​ពលរដ្ឋ​រិះគន់ថា​៖​ចំណុច​ទី​ប្រជុំជន​ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ជា​កន្លែង​បំពុលបរិស្ថាន​និង​បង្កជម្លោះ​បែកផ្សែង ឯ​អាជ្ញាធរ​និង​សមត្ថកិច្ច បែរ​ជា​ដេក​លង់លក់​

កំពត ៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​នៃ​ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាននាំគ្នា​រិគ​ន់ចំៗ​មក​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថា ហាក់ដូចជា​មិន​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឡើយ​។​

​ពួកគាត់​បាន​លើក​ហេតុផល​ថា កន្លងមក​ក្នុង​មូលដ្ឋាន​នេះ​ឧស្សាហ៍​មាន​កើត​ជម្លោះ​និង​ករណី​បង្ក​ហិង្សា​ជា​ញឹកញាប់ ដោយ​ករណីបែបនេះ​បាន​កើត​ឡើង​ក្បែរ​ក្លៀក​និង​ច្រមុះ របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​តំបន់​ខាងលើ តែ​បែរជា​គ្មាន​មុខ​អស់លោក​ទាំងនោះ​មក​រេ​រាំង​ឬ​មាន​វិធានការ​បង្កា​ទប់ស្កាត់​ឡើយ​។​ជាងនេះទៅទៀត ផ្នែក​បរិស្ថាន​នៅ​ភូមិសាស្ត្រ​ចំណុច​ផ្លូវបំបែក​ជិត​ប៉ុស្តិ៍​រដ្ឋបាល ហាក់​មាន​សភាព​អាប់អួរ ដោយ​កន្លងមក​គេ​តែងតែ​ឃើញ​បុគ្គល​មួយ​ផ្នែក​តូច​ជញ្ជូន​កាក​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ​មក​ចាក់គរ ក្បែរ​ចិញ្ចើម​ផ្លូវ ដែល​បង្ក​ទៅ​ជា​មាន​ចំហាយ​ក្លិន​សាយភាយ​បង្ក​រំខាន​ដល់​អ្នកដំណើរ ពិសេស​អ្នក​រស់នៅ​ក្បែរ​ចំណុច​នោះ​តែម្តង​។​

​ប្រជាពលរដ្ឋ​ខាងលើ​បានបញ្ជាក់​អះអាងថា អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​តំបន់​ខាងលើ ហាក់ដូចជា​អសកម្ម​ការងារ ហើយ​មិន​សូវ​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ចង់​អ្នក​ណា​មាន​បញ្ហា​អី្វ ក៏​មិន​ឈឺក្បាល​វិលមុខ​ដែរ ជួនកាល​មាន​ជម្លោះ​បែកផ្សែង ជេរ​គ្នា​ផ្អើល​ស្រុក ប៉ុន្តែ​មិន​ដែល​ឃើញ​អស់លោក អាជ្ញាធរ ឬ​លោក​សមត្ថកិច្ច​ណា​មក​អន្តរាគមន៍​នោះ​ទេ ឬ​អស់លោក​រង់ចាំ​ឲ្យ​ពលរដ្ឋ​ប្រកា​ប់ប្រចាក់​គ្នា​មាន​របួសស្នាម​និង​ចង់ឲ្យ​មាន​បទល្មើស​កើតឡើង​ទើប​បង្ក្រាប​យក​ស្នាដៃ​ឬ​យ៉ាងណា​?​។​

​ជុំវិញ​ភាព​អសកម្ម​ដូចខាងលើ ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឃុំ​អង្គ​សុរភី​សំណូមពរ​ដល់​លោក សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក និង​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច មេត្តា​ជួយ​ជំរុញ​ដល់​អាជ្ញាធរ​ក្រោម​ឱវាទ​កុំឲ្យ​ខ្ជិលច្រអូ​សពេក ព្រោះ​កន្លងមក​អស់លោក​ហាក់ដូចជា​ស្ពឹក​ស្រពន់​ណាស់ យក​ល្អ​គួរ​ហៅ​ទៅ​ស្រឿស​រសៃ​ចេញ​ម្តង​ទើប​ប្រសើរ​។​

​គួរកត់សម្គាល់​ថា​៖ កាលពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងមក រាជរដ្ឋាភិបាល​បាន​ប្រគល់​ពានរង្វាន់ ជ័យលាភី​ទីក្រុង​ស្អាត​សម្រាប់​ខេត្ត​កំពត​។​ការសម្រេច​ផ្តល់​នូវ​ជ័យលាភី​នេះ ដោយសារ​ខេត្ត​កំពត ត្រូវបាន​កែលម្អ​ឲ្យក្លាយ​ជា​តំបន់​មួយ​ប្រកប​ដោយ​សោភ័ណភាព មាន​សម្រស់​ស្រស់ត្រកាល មាន​និរន្តរភាព​ប្រកប​ដោយ​ភាព​រីកចម្រើន ទាក់ទាញ ទាំង​សក្តានុពល​សេដ្ឋកិច្ច ទាំង​សក្តានុពល​ទេសចរណ៍ ពិសេស​បរិស្ថាន​ធម្មជាតិ​និង​ការធ្វើ​បដិសណ្ឋារកិច្ច ។ ដូច្នេះ​ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ឈ្មោះ​ដ៏​ល្បីល្បាញ ទីក្រុង​ស្អាត​”​ផ្ការំដួល​បី​ទង​”​យើង​ត្រូវ​រួមគ្នា​ថែរក្សា​បរិស្ថាន​ឲ្យបាន​ស្អាត​ជា​និច្ច សូម​កុំ​បោះចោល​សំរាម និង​កាកសំណល់​រប៉ាត់រប៉ាយ ឬ​បំពុលបរិស្ថាន​ក្បែរ​ចិញ្ចើម​ផ្លូវ ។ បរិស្ថាន​ល្អ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ផាសុខភាព គ្មាន​ជំងឺ​បៀតបៀន​។​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ផ្តើម​ដោយសារ​យើងទាំងអស់គ្នា ដោយ​យើង​មិន​អាច​មើល​រំលង​បានឡើយ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.