​រដ្ឋបាល​ខេត្ត​កែប​ទទួល​ស្វាគមន៍​គណៈប្រតិភូ​វៀតណាម​នៃ​ខេត្ត​គៀង​យ៉ាង អញ្ជើញ​មក​ជូនពរ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

កែប ៖ ក្នុង​មនោសញ្ចេតនា​ភាតរភាព​ជា​បងប្អូន​ភូមិ​ផង​របង​ជាមួយ​ដែល​មាន​សាមគ្គីភាព​ជា​ប្រពៃណី​តាំងពី​យូរលង់​មកហើយ​នោះ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១១​រោច​ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កែប ក្រោម​វត្តមាន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​លោក​-​លោកស្រី​អភិបាលរង​ខេត្ត​រួម​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​មួយចំនួន បាន​ទទួល​ជួប​ស្វាគមន៍ គណៈប្រតិភូ​ខេត្ត​គៀង​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គម​វៀតណាម ក្នុង​គោលបំណង​ដើម្បី​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាជន​នៃ​ខេត្ត​កំពត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ដែល​ឈាន​ចូល​មក​ដល់​ដ៏​ខ្លី​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ ប្រធាន​គណៈប្រតិភូ​វៀតណាម  បានបញ្ជាក់​ថា​៖ ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​-​វៀតណាម និយាយ​រួម និង​និយាយ​ដោយឡែក​រវាង​អាជ្ញាធរ​ខេត្ត​កែប​និង​ខេត្ត​គៀង​យ៉ាង​ក្នុងនាម​ជា​ប្រទេស​ក៏ដូចជា​ខេត្ត ដែល​មានរ​បង​ជាប់​គ្នា​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​។

​ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​ពីរ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្លួន​និមួយៗ តែងតែ​បាន​បញ្ជូន​ប្រតិភូ​ដើម្បី​ចូលរួម​សំដែង​ការអបអរសាទរ​និង​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​ថ្នាក់​ដឹក​មន្ត្រី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​នៃ​ខេត្ត​ទាំង​ពីរ​មិន​ដែល​អាក់ខាន គឺ​ក្នុង​គោលបំណង​ដើម្បី​រក្សា​ចំណង​មិត្តភាព​សាមគ្គីភាព​និង​សហប្រតិបត្តិ​ឱ្យបាន​កាន់តែ​រឹងមាំ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ជាមួយនេះ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាជន​ខេត្ត​កែប បាន​សំដែង​ការស្វាគមន៍​និង​ថ្លែង​អំណ​អរគុណ​ដល់​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​នៃ​ប្រទេស​វៀតណាម​ទាំងមូល និង​ដោយឡែក​ខេត្ត​គៀង​យ៉ាង​ជា​បងប្អូន​អ្នកជិតខាង​ល្អ តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​សម្ភារៈ​ថវិកា​ដល់​ខេត្ត​កែប ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ជាច្រើន​និង ការពារ​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ខេត្ត​ទាំង​ពីរ កែប​-​គៀង​យ៉ាង បាន​ផ្ដល់់​នូវ​ភាព​អនុគ្រោះ​ឱ្យ​គ្នា​ទៅវិញទៅមក​បានល្អ ហើយ​បាន​បង្ក​ឱកាស​ឱ្យ​ប្រជាជន​នៃ​ខេត្ត​ទាំង​ពីរ ជា​សាច់ញាតិ​បងប្អូន​បាន​សួរសុខទុក្ខ​គ្នា​និង​ប្រកប​មុខរបរ​រកស៉ី មាន​ភាពសុខសាន្ត​និង​រីកចម្រើន​ជា​លំដាប់​។​

​លោក កែ​ន សត្ថា ក្នុងនាម​អាជ្ញាធរ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាជន​ខេត្ត​កែប ទាំងមូល​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៨​នេះ សូម​ជូនពរ​ឱ្យ​ចំណង​មិត្តភាព​ជា​បង​ប្អូន​រវាង កម្ពុជា និង​វៀតណាម ជាពិសេស​រវាង​ខេត្ត​កែប និង​ខេត្ត​គៀង​យ៉ាង កាន់តែ​រីកចម្រើន​ជា​លំដាប់​ទ្វេរ​ដង​និង​ស្ថិតស្ថេរ​ជា​អមតៈ​ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​និង​ប្រជាជន​ទាំងពីរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 4959 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!