ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយក​ថវិកា​ចំនួន ៥២,៤៦៩,៥០០ រៀល ជូន​ក្រុមគ្រួសារ​សព មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយក​ថវិកា​ចំនួន ៥២,៤៦៩,៥០០ រៀល អង្ករ 4 បាវ ទឹកក្រូច 4 កេស ទឹក​សុទ្ធ 4 កេស ប្រគល់ជូន​ក្រុមគ្រួសារ​សព មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទៅ​ចូលរួម​បុណ្យខួប​០៧​ថ្ងៃ របស់​សព​លោក​វរសេនីយ៍ត្រី មាស ធន មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​និង​បាន​នាំយក​ថវិកា​ចំនួន 52,469,500 រៀល ក្នុងនោះ​មាន ថវិកា​របស់​មូលនិធិ មហា​គ្រួសារ កងរាជអាវុធហត្ថ​ដែល​ផ្តួចផ្តើមឡើង​ដោយ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន 39.464.500 រៀល ព្រមទាំង​ថវិកា​របស់​មូលនិធិ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន 13.005.000 រៀល អង្ករ 4 បាវ ទឹកក្រូច 4 កេស ទឹក​សុទ្ធ 4 កេស ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​លោក​វរសេនីយ៍ត្រី មាស ធន ដើម្បី​ទុកជា​ទុន​ក្នុង​ការប្រកប​របរ​ចឹញ្ចឹម​ជីវិតត​ទៅ​មុខ ខណៈ​ដែល​បង្គោល គ្រួសារ​មួយ​នេះ​បាន​បាត់បង់​។​

​ក្នុងឱកាស​នា​ពេល​ពេលនោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​គ្រួសារ​សព លោក​វរសេនីយ៍ត្រី មាស ធន ថា​ទោះ​ឋិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សម្រាប់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ដែល​ដឹកនាំ​ដោយ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា គឺ​តែងតែ​យកចិត្តទុកដាក់​រួបរួម​សាមគ្គី ជួយ​គ្នា​ទៅវិញទៅមក មិន​បោះបង់​ចោល​គ្នា​ឡើយ ជាក់ស្តែង​ក្នុង​ពេល ដែល​លោក​វរសេនីយ៍ត្រី មាស ធន បាន​លាចាក​លោក​ទៅ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​បាន​បង្ហាញ​នូវ​ក្តី​ស្តាយ ស្រណោះ អាឡោះអាល័យ និង​ចងចាំ គុណូបក្ការៈ​របស់លោក មាស ធន ដែល​ធ្លាប់​លះបង់​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា ចូលរួម​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ប្រកប​ដោយ​ភាព​ក្តុកក្តួល​។ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម រៀបចំ​ពិធី​បុណ្យសព​និង​បូជាសព ប្រកប​ដោយ​ភាព​អ៊ឹកធឹក ជាពិសេស អាវុធហត្ថ​រាជធានី​ភ្នំពេញ​រួម​ជាមួយ កម្លាំង​សាមគ្គី របស់​មហា​គ្រួសារ​អាវុធហត្ថ​ទូទាំងប្រទេស បានរួម​គ្នា​បរិច្ចាគ​ធនធាន ប្រគល់ជូន​ដល់​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី មាស ធន ដូចដែល​បាន​ឃើញជាក់ស្តែង​នៅពេលនេះ គឺ​មាន​ចំនួន 52,469,500 រៀល​។

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ផ្តាំផ្ញើ​ជូន​ចំពោះ​គ្រួសារ​សព​លោក វរសេនីយ៍ត្រី មាស ធន សូម​ឲ្យ​កាត់ចិត្ត ព្រោះ​ជីវិត​មនុស្ស​សត្វ​ក្នុង​លោក គឺ​មិន​ទៀត​ទាត់​ឡើយ កើត ចាស់ ឈឺ ស្លាប់ ជា​រឿង​ធម្មតា ពុំ​មាន​ន​ណា​ម្នាក់ជៀស​រួច​ទេ ដូច្នេះ​បើ​យើង​នៅ​មាន​ជីវិត​រស់ មិន​ថា​ចាស់​ឬ​ក្មេង ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យបាន​ហ្មត់ចត់​បំផុត ត្រូវ​ចេះ​រៀបចំ​ធ្វើ​ផែនការ​សេដ្ឋកិច្ច​គ្រួសារ ដើម្បី​ជៀសឲ្យផុត​ពី​ភាពក្រីក្រ ហើយ​ប្រព្រឹត្ត​តែ​រឿង​ល្អៗ​សម្រាប់​ក្រុម​គ្រួសារ​និង​សង្គមជាតិ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ​ផ្សេងៗ ជាពិសេស​សូម​ជៀសឲ្យផុត​ពី​បញ្ហា​គ្រឿងញៀន ៕

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!