បទល្មើស​នេសាទ​នៅ​តំបន់​ពាម​បាង​ក្រោម​ការគ្រប់គ្រង​របស់​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង នឹង​លោក ហុក ម៉ុន នាយរង​សង្កាត់​ពាម​បា​ង

ប្រភព​ពី​ប្រជា​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បាង​នឹង​លោក ហុក ម៉ុន នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ​យ៉ាង​សុខ​ស្រួល​។

​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ហួន ផល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏​ដោយ​ក៏​រហូត​មកដល់ពេលនេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង នោះឡើយ​។​

​ហេតុនេះហើយ​ទើប​មាន​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ផង​ដែរ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​។​

​តំណាង​សហគមន៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៃ​ឃុំ​ពាម​បា​ង បានឲ្យដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ជនជាតិ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​រុញ​ស៊ី​ប​ចាប់​ត្រី​នៅ​ចំណុច​ទន្លេ​ឆ្មា​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​មន្ត្រី​រដ្ឋបាល​ជលផល ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ឃុំ​ពាម​បាង ដែល​មាន​លោក ហួន ផល គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ដើម្បី​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម​។ សូម្បីតែ​នៅ​តំបន់​ដែន​ឡូត៍​អភិរក្ស​បឹង​ទន្លេ​ឆ្មា​ក្នុង​ឃុំ​ពាម​បា​ង ក៏​លោក ហួន ផល ឃុបឃិត​ឲ្យមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​ផងដែរ​។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ទេ​នោះ​គឺ​លោក ហួន ផល និង​បក្ខពួក​មិន​ហ៊ាន​ឃុបឃិត​ឲ្យមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​យ៉ាង​រាលដាល​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។

​លើស​នេះ​ទៅទៀត ប្រសិន​បើ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យស្រប​ទៅ​តាម​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​នោះ គឺ​គ្មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដូច​សព្វថ្ងៃនេះ​ទេ ៕

Filed in: ខេត្តកំពង់ធំ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!