សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កំណាត់​ផ្លូវ​លំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ភ្នំ​សាឡី ត​ភ្ជាប់​ទៅ​ភូមិ​ត្រពាំង​ជ្រៃ​

​កំពត ៖ កំណាត់​ផ្លូវ​លំ​មួយ​កន្លែង​មាន​ប្រវែង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រាច​ខាងលិច ត​ភ្ជាប់​ឆ្ពោះ​ទៅកាន់​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​១៤​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣​ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក យិន ណូត ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ជួន សុភា អភិបាលរង តំណាង​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច​។​

​ពិធី​នេះ​ក៏​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់ លោក សុខ ច័​ន្ធណា​រិទ្ធ និង​អ្នកស្រី សុខ សុភាព ដែល​ជា​សប្បុរសជន​មកពី​ខេត្ត​ព្រះសីហនុ​(​ម្ចាស់ជំនួយ​),​លោក ទិន ស​ម្ប​តិ្ត អនុប្រធាន​អចិន្ត្រៃយ៍ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ឃុំ​ទាំងពីរ ព្រះសង្ឃ ព្រមទាំង​ក្រុម​ការងារ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ស្រុក​កំពង់ត្រាច រួម​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​ចំនួន​ប្រមាណ​១៥០​នាក់​ផង​ដែរ​។​

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា កំណាត់​ផ្លូវ​លំ​ដែល​មាន​ប្រវែង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ត​ភ្ជាប់​ទៅកាន់​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នេះ ត្រូវបាន​ស្ថាបនា​បាន​រួចរាល់ ដែល​អាច​សម្រួលការ​ចរាចរ​រវាង​អ្នកភូមិ​ភ្នំ​សាឡី និង​ភូមិ​ត្រពាំង​ជ្រៃ​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។​លោក​ថា កំណាត់​ផ្លូវ​នេះ ស្ថាបនា​ឡើង​ដោយ​មាន​ការ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ឈ្មោះ សុខ ច័ន្ទ​ណា​រិទ្ធ និង​អ្នកស្រី សុខ សុភាព មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។​លោក​បាន​បញ្ជាក់ទៀតថា ការស្ថាបនា​កំណាត់​ផ្លូវលំ​នេះ គឺ​មាន​បង្កប់​លូ​មូល​ចំនួន​២​កន្លែង ដែល​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​៤.០០០​ដុល្លារ​អាមេរិក​។​ជាមួយ​នឹង​ការចំណាយ​ថវិកា​ធ្វើ​ផ្លូវ សប្បុរសជន​ខាងលើ ក៏​បាន​ជួយ​កសាង​នូវ​សាលាឆទាន​ក្នុង​វត្តភ្នំ​សាឡី អស់​ថវិកា​ជិត​១​មឺ​ុ​ន​ដុល្លារ​ផងដែរ​។​

​តាមរយៈ​ការផ្តួចផ្តើម​កសាង​សមិទ្ធផល​ជាច្រើន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រាច​ខាងលិច​នេះ​ដែរ លោក​ក៏​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​ខាងលើ ជួយ​ថែរក្សា​ស​ម្ប​តិ្ត​ទាំងនោះ ឱ្យបាន​គង់វង្ស សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ក្នុងឱកាស​នោះ​ដែរ លោក សុខ ច័ន្ទ​ណា​រិទ្ធ ដែល​ជា​ម្ចាស់​ជំនួយ​បាន​លើកឡើង​ថា ការជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​សង្គម​នេះ ព្រោះ​តែ​កន្លងមក​លោក​ធ្លាប់ធ្វើ​ជា​កូនសិស្ស​លោក​សង្ឃ នៅ​វត្ត​ភ្នំ​សាឡី​នេះ ពិសេស​កាលពី​នៅ​ក្មេងៗ​លោក​ក៏​ធ្លាប់​រស់នៅ​ទី​នេះ ហើយ​ពឹងពាក់​អាស្រ័យ​តែ​វត្ត​អារាម​មួយ​នេះ​ផងដែរ ទើប​លោក​និង​ភរិយា មក​ផ្តើម​កម្មវិធី​ក្នុង​ការស្ថាបនា​ផ្ល​វ​ព្រមទាំង​កសាង​សាលាឆទាន​នៅទីនេះ ដើម្បី​ងាយស្រួល​ដល់​កិច្ចការ​សាសនា ដែល​ជានិច្ចកាល​ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​គោរព​បូជា​ពុំ​មាន​អាក់ខាន​នោះឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!