​ល្បី​ទៀត​ហើយ​នាយ​ឧត្តមសេនីយ៏​ហ៊ុន​ជា​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​មណ្ឌលគិរី ៖ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទំនង​មិន​បាន​ជ្រាប​ច្បាស់​អំពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ់​របស់​មេ​ឈ្មួញ ហ៊ុន ជា​នោះទេ​? ដែល​កំពុងតែ​ធ្វើ​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទ្វេភាគី​អន្តរជាតិ​ដាក់​ដាំ​ខេត្តមណ្ឌលគិរី​យ៉ាង​អនាធិបតេយ្យ​ជាទី​បំផុត​ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ជាមួយ​និង​មេ​ឈ្មួញ​ហ៊ុន​ជា​នោះទេ​? ។​

​សូមបញ្ជាក់​ថា កាលពីពេល​កន្លង​ទីនេះ សម្តេច ហ៊ុន សែន បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ដល់​ត្រកូល​(​ហ៊ុន​)​ណា ដែល​ប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់ សម្តេច​ហ៊ុន​សែន និង​មិន​លើកលែង​ទោស​ឲ្យ​ជាដាច់ខាត ។ ដូច្នេះ​ករណី​ដែល​មេ​ឈ្មួញ ហ៊ុន ជា ដែល​ត្រូវជា​ក្អួយប្រុស​បង្កើត​របស់​សម្តេច ហ៊ុន សែន នោះ​? ដែល​កំពុងតែ​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​នោះ​? ចាំ​មើល​សម្តេច ហ៊ុន សែន ហ៊ាន​ចាត់វិធានការ​ទៅលើ​មេ​ឈ្មួញ ហ៊ុន ជា ដូចដែល​សម្តេច​ហ៊ុន​សែន បាន​ធ្វើ​ការព្រមាន កាលពីពេល​កន្លង​ទៅ​នេះ​ដែល​ឬទេ​?

​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​នៅក្នុង​ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ក្បួន​រថយន្ត​ដឹក​ឈើប្រណិត របស់​មេ​ឈ្មួញ​ហ៊ុន​ជា ជា​ទូទៅ​គឺ​តែងតែ ធ្វើ​សកម្មភាព​លួច​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅពេល​យប់​តាម​ច្រក​ទ្វេរ​ភាគី​ខាង​លើ​និង​ច្រក​ប្រាំពីរ យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត ដោយ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ឈ្មួញ ហ៊ុន ជា ប្រៀប​បី​ដូចជា​រថយន្ត​ដឹក​បុណ្យកឋិន​អ៊ីចឹង​? ក្នុង​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​មិន​ហ៊ាន​ក្អក​ជាមួយនិង​មេ​ឈ្មួញ ហ៊ុន ជា នោះទេ​?​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ជាទូទៅ​ឈ្មោះ ម៉ាប់ ជា​សេនា​ដៃស្តាំ​របស់​មេ​ឈ្មួញ ហ៊ុន ជា ដែល​កំពុងតែ​ចេញមុខ​រត់ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ដើម្បី​ធ្វើការ​
​ដោះស្រាយ​គ្នា​ដោយ​មាន​មេ​ឈ្មួញ​ហ៊ុន ជា ជា​អ្នក​នៅ​ពីក្រោយ​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ទៀត​ផង ដោយ​មេ​ឈ្មួញ ហ៊ុន ជា មិន​ចេញ​មុខ​មក​ដោះស្រាយ​ផ្ទាល់​នោះ ក៏​ដោយសារ​តែ​ទទួល​រង​នូវ​ការព្រមាន​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សម្តេច ហ៊ុន សែន បាន​ធ្វើ​ការស្តីបន្ទោស​ខ្លាំងៗ ទៅលើ​សាច់ញាតិ​និង​កូនក្មួយ​ដែល​ប្រើ​ឈ្មោះ​ត្រកូល (​ហ៊ុន​) ទៅ​ធ្វើ​អំពើ​មិន​គប្បី​ដែល​សង្គម​ស្អប់ខ្ពើម​និង​ដោយ​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ។​

​ទោះបីជា​សម្តេច ហ៊ុន សែន បាន​ព្រមាន​យ៉ាងណាក៏ដោយ​ក៏​មេ​ឈ្មួញ ហ៊ុន ជា បែរ​ជា​កំពុងតែ​ល្បីល្បាញ​ទៀតហើយ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​សែន ដោយ​ខណៈ​ពេល​នេះ មេ​ឈ្មួញ ហ៊ុន ជា កំពុង​ជាប់​ពាក់ព័ន្ធ​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌលគិរី ដែលមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែរ​កឋិន​ចេញ​ជា​រៀងរាល់​យប់ ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ដោយ​គ្មាន​ស្ថាប័ន​សម្ថ​កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​? ។ មិនតែប៉ុណ្ណោះ លោក ម៉ាប់ ដែល​ចេញ​មុខ​កាង​ឈើ​ឲ្យ​មេ​ឈ្មួញ ហ៊ុន ជា គឺ​តែងតែ​ប្រើ​សម្តី​ខ្លាំងៗ​គំរាម​ដាក់​សមត្ថកិច្ច​ឬ​ស្ថាប័ន​ខាង​ណា​មួយ​ដែល​ចង់​មក​សួរនាំ​និង​រារាំង​ក្បួន​រថយន្ត​ឡង់​គ្រីស័រ​០០៧ និង​តូ​រី​ស ដែល​ដឹកឈើ​បន្តកន្ទុយ​គ្នា ។ សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​បីនាក់ កាលពីពេល​កន្លង​ទៅនេះ​រួចមក ពេល​នេះ​មេ​ឈ្មួញ​ហ៊ុន ជា កំពុង​ជិះសេះ​លែងដៃ​មិន​ខ្វល់ខ្វាយ ពី​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចូល​ទៅ​តំបន់​នោះ​ទៀត​ទេ ទើប​ក្រុម​រថយន្ត​ដឹក​ឈើ​របស់​លោក ម៉ាប់ បាន​ដំណើរការ​យ៉ាង​រលូន​ជាមួយ​សមត្ថកិច្ច​គ្រប់​ផ្នែក​ទាំងអស់ ដែល​ប្រចាំការ​នៅ​ច្រក​ដាក់​ដាំ​នេះ​ផង​ដែរ ។​

