​ដើម្បី​ឱ្យ​ខេត្ត​យើង​កាន់តែ​រីកចម្រើន មន្ត្រីរាជការ​ទាំងអស់​ត្រូវ​សហការ រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ​..

កំពត ៖ ដើម្បី​ធ្វើឱ្យ​ខេត្ត​របស់​យើង​មាន​ការរីកចម្រើន មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​រួមគ្នា​គិត រួមគ្នា​ធ្វើ ដាច់ខាត​មិន​ត្រូវ​មើលរំលង​កិច្ចការ​ណាមួយ​ឡើយ​។​នេះ​ជា​ប្រសាសន៍ របស់លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​ថ្លែង​ក្នុង​ពិធី​សូត្រមន្ត​លើក​រាសី សុំ​សេចក្តីសុខ​- ចម្រើន​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤-១៥-១៦​ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខនេះ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ខេត្ត​កំពត ចំនួន​ជាង​២០០​នាក់ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​០៩​រោច​ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៨​នៅ​សាលាខេត្ត​កំពត​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ ក៏​បាន​កោតសរសើ​រដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​សាលាខេត្ត​កំពត​ទាំង​អស់​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​ជំនាញ​រៀងៗ​ខ្លួន​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ក៏​បាន​លើកឡើង​នូវ​ចំណុច​ខ្វះខាត​រាល់​បញ្ហា​ប្រឈម​នានា​ផង​ដែរ​នា​រយៈពេល​កន្លងមក​។​ពិសេស​ពី​ការងារ​ភាពយឺតយ៉ាវ​ពាក់ព័ន្ធ​ការបើកប្រាក់​បំណាច់​បេសកកម្ម ដែល​ពេល​នេះ​ត្រូវបាន​ជំរុញ​ដោះស្រាយ​បើក​ផ្ដាច់​ជូន​មន្ត្រីរាជការ​គ្រប់​ចំនួន​អស់ហើយ​។

​លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​សាលាខេត្ត ត្រូវ​រួម​សាមគ្គី​គ្នា ដោយ​រួម​គ្នា​គិត​រួម​គ្នា​ធ្វើ​និង​រួមគ្នា​ដោះស្រាយ​ដើម្បីឱ្យ​អង្គភាព​ទទួល​បាន​ការ​រីកចម្រើន​និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ខេត្ត​ឱ្យ​មាន​ភាព​លូតលាស់​លើ​គ្រប់​វិស័យ ទាំង​ការងារ​បម្រើសេវា​សាធារណៈ​ឈានដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​កំពត​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ  តា​យ​អភិបាលខេត្ត ក៏​បាន​ផ្ដល់ជូន​នូវ​ថវិកា និង​ភេសជ្ជៈ សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​ចំនួន​ជាង​២០០​នាក់ ក្នុង​ម្នាក់​ប្រាក់​២០​ម៉ឺន​រៀល​ទឹកដោះគោ​១​កេះ ទឹកក្រូច​១​កេះ និង​ស្រា​បៀ​១​កេះ សម្រាប់​ចាត់ចែង​ក្នុង​ពិធី​ចូលឆ្នាំថ្មី​ខាង​មុខ​នេះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!