កំពត ៖ តាមសេចក្តីរាយការណ៍ពីក្រុមអ្នករកស៊ី ដឹកទំនិញនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានលួចទម្លាយថា សព្វថ្ងៃ លោក រស់ សាត ដែលជាអនុប្រធានស្នាក់ការគយនិងរដ្ឋាករ ស្ថិតតំបន់ព្រំដែនព្រែកចាក កំពុងបើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធ-ទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់នៅតំបន់នេះយ៉ាងពេញបន្ទុក ។
ប្រភពជាក់លាក់បានឲ្យដឹងទៀតថា លោក រស់ សាត និងបក្សពួក បានឃុបឃិតគ្នាប្រព្រឹត្តរឿងអាស្រូវនិងពុករលួយតាមតែអំពើចិត្ត តាមរយៈបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំងទំនិញខុសច្បាប់ជាច្រើនប្រភេទទៀត តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃទឹកដីខេត្តកំពត។គេបានទម្លាយទៀតថា ភាពមិនប្រក្រតី របស់លោក រស់ សាត និងបក្សពួកត្រូវបានលាតត្រដាង បន្ទាប់ពីគេដឹងថា ទំនិញឆ្លងដែនដែលភាគច្រើនជាប្រភេទគ្រឿងទេស ត្រូវឈ្មួញបង់ពន្ធប្រមាណតែត្រឹម៧០% ហើយក្រៅពីនោះ គឺការឃុបឃិតគ្នាជាមួយលោក រស់ សាត និងបក្សពួក តាមរយៈពុករលួយ ដូចជាការយកលុយប្រចាំថ្ងៃក្នុងមួយឡាន៣០០ដុល្លា(ឡានធំ) និងតម្រូវឲ្យឈ្មួញបង់លុយប្រចាំខែថែមទៀតផង។ចំពោះការឃុបឃិតគ្នារវាងមន្ត្រីជំនាញនិងក្រុមឈ្មួញដូចខាងលើ ពិតជាធ្វើឲ្យរដ្ឋត្រូវខាតបង់ប្រាក់ចំណូលពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
ប្រភពដដែលបានបង្ហើបទៀតថា លោករស់ សាត ដែលបច្ចុប្បន្នទទួលបន្ទុកមើលការចរាចរទំនិញឆ្លងកាត់មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កំពុងឡើងកូដសម្បើមណាស់ ព្រោះកន្លងមកការនាំចូលទំនិញគេចពន្ធ-ទំនិញបង់ពន្ធមិនគ្រប់ គឺជាការគ្រប់គ្រងទាំងស្រុងរបស់លោក ដូចជាមីខ្លាឃ្មុំ ប្រេងឆារ កៅអីជ័រ សាប៊ូ(ម្សៅ)ព្រមទាំងទំនិញជាច្រើនប្រភេទទៀតជាដើម ហើយទំនិញទាំងនោះត្រូវបានគេឃុបឃិត បន្លំដឹកលាយឡំគ្នាជាមួយទំនិញបង់ពន្ធត្រឹមត្រូវ តាមរថយន្តគ្រប់ប្រភេទ ពិសេសរថយន្តរបស់ក្រុមឈ្មួញស្គាល់ចិត្ត ស្គាល់ថ្លើមជាមួយនឹងលោក រស់ សាត ដែលជានិច្ចកាលតែងតែដឹកទំនិញប្រភេទដដែលនេះជារៀងរាល់ថ្ងៃ។
ចឹងហើយការដឹកជញ្ជូនបើលោករស់ សាត ថាបានគឺបានហើយ តែបើឈ្មួញណាហ៊ានធ្វើអី្វឲ្យទាស់ចិត្តតែបន្តិច គឺលោក ចាប់ឲ្យបង់ពន្ធតែម្តង កុំចង់ខ្លាំងជាមួយគាត់ឲ្យសោះ។ប្រភពខាងលើបានឲ្យដឹងទៀតថា សព្វថ្ងៃលោក រស់ សាត បានបើកដៃឲ្យឈ្មួញដែលជាបក្សពួកនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ដឹកជញ្ជូនគ្មានពេលទំនេរ ប៉ុន្តែឈ្មួញខ្លះដែលគេបង់ពន្ធចូលរដ្ឋដូចគេដែរ បែរជាលោក រស់ សាត រឹតបន្តឹងមិនឲ្យចរាចរទំនិញទាំងនោះចូលឡើយ ដូចជាម្សៅសាប៊ូ កញ្ចប់ យីហោផ្កាចាន់ និងម្សៅសាប៊ូលេខ១០៧ជាដើម។
ជាមួយនឹងករណីបែកធ្លាយរឿងរ៉ាវលោក រស់ សាត បើកភ្លើងខៀវឲ្យឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក៏ដូចជាទំនិញខុសច្បាប់ ដូចបានរៀបរាប់ខាងលើ គេមិនទាន់ដឹងថា លោក យ៉ែម សេង ប្រធានស្នាក់ការគយ និងដ្ឋាករព្រែកចាក និងលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត បានដឹងឬក៏ធ្វើមិនដឹងនោះឡើយ។ដោយគេចាំមើលថា បើមានរឿងអាស្រូវដល់ថ្នាក់នេះទៅហើយ តើថ្នាក់លើត្រូវចាត់វិធានការយ៉ាងណា ទៅលើ លោករស់ សាត ដែលកំពុងដេកកើបលុយតាមរបៀបពុករលួយបែបនេះ។
ទាក់ទិននឹងរឿងអាស្រូវខាងលើ លោក រស់ សាត អនុប្រធានស្នាក់ការគយ និងរដ្ឋាករព្រែកចាក បានប្រាប់ អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៨នេះថា លោក មិនបានឃុបឃិតជាមួយក្រុមឈ្មួញណាម្នាក់ក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនោះទេ។លោកបញ្ជាក់យ៉ាងសោះអង្គើយថា អ្នកដែលហ៊ានទម្លាយរឿងនេះ គឺអ្នកដែលមិនត្រូវគ្នាជាមួយនឹងលោក ទើបចេះតែមួលបង្កាច់ និងបើកកកាយរឿងអាស្រូវទាំងនោះឡើងដើម្បីបង្ខូចឈ្មោះលោកប៉ុណ្ណោះ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃដដែល កម្ពុជាថ្មី ពុំអាចសុំការពន្យល់ពីលោក យ៉ែម សេង ប្រធានស្នាក់ការគយ និងរដ្ឋាករព្រែកចាកបានទេ ដោយសារពេលទំនាក់ទំនងលោកមិនលើកទូរស័ព្ទ។ ដោយឡែក លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត បើទោះជាអ្នកសារព័ត៌មាន ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទបែបណា ក៏លោកមិនទទួលដែរ៕
អ្នកប្រមាញ់