ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​កំពត កើនឡើង​ប្រមាណ​ជាង​៤០​ភាគរយ ក្នុង​រយៈពេល​បី​ថ្ងៃ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​

កំពត ៖ រយៈពេល​បី​ថ្ងៃ នៃ​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ សម្រាប់​ខេត្ត​កំពត គឺ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ទាំង​កំពត​សង្ក្រាន្ត និង​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ខេត្ត ដោយ​រក្សាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ល្អ​ប្រសើរ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា ឆ្នាំ​២០១៨ ក្រុម​អ្នកទេសចរ​មាន​កំណើន​ចំនួន​៤៥,២១% ប្រៀបធៀប​រយៈពេល​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។​

​លោក សយ ស៊ុណុ​ល ប្រធាន​មន្ទី​រទស​ចរណ៍​ខេត្ត​កំពត​បាន​ឱ្យដឹងថា ពិធី​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​២០១៨​នេះ ក្នុង​ខេត្ត​កំពត មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ​មុន ដោយ​ឆ្នាំ​នេះ​រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​កំពត​សង្ក្រាន្ត ដោយ​បាន​បង្កើត​កម្មវិធី​លេងល្បែង​កម្សាន្ត តាម​បែប​ប្រពៃណី​ខ្មែរ​ជា​ច្រើន​រាប់​ពុំ​អស់ ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ មន្ត្រី​សាលាខេត្ត ព្រមទាំង​ក្រុម​យុវជន និង​មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ប្រមុខ​ដឹកនាំ​ខេត្ត​កំពត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​ម្យ៉ាងទៀត​ក្រុង​កំពត ត្រូវបាន​តុបតែង​លម្អ រក្សា​អនាម័យ សម្អាត​បរិស្ថាន និង​បំពាក់​ដោយ​អំពូល​ភ្លើង LED​ស្ថិត​តាម​ដងផ្លូវ​ជាច្រើន ដូចជា​ជុំវិញ​បរិវេណ​ផ្សារ សួន​សាធារណៈ និង​តាម​ដងព្រែក​ជាដើម​។​កត្តា​ទាំង​នេះ​បាន​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​កើនឡើង​រហូត​ដល់​៤៥,២១​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឱ្យដឹងទៀតថា ក្នុង​រយៈពេល​បី​ថ្ងៃ​នា​ឱកាស​ចូលឆ្នាំថ្មី ភ្ញៀវទេសចរ​មក​លម្ហែ កម្សាន្ត​ក្នុង​រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត​កំពត មាន​ចំនួន ១៣៤.៩៣០​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន​១៣១.៨៥១​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៣.០៧៩​នាក់​។​ចំពោះ​មធ្យោបាយ រថយន្ត​គ្រប់​ប្រភេទ មាន​ចំនួន​១៥.២២៤​គ្រឿង និង​ម៉ូតូ​គ្រប់​ប្រភេទ​មាន​ចំនួន​១៣.៩៤៣​គ្រឿង​។​ទោះជា​យ៉ាង​ក៏ដោយ ទន្ទឹម​នឹង​វត្តមាន​ភ្ញៀវទេសចរ​កើនឡើង​ច្រើន បញ្ហា​នៃ​ការ​បោះចោល​សំរាម​និង​កាក​សំណល់ ពិត​ជា​កត្តា​ប្រឈម​មួយ​ដែល​ត្រូវ​បន្ត​ជំរុញ​ធ្វើការ​អប់រំ​ឱ្យ​បាន​ផុលផុស និង​ទូលំទូលាយ ពី​សំណាក់​ស្ថាប័ន​ជំនាញ ព្រោះ​ពួក​គាត់​យល់​ដឹង​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ​។​

​សូមបញ្ជាក់​ថា កំពត​សង្ក្រាន្ត​លើក​ទី​មួយ​នេះ អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន អាស្រ័យ​ដោយ​មាន​ការយកចិត្តទុកដាក់ និង​ការឧបត្ថម្ភ​គាំទ្រ​ខ្ពស់ ទាំង​ស្មារតី និង​ថវិកា​ផ្ទាល់ខ្លួន ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ក្រុមគ្រួសារ​ផងដែរ​។​ហើយ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ លោក​បាន​ចូលរួម​គ្រប់​កម្មវិធី​តា​ម​បែប​សាសនា និង​ពិធី​កម្សាន្ត​ផ្សេងៗ ដោយ​បាន​ធ្វើដំណើរ​នៅ​គ្រប់​ទីកន្លែង ដើម្បី​សំណេះសំណាល សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​កំពត​ទៀតផង​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!