ពិធី​ប្រគល់​ស្រះ​ទឹកជា​អំណោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​រវៀង​ឃុំ​ត្រពាំង​រាំង​ស្រុក​ជុំ​គី​រី​ខេត្តកំពត​

កំពត ៖ កាលពី​ព្រឹក ថ្ងៃទី​០៧​ខែ​មេសា ឆ្នាំ​២០១៨ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ បាន​ធ្វើ​ពិធី​ប្រគល់​ស្រះ​ទឹក​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​ត្រពាំង​រាំង ស្រុក​ជំ​ុ​គីរី ខេត្ត​កំពត សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​នៅតាម​មូលដ្ឋាន​។​

កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ព្រមទាំង លោក​-​លោកស្រី ជា​ក្រុម​សមាជិក សមាជិការ​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​មានមតិ​ថ្លែងអំណរគុណ​និង​កោតសរសើរ ចំពោះ លោក​-​លោកស្រី ដែល​ជា​ក្រុម​សមាជិក សមាជិការ ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ ដែល​កន្លងមក​តែងតែ​ចុះ​ជួប ផ្សារភ្ជាប់​សុខទុក្ខ​នូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​រាប់អាន ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។ ជាក់ស្ដែង​អំណោយ​សមិទ្ធផល​ស្រះ​ទឹក​ដែល​ត្រូវ​ធ្វើ​ពិធី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ថែរក្សា​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​ចាំបាច់​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ក៏ដូចជា​ការរួមចំណែក​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត ម៉ុង ឫទ្ធី បានចាត់ទុក​ស្រះ​ទឹក​គឺជា​អាង​ស្តុក​ទឹក​មួយ​មាន​សារៈសំខាន់ ដែល​មនុស្ស​សម័យ​ដើម​ក៏​ដូច​នៅ​សម័យ​បច្ចុប្បន្ន​នៅតាម​បណ្ដា​មូលដ្ឋាន​ជនបទ​តែងតែ​នាំគ្នា​ជីក​ដើម្បី​ថែរក្សា​ទឹក​សម្រាប់​ប្រើប្រាស់​បម្រើ​សេចក្ដីត្រូវការ​ក្នុង​ជីវភាព​រស់​ប្រចាំ​ថ្ងៃ​ទាំង​មនុស្ស​និង​សត្វ​។ ដោយ​មើលឃើញ​ពី​សារៈប្រយោជន៍​នៃ​ស្រះ​ទឹក​នេះ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ ក្នុង​នីតិកាល​ទី​៣ ក៏​បាន​រួម​គ្នា​ផ្ដួចផ្ដើម​ជីក​ស្ដារ​ស្រះ​នេះ​ឡើង​តាម​បណ្ដា​មូលដ្ឋាន​នៃ​ខេត្ត​កំពត តាកែវ​និង​ខេត្ត​កែប ដើម្បី​ជា​ការឆ្លើយតប​តម្រូវកា​រ​ខ្វះខាត​ជាក់ស្ដែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​ជាពិសេស​ដើម្បី​ជួយ​រួមចំណែក​ថែរក្សា​ស្រះ​ទឹក​បូរាណ​នៅក្នុង​មូលដ្ឋាន​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​បាន​ដឹង​និង​ប្រើប្រាស់​ផងដែរ​។ លោក​បណ្ឌិត ម៉ុង ឫទ្ធី ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ដាំ​ដើមឈើ​ជុំវិញ​ស្រះ​ទឹក ពិសេស​ព្រលិត​ឱ្យបាន​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ច្រើនយ៉ាង​ពី​រុក្ខជាតិ​ទាំងនោះ​។ ក្នុង​ឱ​កស​នោះ លោក​បណ្ឌិត ក៏​បាន​នាំយក​នូវ​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​២២​គ្រួសារ​ក្នុង​១​គ្រួសារ​បាន​អង្ករ​៥០​គី​ឡូ ទឹកស៉ីអ៉ីវ​១​យួរ ទឹកត្រី ១​យួរ​និង​ផ្អក​១​គីឡូ​ផងដែរ​។​

​សូមជម្រាបថា​៖ អំណោយ​ស្រះ​ទឹក​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ ក្នុង​នីតិកាល​ទី​៣​នៃ​ព្រឹទ្ធសភា​បាន​ជីក​ស្ដារ​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​ ២០១៨ មាន​ចំនួន​២២​កន្លែង គឺ​នៅ​ខេត្តតាកែវ​១៣​កន្លែង ខេត្ត​កំពត​០៨​កន្លែង​និង​ខេត្ត​កែប​០១​កន្លែង  បើ​សរុប​បរិមាណ​ស្រះ​ទឹក​ទាំង​២២​កន្លែង​នោះ គឺ​អាច​ស្តុក​ទឹក​បាន​ចំនួន​ប្រមាណ​ជាង​១៣​ម៉ឺន​ម៉ែត្រគូប​។

​ដោយឡែក ស្រះ​ទឹក​ដែល​កម្មវិធី​ប្រគល់ជូន​ប្រជាពលរដ្ឋ​ពេល​នេះ​មាន​ទំហំ​បណ្ដោយ​៤៣​ម៉ែត្រ​ទទឹង​២១​ម៉ែត្រ​និង​ជម្រៅ​៤​ម៉ែត្រ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!