មាន​គេ​រិះគន់​មកលើ​ស្ថាប័ន​កាំកុងត្រូល​នៅ​ច្រក​ទ្វារ​ព្រំដែន​ព្រែក​ចាក ពី​រឿង​បើកភ្លើង​ខៀវ​ឱ្យ​ទំនិញ​ខូច​គុណភាព​ចូល​ស្រុក​ខ្មែរ​យ៉ាង​ពេញបន្ទុក​

កំពត ៖ នៅ​ពេល​ថ្មីៗ​នេះ​មាន​ការ​បែកធ្លាយ​ពី​រឿង​ស្ថាប័ន​កាំកុងត្រូល​ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដែល​កំពុង​បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​ចរាចរ​ទំនិញ​គ្មាន​គុណភាព ខូច​គុណភាព និង​ប្រើ​សារធាតុ​គីមី នាំ​ចូល​មក​ស្រុក​ខ្មែរ​យ៉ាង​ពេញបន្ទុក ។​

​ប្រភព​បាន​ឱ្យដឹងទៀតថា សព្វថ្ងៃ​នេះ​ស្ថាប័ន​កាំកុងត្រូល​នៅ​ទីនោះ ហាក់ដូចជា​អសមត្ថភាព​ការងារ ដោយ​មន្ត្រី​ទាំងនោះ​សម្លឹង​ឃើញ​តែ​ផលប្រយោជន៍​ជា​ធំ បើទោះជា​មាន​ទំនិញ​ប្រភេទ​ណា​ដឹក​ឆ្លងកាត់​មុខ​ស្នាក់ការ​បែបណា​ក៏​មិន​ដែល​មាន​ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ដែរ គឺ​គិតតែ​ពី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​យក​មក​ចែក​គ្នា​ចាយ​តែប៉ុណ្ណោះ​។​គេ​បាន​ទម្លាយ​ទៀតថា ទំនិញ​គ្រប់​ប្រភេទ ដូចជា​ភេសជ្ជៈ​គ្រប់​មុខ​ដែល​ដឹក​ចូលមក​ស្រុក​ខ្មែរ​គេ​ហាក់​ពុំ​ដែល​ឃើញ​មន្ត្រី​កាំកុងត្រូល​ណា​ម្នាក់​សួរនាំ​ឬ​ពិនិត្យមើល​កាលបរិច្ឆេទ​នោះឡើយ សំខាន់​បំផុត​ឱ្យ​តែ​ក្រុម​ឈ្មួញ​ហុច​លុយ​គឺជា​ការ​ស្រេច ។

​ជាងនេះទៅទៀត បើ​និយាយ​ពី​ទំនិញ​ជា​គ្រឿងឧបភោគ បរិភោគ​គ្រប់​ប្រភេទ រឹតតែ​ស្រួល​ដឹកជញ្ជូន​ទៀត ដូចជា បន្លែ ផ្លែឈើ និង​ត្រី សាច់ ជាដើម ត្រូវបាន​ឈ្មួញ​ដែលរ​កសី​ុ​ដុះ​ស្លែ​នៅ​តំបន់​នោះ ដឹក​ពី​ប្រទេស​វៀតណាម​ចូល​មក​លក់​ចែកចាយ​នៅ​ស្រុក​ខ្មែរ​យ៉ាង​ភ្លូកទឹកភ្លូកដី ដែល​ភាគច្រើន​សុទ្ធ​តែ​ប្រើ​សារធាតុ​គីមី​ស្ទើតែ​ទាំងអស់​។​

​ប្រភព​ខាងលើ​បាន​រិះគន់​ថា ក្រុម​មន្ត្រី​ជំនាញ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក សព្វថ្ងៃ​គិតតែ​អង្គុយ​ចុច​ទូរស័ព្ទ លេង​Facebook​ក្នុង​ស្នាក់ការ​យ៉ាង​រំភើយ គ្មាន​ភ័យព្រួយ​អី្វ​បន្តិ​ចឡើយ បើ​ទោះ​ជា​ឈ្មួញ​ណា​ចង់​ដឹក​ទំនិញ​ល្មើសច្បាប់​អី​ក៏​ដឹក​ទៅ សំខាន់​បង់លុយ​ឱ្យ​គ្រប់​ចំនួន ដឹក​តិច​ឬ​ច្រើន​បង់​តាម​ហ្នឹង​ទៅ ពិតជា​ដឹក​បាន​យ៉ាង​រលូន​គ្មានអ្វី​មក​រំខាន​នោះឡើយ​។​

​សូមជម្រាបថា​៖​ទំនិញ​ដែល​គេ​លក់​នៅ​តាម​ទីផ្សារ​នានា​ទូទាំង​ខេត្ត​កំពត ទោះជា​កន្លង​មក​ជំនាញ​កាំកុងត្រូល​តែងតែ​ធ្វើការ​ត្រួតពិនិត្យ​ជារឿយៗ ថែម​ទាំង​ដកហូត​ទំនិញ​ខូច​គុណភាព ហួស​សុពលភាព និង​មាន​សារធាតុ​គីមី​យកទៅ​បំផ្លាញចោល​បែបណាក៏ដោយ ប៉ុន្តែ​គេ​ជឿថា ការត្រួតពិនិត្យ​ហាក់​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ហើយ​គេ​ដឹង​ច្បាស់​ថា ទំនិញ​ភាគច្រើន​ដែល​យើង​ទិញ​នៅតាម​ស្តង់​-​ផ្សារ​យក​មក​បរិភោគ​នោះ សុទ្ធតែ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី និង​ខូចគុណភាព មិន​អាច​ជៀសផុត​ឡើយ ដរាបណា​មន្ត្រី​ជំនាញ​ពិនិត្យ​មិន​បាន​ដិតដល់​។​

​គេ​ហ៊ាន​អះអាង​បែបនេះ ព្រោះតែ​ការត្រួតពិនិត្យ​លើ​កណា​ក៏​មាន​ទំនិញ​ខូច​គុណភាព ឬ​ហួស​កាលកំណត់ លក់​នៅលើ​ទីផ្សា​រដែរ​។​ដូច្នេះ​បើ​មន្ត្រី​ជំនាញ​នៅ​តំបន់​ច្រកទ្វារព្រំដែន គិតតែ​ចាំ​ទទួល​តែ​ផលប្រយោជន៍ ហើយ​មិន​អនុវត្ត​ទៅតាម​តួនាទី​របស់​ខ្លួន​បែប​នេះ ទោះជា​ដកហូត​រួច​ធ្វើ​ពិធី​ដុត​បំផ្លាញ​ទំនិញ​ខូច​គុណភាព​ទាំងនោះ​ចោល​យ៉ាងណា​ក៏​មិន​ចេះ​អស់​ដែរ​។​

​ទាក់ទិន​នឹង​ការរិះគន់​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី ២០​ខែ​មេសា ឆ្នាំ​២០១៨​នេះ កម្ពុជា​ថ្មី មិនអាច​សុំ​ការពន្យល់​ពី​ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ប្រធាន​ធ្វើ​ការទំនាក់ទំនង​មិនបាន​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 5149 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!