​រដ្ឋមន្ត្រី វង សូ​ត​៖ ការ​ប្រារព្ធ​«​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ​» ដើម្បី​ពង្រឹង​បន្ថែម​លើ​តួនាទី​របស់​គ្រួសារ ក្នុងការ​មើលថែរក្សា​កូន ឲ្យក្លាយ​ជា​ពលរដ្ឋ​ល្អ​

​សៀមរាប ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈ​កម្ម ការ​ជាតិ ពិគ្រោះ​យោបល់​គោលនយោបាយ ចំពោះ​គ្រួសារ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៤ នៃ​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ​១៥ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម ប្រធានបទ «​គ្រួសារ​ល្អ មាន​តួនាទី​ក្នុង​ការលើកកម្ពស់​សីល​ធម៌​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​»​ដោយ​មាន​ការអញ្ជើញ ចូលរួម​ពី​មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច ព្រមទាំង​តំណាង​គ្រួសារ​យ៉ាងច្រើន​កុះករ​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​បញ្ជាក់​ឲ្យដឹងថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ​នាពេលនេះ គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​គ្រួសារ ដែល​បាន ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម បីបាច់​ថែរក្សា អប់រំ ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ឲ្យក្លាយ​ជា​ពលរដ្ឋ​ល្អ គ្រួសារ​ល្អ និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដែល​ជា​កម្លាំង ចលករ​មិនអាច​ខ្វះ​បាន ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ភាព​រីកចម្រើន​។​

​ថ្លែង​ក្នុង​អង្គពិធី​នោះ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន គណៈកម្មការ​ជាតិ ពិគ្រោះ​យោបល់​គោល​នយោបាយ​ចំពោះ​គ្រួសារ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយ តម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជានថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច អស់ពី​កម្លាំងកាយ​ចិត្ត​ដោយ បាន​រៀបចំ​ទិវា​នេះ​ឡើង​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សារ លិខិត​ថ្លែង​ទៅ​កាន់​ជនរួមជាតិ​ទាំងអស់ ជាពិសេស មេ​គ្រួសារ ដែល​បាន​ខិតខំ​ចិញ្ចឹម​បីបាច់ ថែរក្សា​កូនចៅ ឲ្យក្លាយ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ផង​ដែរ​។​

​លោក វង សូ​ត បាន​គូសបញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​យកចិត្តទុកដាក់ និង​ចាត់វិធានការ​ជាច្រើន​ដើម្បី លើកស្ទួយ​កម្រិតជីវភាព​របស់ ប្រជាជន និង​សុខុមាលភាព​របស់​គ្រួសារ ក្នុង​គោលដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​ធ្វើ​សុខដុម​នីយកម្ម តាមរយៈ ការបង្កើត​ឲ្យមាន​ច្បាប់ គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ជាច្រើន​ពាក់ព័ន្ធ នឹង​ការងារ​លើកកម្ពស់​តម្លៃ​គ្រួសារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា ជា​ទិវា​ដែល​ប្រទេស​នានា​លើ​សកលលោក តែង​ប្រារព្ធ ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ស្របតាម​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៨៩ ហើយ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ង​នុ​ក្រឹត្យ ស្តីពី​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ​១៥ ខែ​ឧសភា ដើម្បី​រួមគ្នា​អនុវត្ត សេចក្តីសម្រេចចិត្ត​នេះ និង​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ទទួលប​ន្ទុ​ក ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ជម្រុញ​ឲ្យ​ការអភិវឌ្ឍ​គ្រួសារ​មាន​ស្ថានភាព​កាន់តែ​ប្រសើរឡើង ស្រប​តាម​ស្ថានភាព​ការវិវត្ត នៃ​សេដ្ឋកិច្ច​ជាតិ និង​កំណែទម្រង់​ប្រព័ន្ធ​បៀរ​វ​ត្ស និង​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​សម្រាប់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន​៕
​លោក រុន សារ៉េត​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!