ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ វរ​សេនា​តូច​លេខ ២៤១-៤៣០ ប្រចាំ​ខេត្ត​កំពត​-​កែប នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក​

កំពត ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ វរ​សេនា​តូច​លេខ ២៤១-៤៣០ ប្រចាំ ខេត្ត​កំពត​-​កែប នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ត្រូវបាន​រៀបចំ​ឡើង​នៅ​រសៀល​ថ្ងៃ​១២​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៣​ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ក្រោម​វត្តមាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការ​រង​នគរបាល តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​យោងតាម​របាយការណ៍ របស់​លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក បានឲ្យដឹងថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ វរ​សេនា​តូច​បាន​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ និង​ពង្រីក​ប្រសិទ្ធភាព ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យមាន​ភាពល្អប្រសើរ ក្នុងនោះ​យើង​បាន​ចាត់​បញ្ជូន​មន្ត្រីនគរបាល ទាំង​ពីរ​វរ​សេនា​តូច ចំនួន​៤០​នាក់​ទៅ​ចូលរួម​វគ្គ​ហ្វឹកហ្វើន​មុខជំនាញ​ច្បាប់ជាតិ​-​អន្តរជាតិ និង​យុទ្ធវិធី​ប្រតិ​ប​តិ្ត​ការ ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន នៅ​បញ្ជាការ គណៈ​បញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ភូមិភាគ​៤ ខេត្តព្រះវិហារ​ចំនួន​២​លើក ។​

​ក្រៅពី​នោះ​រយៈពេល​មួយ​ឆ្នាំ​កន្លងមក វរ​សេនា​តូច​លេខ ២៤១-៤៣០ នគរបាល​ការពារ​ព្រំដែន​ទឹក ប្រចាំ​ខេត្ត​កំពត​-​កែប បាន​សាងសង់​ទីបញ្ជាការ​ថ្មី​១​ខ្នង​(​បណ្តោយ​២២.៥០​ម៉ែត្រ និង​ទទឹង​១១​ម៉ែត្រ​)​ថែមទាំង​បាន​ជួសជុល​ជម្រក​ស្នាក់នៅ អគារ​បម្រើ​ការងារ​ប៉ុស្តិ៍ និង​ប្រគល់​មធ្យោបាយ​សម្រាប់​បម្រើ​ការងារ​ល្បាត​ក្នុង​ភូមិសាស្ត្រ ដែល​ជា​អំណោយ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ទៀត​ផង​។​

​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក​វរសេនីយ៍ទោ សុខ គន្ធ​បូ​ភ័ត្ត្រ ជា​មេ​បញ្ជា​វរ​សេនា​តូច​លេខ​២៤១​នគរបាល​ការពារ​ព្រំដែន​ទឹក​ខេត្ត​កំពត ជំនួស​លោក​វរសេនីយ៍ទោ ខៀវ បេ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅឯ​នាយកដ្ឋាន​នគរបាល​ព្រំដែន​វិញ​។​

​បន្ទាប់​ពី​តែងតាំង លោក​វរសេនីយ៍ទោ សុខ គន្ធ​បូ​ភ័ក្ត្រ ជា​មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ ២៤១​ប្រចាំ​ខេត្ត​កំពត​រួចមក មេ​អង្គភាព​ថ្មី​រូបនោះ ក៏​បាន​ឡើង​ប្តេជ្ញា​ចិត្ត​នៅ​ចំពោះ​អង្គពិធី​ថា​៖ ប្តេជ្ញា ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ,​ការពារ​ច្បាប់​ជាតិ និង​អន្តរជាតិ ។ ប្តេជ្ញា គោរព​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ការពារ​បូរណភាព អធិបតេយ្យភាព​ព្រំដែន​ទឹក ព្រំដែន​សមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យបាន​គង់វង្ស​។​បង្កា​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​លើ​ផ្ទៃ​សមុទ្រ​ឲ្យមាន​ប្រសិទ្ធភា​ព​។​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​លើ​ផ្ទៃសមុទ្រ​ឲ្យទាន់​ពេលវេលា​។​សហ​ប្រតិ​ប​តិ្ត​ការយ៉ាង​ជិតស្និទ្ធ​ជាមួ​យ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ និង​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ ពិសេស​រក្សា​ឲ្យបាន​ល្អ​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​។​

