តាមសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ-ឃុំ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថាលោក យ៉ាន់ វិសាក់ ហៅសែ គឺជាអ្នកឃុបឃិតឲ្យឈ្មួញដែលជាបក្ខពួករបស់ខ្លួនដាក់សម្រាស់ហ៊ុមអួនចាប់ត្រីនៅក្នុងបឹងស្ទឹង ព្រែក និងដាយព្រែក ក៏ដូចជានៅក្នុងបឹងទន្លេសាបយ៉ាងពេញបន្ទុក។
ជាងនេះទៅទៀតលោក យ៉ាន់ វិសាក់ ហៅសែ គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញជាបក្ខពួករបស់ខ្លួនប្រើឧបករណ៍ខុសច្បាប់ដូចជា រុញស៊ីប អូសអួនក្រឡាញឹកជារៀងរាល់យប់នៅចំណុចចាប់ពីឃុំផាត់សណ្ដាយ រហូតដល់ទួលនាងសាវ ដែលមានឈ្មោះ ម៉ៅ ជាអ្នករត់ការកាងក្រុមជនល្មើស។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជានេសាទ ជាលក្ខណៈគ្រួសារនៅក្នុងឃុំផាត់សណ្ដាយ បានឲ្យដឹងថា បច្ចុប្បន្នមានជន ជាតិ យួនប្រើឧបករណ៍ខុសច្បាប់ច្រើន ប្រភេទដើម្បីចាប់ត្រីក្នុងបឹងទន្លេ សាបដោយសារមានការឃុបឃិត បើកដៃពីសំ ណាក់លោក យ៉ាន់ វិសាក់ ហៅសែ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ សូម្បីតែនៅតាមស្ទឹង តាមបឹងបួ តាមដៃព្រែក ក៏មានបទល្មើសដាក់សម្រាស់និងបទល្មើសដាក់ដាយចាប់ត្រីយ៉ាងមហន្តរាយដែរ ព្រោះអីលោក យ៉ាន់ វិ សាក់ ហៅសែ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ។ ទន្ទឹមនឹងនេះលោក យ៉ាន់ វិសាក់ ហៅសែ តែងតែសម្ដែងនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មានដែលទូរស័ព្ទទាក់ទងសួរអំពីករណីបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក។
ប្រភពពីប្រជានេសាទនៅក្នុងតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ មានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសនេសាទយ៉ាងគឃ្លើន។ ដោយសារតែលោក យ៉ាន់ វិសាក់ ហៅសែ និងបក្ខពួកគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ក៏ដូចជាចេះសែនព្រេនទៅថ្នាក់លើជាប្រចាំផងនោះ ទើបសកម្មភាពនៃបទល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងបឹងទន្លេសាបនៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក។
ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក យ៉ាន់ វិសាក់ ហៅសែ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ហេតុនេះហើយទើបលោក យ៉ាន់ វិសាក់ ហៅសែ នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសនេសាទតាមអំពើចិត្ត។
ប្រភពពីប្រជាសហគមន៍នេសាទក្នុងឃុំផាត់សណ្ដាយ បានឲ្យដឹងទៀតថា ចាប់ពីចំណុចទួលនាងសាវ ដល់ចំណុចចម្ការដំឡូងមានឈ្មោះ ម៉ៅ ជាអ្នករត់ការបិទបាំងបទល្មើស ហើយចាប់ពីចម្ការដំឡូងដល់តំបន់បឹងធំមានឈ្មោះ ធូ ជាអ្នករត់ការប្រមូលលុយពីបទល្មើសនេសាទយកទៅប្រគល់ឲ្យលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ ដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។
ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានមួយចំនួនតែងតែទូរស័ព្ទសុំការបំភ្លឺពីលោក យ៉ាន់ វិសាក់ ហៅសែ ជុំវិញបទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងឃុំផាត់សណ្ដាយ។ ប៉ុន្តែលោក យ៉ាន់ វិសាក់ ហៅសែ ដែលអាងមានខ្នងបង្អែករឹងមាំ មិនឆ្លើយបំភ្លឺតាមការសាកសួរព័ត៌មានពីអ្នកសារព័ត៌មានទេ ហើយបែរជាសម្ដែងការខឹងសម្បាជាមួយអ្នកសារព័ត៌មានយ៉ាងងងើល ៕