នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​បញ្ចុះ​បឋម​សីលា​សាងសង់​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ នៅ​ស្រុក​រមាស​ហែក​, មនុស្ស​វ័យចាស់​អាយុ​ពី​៦០​ឆ្នាំ​ឡើង មាន​ប្រមាណ​១,២​លាន​នាក់ នៅ​កម្ពុជា​

ស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ​, មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាស​ហែក បាន​អញ្ជើញ​បញ្ចុះ​បឋម​សីលា​សាងសង់​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ស្ថិតនៅ​ភូមិ​តា​ហង់ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ លោក​អភិបាលស្រុក​រមាស​ហែក បាន​លើកឡើង​ថា សមិទ្ធផល​ថ្មី​ជា​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ចុះ​បឋម​សីមា​សាងសង់​នៅ​ពេល​នេះ មាន​ទំហំ ១៦​គុណ ៦​ម៉ែត្រ និង​មាន​បន្ទប់​អនាម័យ​ចំនួន​២ បន្ទប់​មនុស្ស​ប្រុស​១​បន្ទប់ និង​បន្ទប់​មនុស្ស​ស្រី​ចំនួន​១​បន្ទប់​។​

​លោក​អភិបាលស្រុក បាន​បន្តថា ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្តល់​ការគាំទ្រ​ក្នុង​ការបង្កើត​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ឱ្យ​កាន់តែ​មាន​ភាពកក់ក្តៅ កាន់តែ​ប្រសើរ​ឡើង​ក្នុងការ រួមចំណែក​សកម្មភាព​ជួយ​កាន់​បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដោយ​ស្រប​ទៅតាម​គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់ ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដាក់​ចេញ​ឱ្យ​អនុវត្ត​លើ​វិស័យ​សុខមាលភាព​មនុស្ស​ចាស់​កម្ពុជា​។​

​គួរបញ្ជាក់​ថា គោលនយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យចាស់​២០១៧-២០៣០ ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ គឺជា​ផែនទី​មគ្គុទ្ទេសក៏​រយៈពេល​វែ​ង សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខុមាលភាព​មនុស្ស​ចាស់ នៅក្នុង​ប្រទេស ដែល​រំលេច​ឲ្យឃើញ​ពី​តថភាព នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខុមាលភាព​មនុស្ស​ចាស់ ព្រមទាំង​ដាក់​ចេញ​នូវ គោលដៅ​យុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព ២០១៨-២០២០ សំដៅ​អនុវត្ត​ផែនការ​នេះ​ឲ្យមាន​ប្រសិទ្ធភាព ស្រប​តាម​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​កម្ពុ​ជា​។​

​គោលនយោបាយ​បាន​បង្ហាញ​ដែរ​ថា កត្ដា​ប្រជាសាស្ដ្រ នៃ​ការឈានទៅរក​វ័យចាស់​នៅ​កម្ពុជា គឺជា​មូលដ្ឋាន​សម្រាប់​គិតគូរ និង​បញ្ចូល បញ្ហា​មនុស្ស​ចាស់​ទៅក្នុង​បរិការណ៍​នៃ​ដំណើរការ​អភិវឌ្ឍន៍ និង​ការធ្វើ​ផែនការ​អភិវឌ្ឍន៍ ដោយ​ផ្តោត​លើ​វិស័យ​មនុស្ស​ចាស់ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ពហុ​វិស័យ​។​

​គោលនយោបាយ​នេះ មាន​អាទិភាព​ការងារ​ចំនួន ០៩​រួមមាន​៖ សន្ដិសុខ​ហិរញ្ញវត្ថុ​, សុខភាព និង​សុខុមាលភាព​, របៀបរបប​ការរស់នៅ​, បរិស្ថាន​អំណោយផល​, សមាគម​មនុស្ស​ចាស់ និង​វ័យចាស់​សកម្ម​, ទំនាក់ទំនង​អន្ដរ​ជំនាន់​, ការរំលោភបំពាន និង​អំពើ​ហិង្សា​លើ​មនុស្ស​ចាស់​, ស្ថានភាព​មាន​អាសន្ន និង ការត្រៀមខ្លួន​មនុស្ស​វ័យក្មេង​សម្រាប់​ឈាន​ចូល​វ័យចាស់​។​

​កន្លងមក លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានបង្ហាញ​ជំហរ​ម៉ឹងម៉ាត់​ថា ទាំង​រាជរដ្ឋាភិបាល និង​ក្រសួង នឹង​រួមគ្នា​ខិតខំ​ធ្វើយ៉ាងណា បង្កើត​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ឲ្យបាន​ច្រើន​នៅ​កម្ពុជា ដើម្បី​បំពេញ​បន្ថែម​លើ​កំណើន មនុស្ស ចាស់ និង​ថែទាំ​មនុស្ស​ចាស់​គ្មាន​លទ្ធភាព អាច​រស់នៅ​បាន ដោយ​មាន​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​ក្រុមមនុស្ស​ទាំងនោះ អាច​រស់នៅ​ដោយ​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ​ប្រសើរ​។​

​ក្នុង​របាយការណ៍​នាយកដ្ឋាន​សុខភាព​មនុស្ស​ចាស់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឲ្យដឹងថា មនុស្ស​វ័យចាស់​ដែលមាន​អាយុ​ពី ៦០​ឆ្នាំ​ឡើង​នៅក្នុង​ឆ្នាំ​២០១៣ មាន​ប្រមាណ ៨% ស្មើនឹង ១,២ លាន​នាក់ នៃ​ប្រជាជន​សរុប ១៥​លាន​នាក់ ហើយ​ត្រូវបាន​ព្យាករណ៍ នឹង​មាន​កំណើន​រហូត​ដល់ ១១% ស្មើនឹង ២​លាន​នាក់​) នៃ​ប្រជាជន​សរុប​ប្រមាណ ១៨​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕

 

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!