​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​ជំ​ពូ​វ័ន្ត​ហៅ​វត្ត​ត្រពាំង​ព្រីង​ស្ថិតក្នុង​ឃុំ​ជំ​ពូ​វ័ន្ត​ស្រុកជុំ​គីរី ខេត្ត​កំពត​

កំពត ៖ លោក ទេស​រដ្ឋមន្ត្រី​ប៉ែន​ស៊ីម៉ន ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​ ​សេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​២​កើត​ខែជេស្ឋ​ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​សម្ពោធ​ឆ្លង​ព្រះវិហារ​វត្ត​ជំ​ពូ​វ័ន្ត​ហៅ​វត្ត​ត្រពាំង​ព្រីង​ស្ថិតក្នុង​ឃុំ​ជំ​ពូ​វ័ន្ត ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក លោកស្រី អ្នកតំណាងរាស្ត្រ សមាជិក​រាជរដ្ឋាភិបាល​និង​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោកស្រី គឹម ធា​រី អភិបាល​នៃ​គណៈ​អភិបាលស្រុក បានឱ្យ​ដឹង​ពី​សមិទ្ធផល​សំខាន់ៗ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ទូទាំង​ស្រុក​ជុំ​គី​រី​។ ដោយឡែក​ក្នុង​នោះ​វត្ត​ជំ​ពូ​វ័ន្ត​នេះ​គឺ​ស្ថិត​នៅក្នុង​ទឹកដី​ធ្លាប់​មាន​សមរភូមិ​ប្រយុទ្ធ​ក្នុង​សម័យ​សង្គ្រាម​រាប់​ទស្សវត្សរ៍​។

ក្រោយពី​បញ្ចប់​សង្គ្រាម​នា​ឆ្នាំ​១៩៩៨​ម​ក៏​ត្រូវបាន​កសាង​ឡើង​វិញ​នូវ​សមិទ្ធផល​នានា​រីកចម្រើន​ជា​បន្តបន្ទាប់ ។ ក្រោម​ការយកចិត្តទុកដាក់​និង​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម បណ្ឌិត​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន​រួម​និង ព្រះសង្ឃ គណកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​និង​សប្បុរសជន ជិត ឆ្ងាយ​។ ជាក់ស្ដែង​ព្រះវិហារ​ដែល​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​សម្ពោធ​ឆ្លង​នាពេលនេះ បាន​ចាប់ផ្ដើម​កសាង​ឡើង ក្នុង​ឆ្នាំ​២០០៨​និង​បាន​បញ្ចប់​ជា​ស្ថាពរ​ឆ្នាំ​២០១៨​នេះ​ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ជាង​បី​រយ​លាន​រៀល​និង​១៤២៦០​ដុល្លារ​អាមេរិក​។​

​មានប្រសាសន៍ សំណេះសំណាល លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ប៉ែន ស៊ីម៉ន បាន ថ្លែង​ការកោតសរសើរ​ចំពោះ​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ  សប្បុរស​ជន​រួម​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​សហការ​កសាង​នូវ​សមិទ្ធផល​នានា​និង​ព្រះវិហារ​ក្នុង​ទី​អារាម​វត្ត​នេះ​ឡើង​។​ដែល​សមិទ្ធផល​ទាំងនេះ​បាន​រួមចំណែក​បម្រើ​អោយ​វិស័យ​ព្រះពុទ្ធសាសនា​ជា​មួយ​រាជរដ្ឋាភិបាល​ដើម្បី ជ្រោង​ខ្ពស់​សាសនា​របស់​រដ្ឋ​នៅ​កម្ពុជា​បាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​ប៉ែន ស៊ីម៉ន​ក៏បាន​លើកឡើង​ពី​លក្ខណៈ​សម្គាល់​ភូមិសាស្ត្រ​និង​សក្ដានុពល​របស់​ខេត្ត​កំពត ដែល​ខេត្ត​នេះ​មាន​និង​បាន​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​និង​ជីវភា​ពធូធា​ររបស់​ប្រជាជន​មាន​ការកើនឡើ​ង​ជា​លំដាប់​យ៉ាង​ប្រសើរ​។ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​បន្ត​លើកឡើង​ផងដែរ​អំពី​បរិបទ​អំណោយផល​នៃ​ប្រទេស​ជាតិ​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​លើ​ផ្ទៃ​ប្រទេស​។​ហើយ​សមិទ្ធផល​ទាំងអស់​នោះ​គឺ​សុទ្ធសឹង​បាន​កើតចេញ​ពី​អំណោយផល​នៃ​សុខសន្តិភាព​យ៉ាង​ពិតប្រាកដ តាមរយៈ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះៗ​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយ​មើលឃើញ​ពី​សច្ចភាព​នេះហើយ​ទើប​ត្រូវបាន​ការទទួល​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត នៅ​តែ​ស្រឡាញ់ ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់​សម្ដេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រាល់​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុងតែ​មាន​សុខសន្តិភាព​និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បម្រើ​បាន​នូវ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើអោយ​ជីវភាព​ប្រជាជន​ទូទាំង​ប្រទេស​មាន​ការរីក​ចម្រើន​ជា​បន្តបន្ទាប់​។

​លោក​បណ្ឌិត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ត្រូវ​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​២០១៨​មុខ​នេះ​ឱ្យបាន​គ្រប់​គ្នា​ដើម្បី​បន្ត​ការគាំទ្រ​សម្ដេច​តេជោ​ហ៊ុន សែន ដឹកនាំ​ប្រទេសជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!