ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្រោម​ប្រធានបទ “​ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

ថ្ងៃ​សៅរ ៩​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៨ ​បុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ ចាប់ផ្តើម​ទទួលភ្ញៀវ​ជាង ១​លាន​នាក់​ ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្ដាល ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែ​មីនា ជាមួយ​ការរំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​ប្រមាណ​ជាង ១​លាន​នាក់​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ពោល​ក្នុង​កិច្ចប្រជុំ បន្ទាប់​ពី​គណ​:​អធិបតី​ទាំងពីរ​បាន​ដឹកនាំ​ប្រតិភូ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង​តាម​មាត់​ទន្លេ​បាសាក់ ក្នុង​ដែន​រដ្ឋបាល​ក្រុង​តាខ្មៅ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កណ្ដាល​ជា​សេនាធិការ បាន​និង​កំពុង​សហកា​រ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រៀម​រៀបចំ និង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្ដាល រយ​:​ពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៩-១១ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ ហើយ​បើ​តាម​ទីតាំង​ភូមិសាស្ត្រ ទី​រួម​ខេត្ត​កណ្ដាល​នេះ គឺ​នៅ​ជិត​រាជធានី​ភ្នំពេញ ដូច្នេះ​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​កម្សាន្ត​ប្រមាណ ១​លាន​៥​សែន​នាក់​។​

​បុណ្យ​ទន្លេ​ត្រូវ​បាន​សម្រេច​ឡើង ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​សម្រេច​យក​សប្តាហ៍​ទី​១ ឬ​ទី​២ ក្នុង​ខែ​មីនា និង​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អាស៊ាន​ផងដែរ​។​
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា បុណ្យ​ទន្លេ គឺ​បុណ្យ​អេកូ​ទេសចរណ៍​មួយ ដែល​ប្រទេស​តាម​ដង​ទន្លេមេគង្គ ឬ​តាម​ដង​ទន្លេ​គង្គា ក្នុង​ប្រទេស​ឥណ្ឌា តែង​ប្រារព្ធ​ធ្វើឡើង ដើម្បី​រួមគ្នា​ថែរក្សា​បរិស្ថាន ជីវចម្រុះ និង​ផ្សព្វផ្សាយ​ពី​ប្រពៃណី​ទំ​នៀម​ទំលាប់​របស់​សហគមន៍​ប្រជាជន តាម​ដង​ទន្លេ​។​

​លោក បាន​ណែនាំ​ឲ្យ​អនុវត្ត​ការងារ​សំខាន់ៗ​ជាច្រើន ជាពិសេស​គឺ ការពង្រឹង​ការងារ​ទីក្រុង​ស្អាត ត្រៀមលក្ខណ​: និង​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​សាលាខេត្ត​កណ្តាល ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​។ ក្រៅពីនោះ ត្រូវ​ខិតខំ​បង្កើត​ជា កញ្ចប់​ខ្សែ​ទស្សនកិច្ច​មួយ​របស់​ខេត្ត​កណ្តាល ដោយ​ត​ភ្ជាប់​គោលដៅ​ទេសចរណ៍​ពីមួយ​ទៅមួយ នឹង​រៀបចំ​បង្កើត​ជា ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ និង​កីឡា ឲ្យបាន​ច្រើន​។​

​គួរ​ជម្រាប​ដែរ ខេត្ត​កណ្តាល មាន​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ជាច្រើន ដែល​សុទ្ធតែ​ទាក់ទាញ​ដូចជា រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជទ្រព្យ គៀនស្វាយ បា​សិត ចំការ​ស្នេហ៍ ស្អាង​ភ្នំ​ជាដើម​៕

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 4120 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!