ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រារឰ​ខួប​លើក​ទី ១០៧​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មិនា ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ ”

ខេត្ត​កំពង់ស្ពឺ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា មេទ័ព​កងកម្លាំង​មួក​ខៀវ​កម្ពុជា​បាន​លើកកម្ពស់​សិទ្ធ​នារី និង​កោតសរសើរ​ពី​ពលី​កម្ម​របស់​កង​យោធា​នារី​មួក ខៀវ​កម្ពុជា​ដែល​មាន​សិទ្ធ និង​សមត្ថភាព​ដូច​បុរស​ក្នុង​កិច្ច​ចូលរួម​បេស​ក កម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ដោយ​សម្រេចបាន​លទ្ធផល​ស្នាដៃ​ជា​បន្តបន្ទាប់​ជូន​ជាតិ​មាតុភូមិ​។​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា សន្តិភាព ថ្លែងថា​ ៖“​កម្លាំង​មួក​ខៀវ​នារី​កម្ពុជា គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​បុរស​ក្នុង​ការចូលរួម​បំពេញ​បេសកកម្ម​អ​.​ស​.​ប​” ។​

​ការ​ថ្លែង​បែបនេះ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ ”​ស្ត្រី​រួម​គ្នា​រក្សា សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​”​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។​
​កម្លាំង​នារី​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ត្រូវបាន​អគ្គលេខាធិការ​អ​.​ស​.​ប​ផ្តល់​ចំណាត់ថ្នាក់​លេខ​១០ លើ​១២១​ប្រទេស ដែល​បាន​បរិច្ចាគ​កងកម្លាំង​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ី ។​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ស្ទួន​ជាមួយ​ប្រទេស​ម៉ុង​ហ្គោលី និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។ កម្ពុជា​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការបញ្ជូន​កម្លាំង​នារី​ទៅ​ក្នុង​បេសកកម្ម​អ​.​ស​.​ប​”​។​

​លោកស្រី​ឧត្តមសេនីយ៍ឯក ហេ សៀកឡេង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​បញ្ជាក់ថាៈ “​ឆ្នាំ​២០១៨​គឺជា​ខួប​លើក​ទី​១២​ឆ្នាំ នៃ​ការបញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អ​.​ស​.​ប ដែល​មាន​កម្លាំង​ចូលរួម​សរុប​ចំនួន ៥.១៧២​នាក់​។ ក្នុងនោះ​មាន​កម្លាំង​នារី​ចំនួន​២៣០​នាក់​”​។ លោក​បន្តថា​បច្ចុប្បន្ន​កម្លាំង កំពុង​បំពេញ​បេសកកម្ម​មាន​ចំនួន​៨១៣​នាក់​ក្នុងនោះ​កម្លាំង​នារី​ចំនួន​៦៣​នាក់ បាននិងកំពុង​បំពេញបេសកកម្ម​ស្វែងរក សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ម៉ាលី លី​បង់ និង​អាហ្វ្រិក​កណ្តាល​ហើយ​ដែល​ក្នុងនោះ​គឺ​មាន​នារី​មួយ​រូប​ជា​នាយសេនាធិការ​និង​មួយ​រូប​ទៀត​ជា​មេបញ្ជាការរង​ផងដែរ​។​

​ដោយសារ​តែ​កម្លាំង​មួក​ខៀវ​នារី​មាន​សមត្ថភាព​គ្រប់គ្រាន់ លោកស្រី ឧត្តមសេនីយ៍ឯក​បន្ថែ​ម​ថា នឹង​បន្ត​លើកទឹកចិត្ត ជ្រើសរើស និង​ស្នើសុំ​ចាត់​បញ្ជូន​យុទ្ធ​នារី ដែល​មាន​សមត្ថភាព ទៅ​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព របស់​អ​.​ស​.​ប​ឱ្យមាន​ចំនួន​កើនឡើង​បន្ថែមទៀត និង​បន្ត​ពិនិត្យ​សមត្ថភាព​និង​លើកទឹកចិត្ត ដើម្បី​តែងតាំង​មុខងារ និង​តម្លើង ឋានន្តរស័ក្តិ​បន្ថែម​ផងដែរ​។​

​គួរបញ្ជាក់ថាៈ​ក្នុងរយៈពេល​១២​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព ទៅកាន់​ប្រទេស​ចំនួន​៨​រួចមកហើយ រួមមានៈ សាធារណៈរដ្ឋ​ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, លី​បង់​, អាហ្វ្រិក​កណ្តាល​, ម៉ាលី​, ឆាត​, សាយ​ប្រឹស និង​ស៊ីរឺ ដែល​មាន​កម្លាំង​សរុប​ចំនួន ៥.១៧២​នាក់ ក្នុង​នោះ​កម្លាំង​នារី​ចំនួន​២៣០​នាក់ ៕

Filed in: ខេត្ត​កំពង់ស្ពឺ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!