត​បានទេ ។

​ប្រភព​ដដែល​បន្តថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​នោះ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ម៉ៅ ហៅ ក្របី ដែល​មាន​តួនាទី​ជា​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​។ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បន្ត​កើត​ឡើង​យ៉ាង​ពេញបន្ទុក សូម្បីតែ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ និង​តំបន់​អភិរក្ស​ក៏ដោយ​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ស្នើសុំ​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​។ បើ​មិន​ដូច​ច្នេះ​ទេ​ព្រៃឈើ​នឹង​រលាយ​ហិនហោច​ជាក់​ជា​មិនខានឡើយ​។​

​គេហទំព័រ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​ដាក់​ដាំ និង​លោក ម៉ៅ ហៅ ក្របី បាន​ទេ​នៅ​ថ្ងៃនេះ​។ គេហទំព័រ​រង់ចាំ​ការបកស្រាយ​ពី លោក យូ សុធា និង លោក ម៉ៅ ហៅ ក្របី រៀង​រាល់​ម៉ោង​ធ្វើការ ៕

 

Filed in: ខេត្តមណ្ឌលគិរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!