ខេត្ត​កែប​ប្រារព្វ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​”

​កែប ៖ ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​”​ត្រូវបាន​ប្រារព្វ​ឡើង​នៅក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​១​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០២​ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ងួន ប៊ៀន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ។​ពិធី​នេះ​បាន​រៀបចំឡើង​ដោយ​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប​។​

​ខណៈនោះ លោកស្រី អ៊ូ សុគន្ធី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​នានា​លើ​សកលលោក តែងតែ​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ០៨​មីនា ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​របស់​ស្ត្រី ក្នុងការ​ទាមទារ​សិទ្ធិ សេរីភាព និង​ការអនុវត្ត​សិទ្ធិ​ស្ត្រី​ស្មើភាព​រវាង​បុរស​និង​ស្ត្រី ដោយ​ពិនិត្យ​មើល​ផងដែរ លើ​សមិទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម​នៅ​សេសសល់ ដើម្បី​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត​ជា​បន្ត​ទៅមុខ​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​លោកស្រី​បាន​គូសបញ្ជាក់​ទៀត​ថា ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០១៨​នេះ ក្រសួង​កិច្ចការនារី​បាន​លើកយក​ប្រធានបទ​មួយ​គឺ​”​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ ជំរុញ​ឲ្យមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព​ជីវភាព ឋានៈ តួនាទី របស់​ស្ត្រី​ក៏ដូចជា​សុខុម​ល​ភាព​សង្គម​ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា​ព្រមទាំង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​

​មានមតិ​សំណេះសំណាល​នាពេលនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​កែប លោក​សូម​គាំទ្រ​លើ​ប្រធានបទ «៨​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធម៌ អហិង្សា ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានកំណត់ ។

​លោក​អភិបាលខេត្ត​បាន​បន្តថា សុខ​សន្តិភាព​មានតម្លៃ​ណាស់​សម្រាប់​មនុស្សជាតិ ដែលជា​បំណងប្រាថ្នា​របស់​បុគ្គល​គ្រប់រូប គ្រប់​វ័យ ព្រោះ​បើ​មាន​សុខសន្តិភាព ទើប​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​និង​គ្រប់​ទីកន្លែង ព្រមទាំង​ធ្វើឲ្យ​ប្រជាជន​រស់នៅ​ក្នុង​ភាព​សុខដុមរមនា ពិសេស​ស្ត្រី​រស់នៅ​ជួបជុំ​គ្រួសារ មានឱកាស​អភិវឌ្ឍ​សមត្ថភាព​និង​សិក្សា​រៀនសូត្រ​ក្រេប​យកចំណេះ ជំនាញ ដើម្បី​រួមចំណែក​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ ។​

​លោក​ថា ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​១ ស្ត្រី​នៅ​ជុំវិញ​ពិភពលោក បាន​ធ្វើ​ការតស៊ូ​មតិ​ឲ្យមាន​ការប្រើប្រាស់​កិច្ចសន្យានិ​ង​សន្តិភាព ជំនួស​ឲ្យ​អំពើហិង្សា​ក្នុង​ការដោះស្រាយ​ជម្លោះ​។​ស្ត្រី​បាន​ជំរុញ​ឲ្យមាន​ការយក​ចិត្ត​ទុកដាក់ ចំពោះ​ផលវិបាក​ជាច្រើន​កើត​ចេញពី​អំពើហិង្សា​និង​ជម្លោះ​ប្រដាប់អាវុធ​រួម​ទាំង​ការរីក​រាលដាល​នៃ​អំពើហិង្សា​ផ្លូវភេទ​ផងដែរ ដែល​ស្ត្រី និង​ក្មេង​ស្រី​គឺជា​ជនរងគ្រោះ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ការអនុវត្ត​គោលនយោបាយ​និង​កម្មវិធី​សមភាព​យេនឌ័រ​ធ្វើឲ្យ​ស្ត្រី ក៏​ដូចជា​សង្គម​ជាតិ​ទទួល​នូវ​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ និយាយ​ដោយឡែក​រយៈពេល​២០​ឆ្នាំ​កន្លង​មក​ស្ថានភាព​ស្ត្រី​នៅ​ខេត្ត​កែប មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ។ ស្ត្រី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​សុខសន្តិភាព ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ ព្រមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការកែលម្អ​សេវា​សាធារណៈ​ផង​ដែរ​។​

​បន្ទាប់​ពី​សំណេះសំណាល គណៈអធិបតី​ក៏​បាន ក៏​បាន​ចែក​នូវ​វត្ថុ​អនុស្សាវរីយ៍​ដល់​មន្ត្រីរាជការ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!