ប្រជាពលរដ្ឋ​៤៥​នាក់​លើកគ្នា​មក​កាន់​សាលាដំបូង​ខេត្តកំពត​ទាំង​ព្រឹក ខណៈ​បុរស​ម្នាក់​ដែល​ជា​គូរ​កន​ត្រូវ​តុលាការ​បើកសវនាការ​នៅ​ព្រឹក​នេះ​

​កំពត ៖ ពលរដ្ឋ​ចំនួន​៤៥​នាក់ ដែល​រស់នៅ​ក្នុង​ភូ​ិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​លើកគ្នា​មកកាន់​សាលាដំបូង​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី ០៧​ខែ​មីនា ឆ្នាំ​២០១៨ ការ​មក​ផ្តុំគ្នា​នេះ ដើម្បី​ចង់​ដឹង​ដំណើររឿង ខណៈ​តុលាការ​បាន​កោះហៅ​គូរ​កន​ម្នាក់​មក​បើក​សវនាការ​នៅ​ព្រឹក ថ្ងៃទី​០៧​ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ម្នាក់ បានបញ្ជាក់​អះអាងថា ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់ ដែល​មក​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​ខេត្ត​នា​ពេល​នេះ​គឺ​តុលាការ​មិន​បាន​កោះហៅ​នោះទេ គឺ​បាន​កោះហៅ​តែ​បុរស​ម្នាក់ ឈ្នោះ សោ ភី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត តែ​ម្នាក់​ប៉ុណ្ណោះ តែ​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់​ខាងលើ បែរ​ជា​លើក​គ្នា​មក​កាន់​ទី​នេះ​យ៉ាង​ពពាក់ពពូន ក្នុង​គោលបំណង​ចង់​ដឹង​រឿងហេតុ​ដែល​តុលាការ​បើកសវនាការ​ជំនំុ​ជំរះ​នៅ​ព្រឹក​នេះ​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើនេះ ប្រភព​ពី​សមត្ថកិច្ច​បា​ន​ទម្លាយ​ថា តាម​ការអង្កេត​នោះ កាលពី​ថ្ងៃ​ទី​០៥​ខែ​សីហា ឆ្នាំ​២០១៤ ឈ្មោះ សោ ភី នេះ​បាន​លក់​ដី​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ឲ្យទៅ​ឈ្មោះ ហ៊ាង គន្ធី ដោយ​មាន​លិខិតផ្ទេរកម្មសិទ្ធិ​កាន់កាប់​ដីធ្លី ចុះ​ថ្ងៃ​ទី​០៥​ខែ​សីហា ឆ្នាំ​២០១៤​។​លុះ​ក្រោយមក​ឈ្មោះ សោ ភី បាន​ប្រកាស​នៅ​លើ​វេទិកា​សាធារណៈ​ថា ខ្លួន​ពុំ​ដែល​បាន​លក់​ដី​នេះ​ទៅឲ្យ​ឈ្នោះ ហ៊ាន គន្ធី នោះទេ​។​ប៉ុន្តែ​បើ​តាម​ចម្លើយ​សាក្សី​ជា​មេភូមិ ឈ្មោះ ប្រាក់ នាគ និង​ឈ្មោះ តូច សារ៉ុម បាន​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា​ថា ពួកគាត់​ពិតជា​បាន​ឃើញ​ឈ្មោះ ហ៊ាន គន្ធី ប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដី​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ឲ្យទៅ​ឈ្មោះ សោ ភី ប្រាកដ​មែន តែ​ក្រោយមក​បែរ​ជា​បដិសេធថា​ខ្លួន​ពុំ​បាន​ទទួល​ប្រាក់​នោះ​ទៅវិញ ទើប​ម្ចាស់​លុយ​គេ​មិន​សុខចិត្ត និង​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​សមត្ថកិច្ច​តែម្តង​។​

​បើ​តាម​សំដី​ប្រជាពលរដ្ឋ​ដែល​មក​ផ្តុំគ្នា​នៅមុខ​តុលាការខេត្ត​កំពត ដែល​សុទ្ធសឹង​ជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង បានឲ្យ​ដឹង​ផងដែរ​ថា ពួកគាត់​មក​កាន់​ទី​នេះ​គឺ​មាន​គោលដៅ​សំខាន់​ពីរ ទី​១-​មក​ចង់​ដឹង​ដំណើររឿង ដែល​តុលាការ​បើកសវនាការ​លើ​បុគ្គល​ម្នាក់​ឈ្មោះ សោ ភី ។​ទី​២-​គឺ​មក​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ឲ្យជួយ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី ដែល​កំពុង​រាំ​ុ​រ៉ៃ​ជា​យូរ​មក​ហើយ​។ ជាមួយ​នេះ​ពួកគាត់​បាន​សុំ​គោលការណ៍​ចំនួន​បី​ចំណុច​ធំៗ​ដូចជា​៖ សំណូមពរ​ស្នើសុំ​ក្នុងកា​រ​ពន្លឿន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​។ សុំ​ឲ្យ​ខាង​ជំនាញ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិឲ្យ​បាន​ឆា​ប់​បំផុត និង​សុំ​អន្តរាគមន៍​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់​ស្លាត់​ចំពោះ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ដីធ្លី​នៅ​តំបន់​ខាងលើ​។​

​សូមបញ្ជាក់​ថា​៖ ករណី​មាន​ការតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត គឺ​បាន​កើតឡើង​ជា​ច្រើនលើក​ច្រើនសារ​មកហើយ ពោល​គឺ​តាំងពី​ជំនាន់​អភិបាលខេត្ត​មុន បន្ត​មក​ដល់​អភិបាល​ខេត្ត​នា​ពេល​បខ្ចុប្បន្ន ហើយ​ការលើក​គ្នា​មក​តវ៉ា​និង​សុំ​អន្តរាគមន៍​នេះ សុទ្ធសឹង​ពាក់ព័ន្ធ​នឹង​ការ​វិវាទ​ដីធ្លី​ដែល​កំពុង​រាំ​ុ​រ៉ៃ ព្យាបាល​មិនជា ហើយ​អ្នក​មក​តវ៉ា​នេះ​ជា​មនុស្ស​មុខ​ដដែល​ផងដែរ​។​

​ចំពោះ​ការ​មក​ផ្តុំគ្នា​សុំ​អន្តរាគមន៍​នេះ តំណាង​អាជ្ញាធរ​ខេត្ត​កំពត បាននិងកំពុង​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ដើម្បី​យក​ដំណឹង​នេះ​ទៅ​ជម្រាប​ជូន​ប្រមុខ​ដឹកនាំ​ខេត្ត​កំពត​សម្រាប់​រក​វិធានការ​ដោះស្រាយ​នាពេលខាងមុខ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.