​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ផែនការ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៨​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​

កំពត ៖ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ផែនការ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៨​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​១១​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២​ខែ​មីនា ឆ្នាំ​២០១៨​ក្នុង​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​ពិធី​នេះ​រៀបចំឡើង​ដោយ​មន្ទីរ​សុខា​ខេត្តកំពត និង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​នានា​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ព្រមទាំង​ប្រធាន​មន្ទីរពេទ្យបង្អែក​គ្រប់​បណ្តា​ក្រុង ស្រុក​ប្រតិ​ប​តិ្ត ប្រធាន​មណ្ឌល​សុខភាព​គ្រប់​តំបន់​ផងដែរ​។​

​លោក ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត បានឲ្យដឹងថា វិស័យ​សុខាភិបាល​ជា​ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ និង​មាន​ការយកចិត្តទុដាក់ខ្ព​ស់​ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​លទ្ធភាព​ដល់​ក្រសួង​សុខាភិបាល ក៏ដូចជា​មន្ទីរ​សុខាភិបាល បាន​អនុវត្ត​នូវ​គោលនយោបាយ ក្នុង​ការកាត់បន្ថយ​អត្រា​ឈឺ​ស្លាប់ របស់​មាតា​-​កុមារ ព្រមទាំង​ជម្ងឺឆ្លង​-​ជម្ងឺមិនឆ្លង​និង​កត្តា​គ្រោះ​ថ្នាក់​នានា ក៏​ដូចជា​គ្រោះ​ទឹកជំនន់ និង​គ្រោះមហន្តរាយ​ជាដើម ។​

​លោក​បាន​គូសបញ្ជាក់ថា ក្រោម​ការចង្អុលបង្ហាញ​ពី​ក្រសួង​សុខាភិបាល​និង​មាន​ការណែនាំ​ផ្ទាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​និង​មាន​កិច្ចសហការ​ជាមួយ​បណ្តា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​និង​អង្គការ​ដៃគូ​អភិវឌ្ឍ​នានា​ក្នុង​ខេត្ត​កំពត​បាន​ធ្វើ​ឲ្យ​មន្ទីរ​សុខាភិបាល មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុង​ការសម្រេចបាន​នូវ​អត្រា​គ្របដណ្តប់​ខ្ពស់​និង​កាត់បន្ថយ​បាន​ជា​អតិបរិមា​នូវ​អត្រា​ស្លាប់​របស់​មាតា​-​ទារក​និង​កុមារ​,​ការឈឺ​និង​ស្លាប់​ដោយសារ​ជំងឺឆ្លង សំដៅ​រួមចំណែក​ធ្វើឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្យ​ឆ្នាំ​២០១៥​កន្លងទៅនេះ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា ដើម្បី​ចូលរួម​លើកកម្ពស់​ការអនុវត្ត​ន៍​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​សី​ុ​ជម្រៅ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល និង​ដើម្បី​កែលម្អ​សូចនាករ​សុខភាព​សំខាន់ៗ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា​និតិ​កាល​ទី​៥ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ត្រឹមត្រូវ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​បាន​ធ្វើឲ្យ​មាន​វឌ្ឍនភាព​ជាច្រើនដូច​ជា​៖​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន ,​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្ថេរភាព​នយោបាយ​,​ទេសចរណ៍ ,​ការអភិវឌ្ឍន៍​ធនធានមនុស្ស ជា​ពិសេស​ពេល​ថ្មីៗ​នេះ​រាជ​រដ្ឋភិបាល​បានអ​នុវត្តន៍ស​មាហ​រណ​កម្ម កាន់តែ​សី​ុ​ជម្រៅ​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​លើ​ការផ្តល់សេវា​សាធារណៈ​លើកកម្ពស់​ស្ថានភាព​សុខភាព​ប្រជាជន​កម្ពុជា ពិសេស​សុខភាព​ស្ត្រី កុមារ និង​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​និង​មូលនិធិ​សមធម៌​សុខាភិបាល​។​

​មានមតិ​បើក​សន្និបាត លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​លើកឡើង​ថា​៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​យកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល ជាពិសេស​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើន​ប្រាក់​បៀ​វត្យរ៍​ជូន​មន្ត្រីរាជកា​រមួយ​ឆ្នាំ​២​ដង ការផ្តល់ប្រាក់​បុរេ​ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ការអនុវត្ត​អង្គភាព​ថវិកា ការអនុវត្ត​នូវ​គម្រោង​លើកទឹកចិត្ត​មួយចំនួន​ដូចជា​ការផ្តល់​ប្រាក់​លាភ​ការបន្ថែម ប្រាក់ឧបត្ថម្ភ​ឆ្មប​បង្កើតកូន​រស់ មូលនិធិ​សមធម៌​សុខាភិបាល​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​សំដៅ​បង្កើន​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល​នៃ​សេវា​សុខាភិបាល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​មាន​លទ្ធភា​ព​ចូល​មក​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ​ប្រកបដោយ​សមធម៌ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​មាតា ទារក​និង​កុមារ កាត់បន្ថយ​ការស្លាប់​ដោយ​ជំងឺឆ្លង និង​បន្ថយ​បន្ទុក​ជំងឺឆ្លង ព្រមទាំង​បញ្ហា​សុខភាព​សាធារណៈ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឲ្យ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​នៅ​លើ​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា សន្និបាត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​មួយ​ថ្ងៃនេះ ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​ជា​ឱកាស​អាច​ឲ្យ​យើងទាំងអស់គ្នា​បាន​ពិនិត្យមើល​សមិទ្ធផល​ដែល​សម្រេច​បាន​រួមគ្នា ដើម្បី​ឲ្យ​យើង​ដឹង​ថា​បទពិសោធន៍​អ្វីខ្លះ​ដែល​ធ្វើឲ្យ​យើង​សម្រេចបាន​ជោគជ័យ និង​កត្តា​ប្រឈម​អី្វ​ខ្លះទៀត ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​និង​ដោះស្រាយ​រាល់​ការលំបាក​ទាំងនោះ ដើម្បី​ឈាន​ទៅ​សម្រេចបាន​ជោគជ័យ​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​ដែរ គណៈអធិបតី ក៏​បាន​ជូន​ប័ណ្ណសរសើរ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​មណ្ឌល​សុខភាព​ណា​ដែល​មាន​ស្នាដៃ​ឆ្នើម និង​បំពេញការងារ​បាន​ល្អប្រសើ​រ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9049 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!