រថយន្ត​ពីរ​គ្រឿង​សាក​កម្លាំង​គ្នា លទ្ធផល​គឺ​ខ្ទេច​មួយ​កំណាត់​មុខ​ដូចគ្នា​

កំពត ៖ រថយន្ត​Hilux.Vigo​និង​រថយន្ត​Hilux.Surf​បោះពួយ​សុខៗ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ព្រលះ​គ្នា​ពេញទំហឹង ទីបំផុត​រថយន្ត​ទាំងពី​គ្រឿង​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ដូចគ្នា​។​ប៉ុន្តែ​ហេតុការណ៍​ខាងលើ មិន​បណ្តាល​ឱ្យ​មាន​អ្នកណា​របួស​ធ្ងន់ធ្ងរ​នោះទេ គឺ​របួស​ត្រឹម​លាប​ប្រេងកូឡា​ប៉ុណ្ណោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី ០៤​ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២ ស្ថិត​ចំណុច​មុខ​ផ្នូរ​កប់​សាកសព​សមាគមន៍​ជនជាតិ​ចិន ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ប៉ះទង្គិច​គ្នា គេ​ឃើញ​រថយន្ត​ម៉ាក​Hilux.Vigo ធ្វើដំណើរ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​បង្គួរ លុះ​មកដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​ម៉ាក​Hilux.Surf ធ្វើដំណើរ​ពី​កើត​ទៅ​លិច​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា តែ​មិន​ដឹង​ដូចម្តេច ស្រាប់តែ​រថយន្ត​ម៉ាក​VIGO រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​(​ហួស​គំនូស​កណ្តាល​) បណ្តាល​ឱ្យ​ប៉ះទង្គិច​គ្នា​ជាមួយ​រថយន្ត​ម៉ាក​SURF​ចំ​ខាងមុខ​ចំហៀង​ខាងឆ្វេង​ដូចគ្នា ធ្វើឱ្យ​ក្រ​ពិត​ថ្ពាល់​ទាំង​សង​ខាង​តែ​ម្តង​។​

​ប្រភព​បញ្ជាក់ទៀតថា រថយន្ត​ទាំង​ពីរ​គ្រឿង​ពេល​ប៉ះទង្គិច​គ្នា ក៏​បាន​បែក​មុខ​ម្ខាង​ដូចគ្នា ហើយ​រេ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​ទាំងអស់គ្នា ប៉ុន្តែ​អ្នកបើកបរ​ទាំងពីរ​ដួង ពុំ​បាន​រងរបួស​ធ្ងន់ធ្ងរ​នោះ​ឡើយ ហើយ​នេះ​ចាត់ទុក​ជា​សំណាង​មួយ ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​ផងដែរ​។​

​ជាមួយ​នឹង​គ្រោះថ្នាក់​ខាងលើ ប៉ូលិស​ចរាចរណ៍​ស្រុក ដែល​មក​ជួយ​អន្តរាគមន៍ បាន​ប្រាប់ថា រថយន្ត​ម៉ាក​Vigo​ជា​អ្នក​ខុស បើកបរ​ដោយ​ឈ្មោះ ធាង សីុម ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់​នៅក្នុង​ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់​ត្រា​។​ដោយឡែក រថយន្ត​ម៉ាក​SURF បើកបរ​ដោយ ឈ្មោះ សាន ស្មា​ន់ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់​នៅក្នុង​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្រោយ​ពី​វាស់វែង​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក សម្រាប់​ឱ្យ​ភាគី​ម្ចាស់​រថយន្ត​ទាំងសងខាង​ចូលមក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8283 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.