​ប្រកាស​ចូល​កាន់តំណែង អនុប្រធាន​មន្ទីរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប្រធាន អនុប្រធាន​ការិយាល័យ​និង​នាយផ្នែក នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត

​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បាន​ធ្វើ​ពិធី​ប្រកាស​ចូល​កាន់តំណែង មន្ត្រីរាជការ​ចំនួន​១១​រូប មក​ពី​ក្របខណ្ឌ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួមមាន​៖ អនុប្រធាន​មន្ទីរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប្រធាន អនុប្រធាន​ការិយាល័យ និង​នាយ​ផ្នែក នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត ក្រោម​វត្តមាន លោក លី សា​វេត អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​យោងតាម​ប្រកាស ត្រូវបានតែងតាំង លោក​កែ សុ​ដា ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត​។​ចំណែក លោក ជួន សា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​។ លោក​ហុក​គា សកល ជា​នាយ​ផ្នែក​កំពង់ត្រាច លោក​ផាន់ កំណាព្យ ជា​នាយ​ផ្នែក​ឈូក ហើយ​ខណៈនោះ​ក៏​មាន​ការប្រកាស​ឲ្យចូល​កាន់​មុខតំណែង​ជា ប្រធាន អនុប្រធាន​ការិយាល័យ នាយរង​ផ្នែក នៃ​អង្គភាព​កសិកម្ម​ខេត្ត​កំពត​ផងដែរ​។

​លោក ចាន់ រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បានឲ្យដឹងថា គោលនយោបាយ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​ធានា​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​កសិករ​។​ដោយសារ​អនុលោម​តាម​គោលនយោបាយ​នេះ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត មាន​ទិសដៅ​របស់​ខ្លួន​ក្នុង​ការរួមចំណែក​ឆ្លើយតប​នឹង​ទិសដៅ​នេះ គឺ​មាន​ការងារ​ច្រើន​ដែល​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ មាន​ជាអាទិ៍​៖ ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ជូន​ដល់​កសិករ ការជួយ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ និង​ស្មារតី ការជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ពួកគាត់​។​ល​។​លោក​ចាន់ រិទ្ធ បាន​បញ្ជាក់​ផង​ដែរ​ថា តុល្យភាព​ស្បៀង​ឆ្នាំ ២០១៧-២០១៨ នៃ​ផែនការ​ដាំ​ដុះ​(​វស្សា​និង​ប្រាំង​)១៣៤.២២០​ហិកតា ក្នុងនោះ​វស្សា​មាន ១២៦.០០០​ហិកតា ប្រាំង​មាន​៨.២២០​ហិកតា​។​ផ្ទៃ​ដី​អនុវត្ត ទាំង​រដូវវស្សា​និង​រដូវប្រាំង​មានចំនួន ១៤៧.៤៦១​ហិកតា ក្នុងនោះ​វស្សា​១៣៨.៣៩៩​ហិកតា ប្រាំង​៩.០៦២​ហិកតា ហើយ​ទិន្នផល​ជា​មធ្យម ទាំង​ប្រាំង​និង​វស្សា ៣,២២០​ត​/​ហ​.​ត ដោយ​ទទួលបាន​បរិមាណ ៤៧៥.៦១៧​តោន លើស​ផែនការ ១៧៣.៧៨២​តោន​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា តាម​ការស្រាវជ្រាវ​រក​ឃើញ​របស់​អង្គការ APO (Asian Productivity Organization) បានឲ្យដឹងថា ភាពក្រីក្រ​របស់​ប្រជា​កសិករ​នៅ​ល​ម្ពុ​ជា មិនមែន​មកពី​បញ្ហា​កង្វះ​ខាត​ដី​កសិកម្ម ឬ​កំណើនប្រជាជន​ឡើយ គឺ​មកពី​ផលិតភាព​កសិកម្ម​នៅ​ខ្សោយ ។ ដូច្នេះ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ទន្ទឹម​គ្នា​ទាំង​មន្ត្រី​កសិកម្ម ទាំង​កសិករ​ជា​អ្នក​ផលិត​ផ្ទាល់​។​លើសពីនេះ​ការអនុវត្ត​តាម​អនុសាសន៍​របស់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការ​ប្រែក្លាយ​ពី​ការផលិត​បែប​ទូលាយ មក​ផលិត​បែប​សី​ុ​ជម្រៅ ក៏​ត្រូវតែ​ធ្វើ​ដោយ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។​ប៉ុន្តែ​អី្វ​ដែល​ជា​ក្តីសង្ឃឹម​អាចទ​ទួល​បាន​លុះត្រាតែ ការផ្តល់​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក ពី​កសិករ​អ្នក​ផលិត ជាមួយ​អ្នក​ប្រមូល​ទិញ ត្រូវបានធ្វើ​ដោយ​ទំនុកចិត្ត​ខ្ពស់បំផុត​។​

