រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់​ត្រួតពិនិត្យ​ស្ថានីយ៍​ប្រេងឥន្ធន​: ត្រូវតែ​ស្តង់ដា និង​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ​ទើប​ឲ្យ​តំណើរការ​

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ ត្រូវតែ​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ៍​ប្រេងឥន្ធន​:​ទាំងឡាយ ដែល​សាងសង់ និង​កំពុង​សា​សង់ ត្រូវតែ​មាន​ច្បាប់​អនុញ្ញាតិ​តាម​លក្ខណ​:​បច្ចេកទេស ដែល​ចេញពី​ក្រសួង ព្រោះ​ស្ថានីយ៍​ប្រេង​មាន​ហា​នី​ភ័យ​ខ្ពស់បំផុត ។ ហើយ​លើសពីនេះ នៅ​ចុងឆ្នាំ​២០១៩ ខាងមុខនេះ កម្ពុជា​យើង​នឹង​បាន​ប្រេងកាត​យក​ចេញ​ពី​សមុទ្រ មក​ប្រើប្រាស់​ផ្ទាល់ខ្លួន ជា​ផ្លូវកា​រហើយ ។

​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុយ សែម បាន​ជម្រុញ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ចុះ​ពន្យល់​ដល់​ពលរដ្ឋ និង​អាជីវករ ត្រូវ​យល់​ដឹង​ពី​ច្បាប់​រ៉ែ និង​ធនធានធម្មជាតិ គ្រប់គ្រង​អាជីវកម្ម​រ៉ែ​និង​ការធ្វើ​អាជីវកម្ម​អានាធិបតេយ្យ ចេះ​សាមគ្គី​ផ្ទៃ​ក្នុង​មន្ទីរ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ផងដែរ ។​

​ឯកឧត្តម​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ថ្មី គឺ​លោក សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ឡើង​ជំនួស​លោក អ៊ី ហឿន ត្រូវ​ចូល​និវត្តន៍ ក្នុង​ពិធី​នេះដែរ ក៏​មាន​ការចូលរួម​ពី​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ដែល​ទើប ឡើងកាន់តំណែង​ថ្មីៗ ។

​លោកជំទាវ តី ដា​នី អគ្គ​យក​រង នៃ​អគ្គ​កិច្ចការ​ទូទៅ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល អាន​សេចក្តីសម្រេច​ការប្រគល់​ភារៈកិច្ច​ជូន​មន្ត្រីរាជការ ប្រការ​១/​ប្រគល់​ភារៈកិច្ច​ជូន​លោក សុខ សួន អត្តលេខ​១៧៦១៧០០០០៧ ឋានន្តរស័ក្តិ​ក្រមការ ខ្សែ​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ក្រម​ការ អោយបំពេញ​មុខងារ​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ជំនួស​លោក អ៊ី ហឿន ដែល​ត្រូវ​ចូលនិវត្តន៍ ។​

​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​លោក​ប្រធាន​មន្ទីរ ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ការងា​រ ដោយ​តម្លាភាព​បន្ត​លុបបំបាត់​នូវ​ការធ្វើ​អាជីវកម្ម​រ៉ែ​អានាធិបតេយ្យ លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ ដាក់​ផែនការ​ក្នុង​ការបំពេញ​ការងារ និង​ពិសេស​សាមគ្គីភាព​ក្នុង​មន្ទីរ និង​ស្ថាប័ន​ជុំវិញ​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ៕
​ដោយ ៖ នីយ៉ា​

 

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!