ដើម្បី​រក្សា​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​ត្រូវតែ​ពង្រឹង​ផ្នែក​សន្តិសុខ​បន្ថែម​ទៀត​

កំពត ៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រកបដោយ​សុវត្ថិភាព គឺ​ជួយ​លើកកម្ពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​មូលដ្ឋាន​កាន់តែ​ធូរធារ​ជា​លំដាប់ ហើយ​អំពើហិង្សា​ក្នុង​គ្រួសារ ត្រូវបាន​កាត់បន្ថយ ក្នុង​អត្រា​ទាប​ផង​ដែរ​។ ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ថ្លែង​នៅ​ព្រឹក ថ្ងៃទី​០៥​ខែ​មេសា ឆ្នាំ ២០១៨ ក្នុង​ពិធី​ផ្ដល់​ប័ណ្ណ​និង​លិខិត​សរសើរ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ទាំង​ចំនួន​៩៣ ក្នុង​ការងារ​ប្រឡងប្រណាំង​ការ​អនុ​វត្គ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឆ្នាំ​២០១៧
​កន្លងទៅនេះ​។​

​លោក ជាវ តា​យ បាន​គូសបញ្ជាក់​បន្ថែម​និង​បាន​កោតសរសើរ​ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម ក្នុងការ​អនុ​វត្គ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព តាម​តួនាទី​និង​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​កន្លងមក​។​លោក​ក៏​បាន លើក​បញ្ជាក់​ដែរ​ថា​៖ បើទោះបី​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​ខាងលើ​នេះ​ក៏​ដោយ ប​ច្ច​ប្បន្ន ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​ដែល​យើងទាំងអស់គ្នា​ត្រូវតែ​រួម​គ្នា​អនុវត្ត​បង្ក្រាប​និង​ទប់ស្កាត់​បន្ត​ទៀត​ពិសេស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ដែល​បង្ក​ឱ្យមាន​បញ្ហា​ប្រឈម​ជាច្រើន​ប៉ះពាល់​ដល់​បុគ្គល​ប្រើប្រាស់​ផ្ទាល់ខ្លួន សង្គម​គ្រួសារ សហគម រួម​និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍន៍​សង្គម​ផងដែរ​។​

​លោក អភិបាលខេត្ត ក្នុងឱកាស​នោះ​ក៏​បា​ដាក់ចេញ​នូវ​គោលការណ៍ និង​សំណូមពរ​មួយចំនួន​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ដ​ដាក់ចេញ​នូវ​ផែនការ គោលការណ៍ វិធានការ កម្មវិធី​ការងារ និង​ជម្រុញ​ការផ្សព្វផ្សាយ គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដោយ​ផ្សាភ្ជាប់​ជាមួយ​ការ​បំផុស​ចលនា​ប្រឡងប្រណាំង​ឱ្យបាន​ទូលំទូលាយ​ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់ និង​គ្រប់​មូលដ្ឋាន​បាន​យល់់ដឹង​និង​ចូលរួម​ឱ្យបាន​ផុលផុស​ក្នុង​ការការពារ​សុវត្ថិភាព​នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន សម្រាប់​លើកកម្ពស់ សុខ​មល​ភាព​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​សូមជម្រាបថា​៖ យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ប្រឡង​ប្រណាំង ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ខេត្ត ដែល​អាន​ដោយ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានបញ្ជាក់​ថា លទ្ធផល ឃុំ សង្កាត់​ទាំង​៩៣​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​នៅ​ទូទាំង​ខេត្ត​កំពត ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ គឺ​ប្រភេទ​លេខ​១ ត្រូវ​ទទួល​បាន​ប័ណ្ណសរសើរ​អម​ដោយ​ប្រាក់​១​លាន​រៀល ដែល​មាន​ចំនួន​៦៤ ឃំ​ុ សង្កាត់​។​ប្រភេទ​លេខ​២ ទទួល​បាន​លិខិត​សរសើរ​និង​ថវិកា​៦៥​មឺ​ុ​នរៀល មាន​ចំនួន​១៨ ឃុំ សង្កាត់ និង​ប្រភេទ​លេខ​៣ ទទួល​បាន​លិខិត​សរសើរ​អមដោយ​ថវិកា​ចំនួន​៤៥​មឺ​ុ​នរៀល មាន​ចំនួន​១១ ឃុំ សង្កាត់ ហើយ​ថវិកា​សម្រាប់​ប្រគល់​នេះ​មាន​ចំនួន​សរុប​ចំនួន ៨០.៦៥០.០០០​រៀល ដែល​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ តាមរយៈ​រដ្ឋបាល​ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!