​មានមតិ​ផ្តាំផ្ញើ​នា​ឱកាស​នេះ លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​ដែល​ទើបតែ​ទទួល​ភារកិច្ច​ថ្មី ត្រូវ​ចេះ​សាមគ្គី​គ្នា និង​ខិតខំ​រួមគ្នា​ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។​ត្រូវ​រួម​គ្នា​បន្ត​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ការចូលរួម​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព និង​គោលនយោបាយ​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​។​លោក​អភិបាលខេត្ត​បាន​ដាស់តឿន​ទៀតថា អង្គភាព​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់​មូលដ្ឋាន​ឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត រដ្ឋបាលខេត្ត កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច លើកកម្ពស់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ឈានទៅរក​កាត់បន្ថយ​ភាពក្រីក្រ និង​ការអនុវត្ត​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព យុតិ្ត​ធម៌ តម្លាភាព គណៈនេយ្យភាព និង​ទទួលបាន​ការគាំទ្រ គោរព​ជឿជាក់​ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​យើង ជា​ពិសេស​ត្រូវ​ខិតខំ​បង្កា​ទប់ស្កាត់ ដោយ​បង្ក្រាប​បទល្មើស​ខុសច្បាប់ និង​ចូលរួម​អនុវត្ត ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បូរណភាព​ទឹកដី​ឲ្យបាន​ល្អ​ប្រសើរ ។​

​ជាមួយនេះ លោក​សង្ឃឹម​ជឿជាក់ថា មន្ត្រីរាជការ​ដែល​បាន​តែងតាំង​ថ្មី និង​បំពាក់​ឋានន្តរស័ក្តិ​នៅ​ពេល​នេះ ពិត​ជា​មន្ត្រីរាជការ​ប្រកប​ដោយ​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ សីលធម៌ គុណធម៌ ទេពកោសល្យ មាន​សាមគ្គីភាព និង​មាន​មនសិការ ការងារ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ដំណើរ​អនុវត្ត​ការងារ ក៏ដូចជា​ការចូលរួម​ដឹកនាំ​ការងារ​របស់​វរ​សេនា​តូច​លេខ ២៤១-៤៣០ ប្រចាំ​ខេត្ត​កំពត​-​កែប នៃ​នាយកដ្ឋាន​ការពារ​ព្រំដែន​ជើង​ទឹក ឲ្យបាន​ល្អ​ប្រសើរ​ទៅ​មុខជា​លំដាប់​។​

​ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី បាន​លើកឡើង​ថា ការតែងតាំង និង​បំពាក់​ឋានន្តរស័ក្តិ គឺជា​ការលើកទឹកចិត្ត​មួយ​ដល់​កងកម្លាំង​នគរបាល​ជាតិ​ប្រចាំ​នៅ​ខេត្ត​កំពត​-​កែប ឲ្យខិត​ខំ​ប្រឹងប្រែង​អនុវត្តនូ​វ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អាជ្ញាធរ​ដែនដី នៅក្នុង​ខេត្ត​កំពត​នេះ​។​លោក​បាន​សង្កត់ធ្ងន់ថា ក្រោយ​ពី​ផ្តល់​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ មន្ត្រី​កងកម្លាំង​ទាំងអស់ ក្នុង​អង្គ​ភាពវរ​សេនា​តូច​២៤១​និង​៤៣០ កំពត​-​កែប សូម​ក្តាប់​ឲ្យ​ជាប់រាល់​ចំណុច​ខ្លឹមសា​ររបស់​ប្រមុខ​ដឹកនាំ​ខេត្ត​ដែល​បាន​លើកឡើង​ខាងលើ ដើម្បី​យកទៅ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ទទួលបាន​ជោគជ័យ ។​

​ក្នុង​ខណៈនោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​សូម​ឯកភាព​នូវ​របាយការណ៍​របស់ លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ តំណាង​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក ដែល​បាន​រាយការណ៍​ស្តី​ពី​សមិទ្ធផល​ផ្សេងៗ ដែល​អង្គ​ភាពវរ​សេនា​តូច ទាំងពីរ​អនុវត្ត​បាន​កន្លងមក​នេះ ពិសេស​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​គួរឲ្យកត់សម្គាល់​។​ក្នុង​ខណៈ​នេះ​លោក​ក៏​សូម​ជំរុញ​ដល់​មេបញ្ជាការ​អង្គភាព​ដែល​ទើបតែ​ទទួល​ភារកិច្ច ត្រូវ​ចាត់ទុកជា​តួនាទី​ដ៏​សំខាន់ ហើយ​ក៏​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ឲ្យអស់​ពី​សមត្ដភាព ត្រូវធ្វើ​ជា​គំរូ​ល្អ ដើម្បី​ដឹកនាំ​អង្គភាព​ទទួលបាន​ជោគជ័យ ហើយ​ត្រូវតែ​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ឲ្យបាន​សម្រេច​បន្តបន្ទាប់​ទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!