ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​៦​នាក់​ដោយសារ​រថយន្ត​បុក​រះ​តូប​លក់​បង្អែម​

កែប ៖ យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​៦​នាក់​ផ្សេង​ទៀត​ទៀត​បាន​រងរបួស​ធ្ងន់ ស្រាល ដោយសារ​រថយន្ត​បុក​រះ​តូប​លក់​គ្រឿងទេស និង​តូប​បង្អែម នៅក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ទី​ពីរ​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦​និង​២៥​នាទី​រសៀល ថ្ងៃទី​១៥​ខែ​មេសា ឆ្នាំ​២០១៨ ត្រង់ចំណុច ផ្សារ​ពងទឹក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​បង្កឡើង​ដោយ​រថយន្ត​ទួរីស​ដឹក​ភ្ញៀវ​មួយគ្រឿង​បុក​រះ​តូប​លក់​បង្អែម នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​ដោយ​ស្រង់​សំដី​ពី​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើត​ជា​សោកនាដកម្ម​ធ្ងន់ធ្ងរ គេ​ឃើញ​រថយន្ត​ប្រភេទ​ទេសចរណ៍ ពណ៌​ស​មួយ​គ្រឿង​បោះពួយ​មកពី​ខាងលិច ក្នុង​ល្បឿន​ដូច​ព្យុះ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បង្ក​ក៏​បាន​រេ​ចង្កូ​ច​ទៅបុក​រះ​សំយាប​ផ្ទះ​លក់​គ្រឿងទេស រួច​បន្ត​ទៅ​បុក​រះ​តូប​លក់​បង្អែម​នៅខាងមុខ​ទៀត​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​ដែល​កំពុង​បរិភោគ​អាហារ​នៅ​ចំណុច​នោះ​រត់​ចែក​ជើង​គ្នា ហើយ​អ្នក​ដែល​រត់​មិន​ទាន់​ត្រូវ​រថយន្តបុក កិន​មាន​ស្លាប់ និង​របួស​ដេក​រដូករណែល​តែម្តង​។​ប្រភព​បាន​បញ្ជាក់ថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​ភ្លាមៗ​ផងដែរ​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ខាងលើ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា គឺ​បង្កឡើង​ដោយសារ​រថយន្ត​ទួរីស​ពណ៌​ស ដឹក​អ្នកដំណើ​របើក​បុក​រះ​ចូល​ទៅ​បុក​តូប​លក់​គ្រឿងទេស រួច​បន្ត​ទៅ​បុក​តូប​លក់​បង្អែម ចង្អាប​នៅក្នុង​ផ្សារ​ពងទឹ​កទាំង​កំរោល ។​

​ប៉ូលិស​បាន​បញ្ជាក់ទៀតថា គ្រោះថ្នាក់​នេះ​សង្ស័យ​តែ​កុង​រថយន្ត​ងងុយដេក ហើយ​ភ្លេច​បញ្ជា​ចង្កូត​រថយន្ត​ទើប​រថយន្ត​រេ​ចង្លូត​ចូល​មក​ចំណែក​ខាងស្តាំ​ដៃ ហើយ​បុក​រះ​តូប​ជាច្រើន​នៅ​ចំណុច​នោះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស ថែមទាំង​ខូចខាត​របស់របរ​អស់​មួយចំនួន​ផងដែរ​។​សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ចំនួន​៧​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ប៊ុត ចាន់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ​(​ស្លាប់​),២-​ឈ្មោះ នាក់ រិន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កសិករ​(​របួសធ្ងន់​),៣-​ឈ្មោះ ប៊ុត យី​ម ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​),៤-​ឈ្មោះ ហៀ​ង រ៉ាត់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ (​របួសស្រាល​) អ្នក​ទាំង​៤​រស់នៅ​ក្នុងភូមិ​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ទី​៥-​ឈ្មោះ អ៊ុក ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ (​របួសស្រាល​),៦-​ឈ្មោះ សូ ចាន់​តារា ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជា​សិស្ស​(​របួសស្រាល​)​និង​ទី​៧-​ឈ្មោះ អ៊ុយ សោភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​គ្រូបង្រៀន (​របួសធ្ងន់​)​អ្នក​ទាំង​៣ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​ដោយឡែក​អ្នកបើកបរ​យន្ត​បង្ក​គ្រោះថ្នាក់ មានឈ្មោះ ឃីម ប៉េង​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិរ​មុន ឃុំ​បឹង​ត្រា​ញ ស្រុក​សំរោង ខេត្តតាកែវ​។​

​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ ត្រូវ​រថយន្ត​សាមុយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹកបញ្ជូន​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​អ្នករងរបួស​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រៀងៗ​ខ្លួន​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 8254 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.