​ក្នុងឱកាស​នោះ​លោក លី សា​វេត អភិបាលរង​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​-​អង្គភាព កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត ក៏​បាន​ចូលរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍ​ខេត្ត​កំពត​ឲ្យមាន​ការរីចម្រើន ពិសេស​ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ដែល​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​របស់​យើង​លើ​គ្រប់​វិស័យ​។​

​លោក​អភិបាលរង​បាន​បន្តថា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត លោក​សូម​ចូលរួម​អបអរសាទរ ចំពោះ​លោក លោកស្រី ទាំង​១១​រូប ដែល​ត្រូវ​ថ្នាក់ដឹកនាំ​ផ្តល់​ការទុកចិត្ត​តែងតាំង​មុខតំណែង​ថ្មី​ជា អនុប្រធាន​មន្ទីរ​កសិកម្ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប្រធាន អនុប្រធាន​ការិយាល័យ នាយផ្នែក និង​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត​។​ទន្ទឹមនេះ លោក​បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​មន្ត្រី​រាជកា​រ គឺជា​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋ​។

​ជាមួយ​នេះ​លោក​ក៏​បាន​ជំរុញ​ដល់​មន្ត្រីរាជការ​ដែល​ត្រូវបាន​តែងតាំង​មុខតំណែង​ថ្មី​នា​ថ្ងៃនេះ ត្រូវ​ខិតខំ​អនុវត្ត​ការងារ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ មាន​សីលធម៌​វិជ្ជាជីវៈ​ជា​មន្ត្រីរាជការ ហើយ​ផ្តើមចេញ​គ្រប់​សកម្មភាព និង​ឆន្ទៈ​ដឹកនាំ​ដើម្បី​ឲ្យមាន​ការចូលរួ​ម​របស់​មន្ត្រី​គ្រប់​ថ្នាក់ គ្រប​ផ្នែក ក្នុងនោះ​សាមគ្គីភាព​ផ្ទៃក្នុង​របស់​មន្ទីរ​-​អង្គភាព​គឺជា​កត្តា​សំខាន់​ចម្បង​ដែល​ត្រូវ​គិតគូរ ។ លើសពីនេះ មន្ទីរ​ក៏​ត្រូវ​ទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់​មូលដ្ឋាន​ឃុំ សង្កាត់ ការិយាល័យ​ជំនាញ​ថ្នាក់ក្រុង ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ចូលរួម​អនុវត្ត បង្កា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ បទល្មើស​នេសាទ​ខុសច្បាប់​និង​ខិតខំ​ចូលរួម​អនុវត្ត​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការអភិវឌ្ឍ​សេដ្ឋកិច្ច ពិសេស​ជំរុញ​វិស័យ​កសិកម្ម​ឲ្យបាន​រីកចម្រើន ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​ឈានឆ្ពោះ​ទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអនុវត្ត​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព យុត្តិធម៌ តម្លាភាព និង​គណនេយ្យភាព ប្រកប​ដោយ​ការគាំទ្រ គោរព​ជឿជាក់​ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​យើង​៕
​សេង ណា​រិទ្ធ​

 

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.