​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​សិក្សា​២០១៧- ២០១៨ នៅ​ខេត្ត​កំពត​

​កំពត ៖ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​សិក្សា​២០១៧- ២០១៨ ត្រូវបាន​ធ្វើ​ពិធី​បើក​នៅឯ​ខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ​ទី​០៦​ឧសភា ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព លោក​បណ្ឌិត ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពត​។​

​យោងតាម​របាយការណ៍ របស់​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានឱ្យដឹងថា​៖​ការប្រកួត​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​០៥​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៨​ទើប​ត្រូវបាន​បញ្ចប់​។​ការប្រកួត​នេះ មាន​០៦​ប្រភេទ​កីឡា​ដែលមាន ស​មាស​
​ភាព​ចូលរួម​ប្រកួត មកពី​២៥​រាជធានី​-​ខេត្ត ក្នុងនោះ​៖
-​ទី​១៖ កីឡាបាល់ទាត់ បុរស​មាន​២៥​ក្រុម​និង​នារី​មាន​២១​ក្រុម​
-​ទី​២៖ កីឡា​បាល់ទះ បុរស​មាន​២៤​ក្រុម​និង​នារី​មាន​២៣​ក្រុម​
-​ទី​៣៖ កីឡាបាល់បោះ​បុរស​មាន​២១​ក្រុម និង​នារី​មាន​១៩​ក្រុម​
-​ទី​៤៖ កីឡាអត្តពលកម្ម​បុរស​មាន​២៤​ក្រុម​និង​នារី​មាន​១៤​ក្រុម​
-​ទី​៥៖ កីឡា​ប៉េតង់​(​ប៊ូ​ល​)​បុរស​មាន​១៧​ក្រុម​និង​នារី​មាន​១៤​ក្រុម​
-​ទី​៦​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​បុរស​មាន​៨​ក្រុម​នារី​មាន​៤​ក្រុម ។ សរុប​ទាំងអស់​បុរស​មាន​១១៩​ក្រុម​និង​នារី​មាន​១០៤​ក្រុម​និង​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​ទាំងអស់​សរុប​ចំនួន​២.៩២៩​នាក់​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​សម្ដែង​នូវ​ការអបអរសាទរ ស្វាគមន៍​ចំពោះ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ដែល​បាន​បង្ហាញ​ឱ្យឃើញ​យ៉ាង​ច្បាស់​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​មកលើ​វិស័យ​អប់រំ​កាយ និង​កីឡា​ដែល​កំពុង​ត្រូវបាន​សាធារណៈមតិ​ទាំង​ជាតិ​អន្តរជាតិ​ផ្ដោត​ការយកចិត្តទុកដាក់​ជាខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ​។

​លោក​ជាវ តា​យ​ក៏​បាន​ចាត់ទុក​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​សិស្ស​នា​ពេល​នេះ គឺជា​ការប្រមូលផ្ដុំ​នូវ​ធនធានមនុស្ស ប្រកប​ដោយ​សម្បទា​មាំមួន មាន​សមត្ថភាព ទេពកោសល្យ​គ្រប់គ្រាន់ ជា​យុវជន​ល្អ​ពលរដ្ឋ​ល្អ​ហើយ​ទៅ​អនាគត​នឹង​សង្ឃឹម​ក្លាយជា​អ្នក​បន្តវេន អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​សម្បូរ​រុងរឿង​ជាក់​ជាមិនខាន​។​

​លោក​បណ្ឌិត ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់ថា​៖​បច្ចុប្បន្ន កម្ពុជា​យើង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​តេជោ​តែង​បាន​ចាត់ទុកការ​ងារ​អប់រំ​កាយ​និង​កីឡា បាន​ដើរតួនាទី​និង​ជា​យាន​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ​ព្រោះថា​កីឡា​កសាង​មនុស្ស និង​មនុស្ស​កសាង​សង្គម​។ លោក​ក៏​បាន​បន្តទៀតថា​៖​នៅ​ឆ្នាំ​២០២៣​កម្ពុជា​យើង​នឹង​ទទួល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៉ី​ហ្គេម​។ ដូច្នេះ​ការលើក​ស្ទួយ​វិស័យ​កីឡា​គឺជា​រឿង​ចាំបាច់ ព្រោះថា​វិស័យ​អប់រំ​កាយ​និង​កីឡា​ជា​សមាសភាគ​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ចំណោម​សមាសភាព​ទាំង​ប្រាំ​នៃ​វិស័យ​អប់រំ សំដៅ​កសាង​កាយសម្បទា​រឹងមាំ​មាន​សុខភាព​ល្អ​ពន្លឿន​ការសិក្សា​ឱ្យ​មាន​និរន្តរភាព​។​ដូច្នេះ​សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន រួម​នឹង​អាជ្ញាធរ​ដែនដី​និង​ប្រតិភូ​កីឡាករ​កីឡាការិនី ដែល​មាន​ការយកចិត្ត​ទុកដាក់​សហការ​គ្នា​បាន​ល្អ​ដើម្បី​គាំទ្រ​កម្មវិធី​ការប្រកួត​កីឡា​សិស្ស​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើ​ទឹកដី​ខេត្ត​កំពត​នាពេលនេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!