​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា​ជំនួញ​ឈើ​ប្រណីតដឹក​តាមរថយ​ន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ទាំង​យប់​បែប​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​តាម​ច្រកទ្វារ ទ្វេភាគី​អន្តរជាតិ ដាក់​ដាំ​ដែល​គ្មាន​មន្ត្រី​ជំនាញ​និង​ស្នាក់ការ​ច្រកទ្វារ​អើពើ​បន្តិច​សោះឡើយ​? ។ ថ្មី​នេះ គេ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​និង​ឡង់​គ្រី​ស័រប្រមាណ​ចំនួន​ជាង​៦០​គ្រឿង​កំពុងតែ​ចរាចរ​លើ​ផ្លូវជាតិ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ទ្វេភាគី​អន្តរជាតិ​ដាក់​ដាំ​និង​ច្រក​ប្រាំពីរ ។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀតថា ឡាន​សាំ​យ៉ុង​និង​ឡង់​គ្រីស័រ​ទាំងនេះ​ដឹកឈើ​ស្ទើ​រតែរាល់ថ្ងៃ​ហើយ​ចេញ​ម្តងៗ​មាន​ចំនួន​ជាង​៦០​គ្រឿង​ដឹក​យ៉ាង​រលូន​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ឬ​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ និង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី​កំពុងតែ​បិទ​ភ្នែក​ប្រមូល​លុយ​ពី​បទល្មើស​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។​

​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់​រថយន្ត​ឡង់​គ្រីស័រ​ជាច្រើន​គ្រឿង​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​របស់​លោក​ម៉ាប់​ជា​មេការ​ដែល​កំពុងតែ​រត់​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​ស្ងាត់ៗ​ស៊ី​តាម​ជំនាញ​ដែល​ហាក់ដូចជា​មាន​ភាពអនាធិបតេយ្យ​ជាទី​បំផុត​អាច​បង្ក​អសន្តិសុខ​ក្នុងសង្គម​ជាក់​ជា​មិនខានឡើយ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ឲ្យបាន​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ការរិះគន់​ពី​មហាជន សង្គម​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​

​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​មាន​ប្រសិទ្ធភាព​ចំពោះ​មេ​ឈ្មួញ និង​មន្ត្រី​ពាក់ព័ន្ធ ផ្នែក​ជំនាញ និង​សម្ថ​កិច្ច​គោរព​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​នេះ​ដែរ​ឬទេ​? ។ ប៉ុន្តែ​ទោះជា​យ៉ាងណា គេ​សង្ឃឹមថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់​ជា​មិន​លើកលែង​ចំពោះ​មេ​ឈ្មួញ ហ៊ុន ជា ដែល​ជា​ក្មួយបង្កើត​នោះឡើយ​?​។​
​ទាំងឡាយណា ដែល​យក​ឈ្មោះ​ត្រកូល ហ៊ុន ទៅ​រកស៊ី​បទល្មើស​ខុសច្បាប់​បំផ្លាញ​កិត្តិយស​គ្រួសារ​របស់​សម្តេច​នោះ មុខ​ជា​មិន​រួច​ខ្លួន​បាន​ឡើយ​គឺ​អាច​មាន​វាសនា​អាក្រក់​ដូចជា​សង្វៀន​ជល់​មាន់​លោក​ថៃ ផានី ជា​ក្មួយ​ប្រសារ​ដែល​ត្រូវបាន​សម្តេច​ហ៊ុន សែន ប្រកាស​ឲ្យ​ចាប់ខ្លន​យក​ទៅ​ដាក់គុ​ក​រួច​មក​ហើយ ចុះ​ឥឡូវនេះ​ដល់​ពេល​មេ​ឈ្មួញ​ហ៊ុន ជា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ដែក របស់ សម្តេច ហ៊ុន សែន នឹង​កំចាត់​ចេញ​ជាក់​ជាពុំខាន​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​យើង​បាន​ទាក់ទង​តាម WhatspApp ទៅ​លោក​ហ៊ុន​ជា​ដែរ តែ​លោក​មិន​ឆ្លើយតប ។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី​ក៏​មិន​ឆ្លើយតប​ដែរ ។ តែ​អង្គភាព​យើង​រង់ចាំ​បកស្រាយ​ស្តីពី​ច្បាប់​ព័ត៌មាន​រាល់​ម៉ោង​ធើ្វ​ការ ៕

 

 

Filed in: ខេត្តមណ្ឌលគិរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!