​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​នាំ​អំណោយ​មក​ផ្តល់​ជូន​ក្រុមគ្រួសារ​សព ស្ត្រី​រងគ្រោះ​ដែល​គេ​អារ​.​ក សម្លាប់​

កែប ៖ នៅ​ព្រឹក​ថ្ងៃ​១​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ ទី​០២​ខែ​មីនា ឆ្នាំ​២០១៨ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អមដំណើរ​ដោយ​សហការី បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា មក​ផ្តល់​ជូន​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ ឈ្មោះ ឡុច សុខ​គៀង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្ថិត​ក្នុង​លំនៅ​ឋាន ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុង​-​ខេត្ត​កែប ដែល​ស្លាប់​ដោយសារ​ជនបរទេស​អារ​.​ក សម្លាប់​កាលពី​យប់​ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង​ចំណុច​ផ្សារ​ក្តាម យីហោ លីដា ខ្មែរ​ម៉ាស្សា ស្ថិតក្នុង​ភូមិ​កែប សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​អំណោយ​ដែល​សាខា​កាកបាទក្រហម​យក​មក​ប្រគល់​នៅ​ព្រឹក​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប រួមមាន​៖ អង្ករ​ចំនួន​១០០​គីឡូក្រាម មី​យើង​ចំនួន​៣​កេះ មី​ខ្លាឃ្មុំ​ក្រហម​ចំនួន​៤​កេះ ទឹកត្រី​២​យួរ ត្រីខកំប៉ុង​៣​ឡូត៍ ទឹកក្រូច​និង​ទឹក​សុទ្ធ ព្រម​ទាំង​ថវិកា​ចំនួន ៤.០០០.០០០​រៀល​($1.000)​។​

​ជាមួយនេះដែរ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុមគ្រួសារ​សព និង​ក៏​មាន​ការសោកស្តាយ​ជា​ពន់ពេក ដែល​ស្ត្រី​រងគ្រោះ ត្រូវបាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ជន​ដៃដល់​។​ខណៈនោះ​លោក​ក៏​សូម​ឲ្យ​ក្រុមគ្រួសារ​សព​យក​ថវិកា​និង​សម្ភារៈ​ខាងលើ​នេះ​សម្រាប់​ចាត់ចែង ប្រើប្រាស់ ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល ដល់​ដួងព្រលឹង​ជនរងគ្រោះ​នេះ​ផង​។​

​ក្នុង​ពេល​នេះ​ដែរ ក្រុមគ្រួសារ​សព ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត ចំពោះ​ក្រុម​ការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ជាពិសេស​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល តែង​យកចិត្តទុកដាក់ ទំនុ​កបំ​រ៉ុង​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ពិសេស​ជួយ​សង្គ្រោះ​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!