លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ នាំយក​ថវិកា​ទៅសួរសុខទុក្ខ​នាយ​ប៉ុស្តិ៍​ព្រែក​ព្នៅ​ស្តីទី​ដែល​ត្រូវ​ជន​ញៀន​ថ្នាំ​កាប់​បាក់ដៃ​

កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​យក​ថវិកា​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ទៅសួរសុខទុក្ខ​លោក អ៊ឹម រិទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​នគរបាល​ជាតិ (​នាយ​ប៉ុស្តិ៍​ព្រែក​ព្នៅ​ស្តីទី​) ដែល​ត្រូវ​ជន​ញៀន​ថ្នាំ​កាប់​បាក់ដៃ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។​

​លោក ឃួ​ង ស្រេង បាន​ផ្តល់​ថវិការ​ចំនួន ២០០​ដុល្លា លោក សុខ សម្បត្តិ ថវិកា​ចំនួន ២០០ ដុល្លារ​ និង​ទឹកដោះ​ឆៅ​ចំនួន​៤​ឡូ លោក ឈិន គឹម​ធុយ ថវិកា​ចំនួន ១ ០០០ ០០០ រៀល​។​

​លោក អ៊ឹម រិទ្ធី នាយ​ប៉ុស្តិ៍​នគរបាល​ព្រែក​ព្នៅ​ស្តីទី ត្រូវ​បាន​ជនសង្ស័យ​ញៀន​ថ្នាំ​កាប់​ដាច់​ដៃ​ ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​ ​លេខ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខណៈ​ដែល​ ​ជនរងគ្រោះ​ទៅ​អន្តរាគមន៍​ហាមឃាត់​ជនសង្ស័យ​ប្រើ​ហិង្សា​ទៅ​លើ​ម្តាយបង្កើត​។

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ អំ ដាលីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ឹម រិទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​ ​មុខរបរ​នគរបាល​ជាតិ (​នាយ​ប៉ុស្តិ៍​ព្រែក​ព្នៅ​ស្តីទី​) មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង​ ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​ផ្តល់​ព័ត៌មាន​ថា មាន​​ករណី​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ត្រង់ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ ភ្លាម​នោះ​ជនរងគ្រោះ​បាន​ដឹកនាំ​​កម្លាំង​ចុះ​ដល់​ត្រង់​កន្លែង​កើតហេតុ ពេល​ទៅ​ដល់​ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​យក​កាំបិតផ្គាក់​មក​​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​ដាច់​កដៃ​ខាងឆ្វេង ភ្លាម​នោះ​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​​នៅក្បែរនោះ ក៏​បាន​នាំគ្នា​មក​ជួយ​ឃាត់​ជនសង្ស័យ និង​បាន​វាយ​ជនសង្ស័យ​បណ្តាលឲ្យ​បែកក្បាល​​ហូរឈាម រួច​ប្រគល់ឲ្យ​កម្លាំងល្បាត​របស់​អធិ​ការដ្ឋាន ចំណែក​ឯ​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង និង​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដើម្បី​ព្យាបាល​។​

​តាម​ប្រជាពលរដ្ឋ​និយាយថា ជនសង្ស័យ​ខាងលើ គឺជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ត្រូវ​​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​។ ក្រោយ​មក​ជនសង្ស័យ​រូបនេះ​បាន​ប្រើល្បិច​ធ្វើ​ជា​ឈឺ​​ឱ្យ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រាប់តែ​បាន​រត់គេចខ្លួន​បាត់​។ លុះ​នៅ​ថ្ងៃកើតហេតុ ជននេះ​​បាន​មក​រករឿង​ក្រុមគ្រួសារ​យ៉ាងខ្លាំង ហើយក៏​មាន​អ្នកជិតខាង​ជួយ​រាយការណ៍​ទៅ​កម្លាំង​​សមត្ថកិច្ច ទើប​ត្រូវ​លោក​មេ​ប៉ុស្តិ៍​ដែល​ជា​ជនរងគ្រោះ​ដឹកនាំ​កម្លាំ​ចុះ​ទៅ​អន្តរាគមន៍​នៅផ្ទះ​កើតហេតុ​។ គ្រាន់តែ​ក្រឡេកឃើញ​កម្លាំង​សមត្ថកិច្ច​ភ្លាម ជន​នោះ​ក៏​ទាញ​កាំបិត​ដេញ​កាប់​រហូត​​ត្រូវ​ជនរងគ្រោះ​រងរ​បួស​តែម្តង ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​។ ភ្លាមៗ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 7909 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.