​ខេត្ត​កែប​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត “​ផ្ការំដួល​បី​ទង​”​ជា​លើក​ទី​២

កែប ៖ ដោយសារ​តែ​ភាពស្រស់ស្អាត ព្រម​ជាមួយនឹង​ការ​ថែរក្សា​បរិស្ថាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ខ្ពស់​របស់​ទីក្រុង​ទេសចរណ៍​ឆ្នេរ​កែប បាន​និង​កំពុង​ធ្វើឲ្យ​ខេត្តដ៏​តូច​ច្រ​ឡឺង​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ និង​ល្បីល្បាញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ យ៉ាងណាមិញ ពានរង្វាន់ ជ័យលាភី​ទីក្រុង​ស្អាត “​ផ្ការំដួល​បី​ទង​”​លើក​ទី​២​ដែល​ត្រូវ​រដ្ឋបាលខេត្ត​កែប​ធ្វើ​ពិធី​ដង្ហែ​នៅ​រសៀល​ថ្ងៃ​ទី​០២​ខែ​មីនា ឆ្នាំ​២០១៨​នេះ គឺជា​ពានរង្វាន់​ថ្មី​មួយទៀត ដែល​រាជរដ្ឋាភិបាល​ទើបតែ​ប្រគល់​ដល់​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងមកនេះ​។​

​ជាមួយនឹង​ខេត្ត​កែប​បាន​ទទួលពាន​រង្វាន់​ទី​ក្រុង​ស្អាត​ជា​បន្តបន្ទាប់​នេះ មហាជន​តែង​បាន​លើក​ការស្ញើចសរសើរ​ថា នេះ​មិនមែន​ជា​រឿង​ធម្មតា​នោះទេ ដែល​ខេត្ត​កែប​ទទួលបាន​ពានរង្វាន់​បែបនេះ ហើយ​នេះ​ក៏​អាច​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការអភិវឌ្ឍប្រកប​ដោយ​ការរីកចម្រើន​គ្រប់​វិស័យ មាន​ភាពរហ័សរហួន និង​កិច្ចសហការ រួម​គ្នា​គិត រួមគ្នា​ធ្វើ​តាម​ជំនាញ ទើប​ធ្វើឲ្យ​ខេត្ត​កែប កាន់តែ​មាន​សម្រស់​ស្រស់បំព្រង​គ្រប់​រដូវ​កាល​ប្រកប​ដោយ​ភាព​ទាក់ទាញ ពិសេស​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​តែម្តង​។​

​កន្លងមក​គេ​បានកត់សម្គាល់​ឃើញ​ថា ក្នុង​តំបន់​ខេត្ត​កែប​ទាំងមូល ក្រៅពី​មាន​ជីវៈចម្រុះ​ដ៏​សំបូរបែប​នៅក្នុង​សមុទ្រ​នោះ នឹង​មាន​ភូមិសាស្ត្រ​ជាច្រើន​ទៀត​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ព្រៃ​ភ្នំ​និង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ដើម​រុក្ខជាតិ​តូច ធំ រំលេច​ដោយ​ភាព​បៃតង​និង​ខៀវស្រងាត់ ស្តែង​ចេញ​ពី​ធម្មជាតិ​ពិតៗ ដោយ​បាន​ជួយ​លើក​សម្រស់​ខេត្ត​កែប​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ថែម​ទៀត​។​

​ជាមួយគ្នានេះ ពានរង្វាន់ ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់គ្នា​” គឺជា​ជ័យលាភី​ថ្មី​មួយទៀត​សម្រាប់​ជា​មោទនភាព​របស់​ខេត្ត​កែប ព្រោះ​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន អាជ្ញាធរខេត្ត តែង​ផ្តោត​ការយកចិត្តទុកដាក់​បំផុត​លើ​ផ្នែក​បរិស្ថាន​ជា​ចម្បង ហើយ​ការអភិវឌ្ឍ​តំបន់​ក៏​ជា​កត្តា​សំខាន់ ជំរុញ​ធ្វើឲ្យ​មាន​ភាពទាក់ទាញ​ផងដែរ​។​សូចនាករ​ដែល​ខេត្ត​កែប​មាន​ដូចជា ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត មហាជន​ពិតជា​ទទួល​ស្គាល់​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​នៅ​តែ​បន្ត​កែលម្អ គ្រប់​ទីកន្លែង​ដើម្បី​ឲ្យ​ស័ក្តិសម​ជា​ខេត្ត​មាន​ឆ្នេរ​បៃតង ស្រប​តាម​ប្រធានបទ “​អនាគត គឺ​បច្ចុប្បន្ន​”​។​

​ដូច្នេះ​ដើម្បី​រក្សា​ភាពល្បីល្បាញ ក៏​ដូចជា​ការថែរក្សា​ពាន​រង្វាន់ ជ័យលាភី​ទីក្រុង​ស្អាត​ឲ្យបាន​ស្ថិតស្ថេរ យើង​ត្រូវ​រួម​សហការ​គ្នា ការពារ​សុវត្ថិភាព និង​បរិស្ថាន​ឲ្យបាន​ល្អ ដើម្បី​ប្រឡងប្រជែង​យក​ជ័យលាភី​ទីក្រុង​ស្អាត នា​ឆ្នាំ​ខាង​មុខ​បន្តបន្ទាប់​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!