​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​រថយន្ត​Pajero​មួយ​គ្រឿង​រេ​ចង្កូ​ចចូល​ផ្ទះ​ប្រជាពលរដ្ឋ​

​កំពត ៖ មិនដឹង​ជា​ខុស​បច្ចេកទេស​ដោយ​សាររ​ថ​យន្តឬ​ជា​កំហុស​អ្នកបើកបរ​នោះទេ សុខៗ​ស្រាប់តែ​រថយន្ត​ម៉ាក​Pajero​មួយ​គ្រឿង​បាន​រេ​ចង្កូត​ខុសផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​ខូចខាត​ល្វែង​ខាងមុខនិង​ខូចខាត​អស់​ម៉ូតូ​មួយ​គ្រឿង​។​ប៉ុន្តែ​ហេតុការណ៍​ខាងលើ​នេះ​ពុំ​បង្ក​ធ្វើឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ដោយ​គ្រាន់តែ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​តែប៉ុណ្ណោះ​។​

​ហេតុការណ៍​ស្ទើ​ព្រលឹង​ចុង​សក់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២​ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​សាលា​ស្រុក​កំពង់ត្រាច នៃ​ទីរួមស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​និយាយថា មុន​ពេល​ជួប​រឿង​ភ្ញាក់ផ្អើល គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់ ដោយ​គេ​ដឹង​ថា​គាត់​មក​ធ្វើការ​ដូច​សព្វមួយដង​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច លុះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​គឺ​នៅសល់​ប្រមាណ​១០០​ម៉ែត្រ​ទៀត​ដល់​កន្លែង​ទៅហើយ ស្រាប់តែ​រថយន្ត​នោះ​រេ​ចង្កូត​សំដៅ​ចូល​ផ្ទះ​អ្នកស្រុក​តែម្តង ដែល​បាន​ធ្វើឲ្យ​អ្នក​រស់នៅ​ម្តុំ​នោះ​រត់​ចែក​ផ្លូវ​គ្នា​ទាំង​ព្រលឹង​ចង់​សក់​។​ប្រភព​បានឲ្យ​ដឹង​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ ក៏​បាន​ធ្វើឲ្យ​ម៉ូតូ​ម៉ាក​ZOOMER-X​មួយ​គ្រឿង​ទទួលរង​ការខូចខាត​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​កើតឡើង​ដូចខាងលើ ម្ចាស់​រថយន្ត​បាន​បញ្ជាក់​ប្រាប់ថា​រូបគាត់​ជា​មន្ត្រី​នគរបាល​នៃ​អធិការ​ស្រុក​កំពង់ត្រាច​ដែល​នៅ​ក្បែរ​ចំណុច​កើតហេតុ​នេះ​។​គាត់​បាន​អះអាង​ថា គាត់​បើកបរ​ប្រុងប្រយ័ត្ន​បំផុត ប៉ុន្តែ​ខណៈ​ដែល​គាត់​កំពុង​បើកបរ ស្រាប់តែ​រថយន្ត​របស់​គាត់​រេ​ចង្កូត​សំដៅ​ទៅ​បុក​ផ្ទះ​អ្នកស្រុក​ដោយ​ឯកឯង​តែម្តង ហើយ​ហ្វ្រាំង​ក៏​ជាន់​មិន​ជាប់​ទៀត មិន​ដឹង​មូលហេតុ​អី្វ​ទាល់តែសោះ ដោយ​ឧប្បត្តិហេតុ​បែប​នេះ​គាត់​ពិតជា​ឆ្ងល់​ខ្លាំង​ណាស់ ណាមួយ​ឡាន​ក៏​ខូច ថែម​ទាំង​សង​រាល់​ការខូចខាត​ទ្រព្យសម្បតិ្ត​អ្នកដទៃ​ទៀត​ផង​…​ហ៊ី​! ម្តងនេះ​ចប់​ហើយ​។​

​ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត​និង​ម្ចាស់ផ្ទះ ព្រម​ទាំង​ម្ចាស់​ម៉ូតូ កំពុង​និយាយ​ចរចា​គ្នា ប៉ុន្តែ​សំណង​ត្រឹម​កម្រិត​ណា​មិន​ទាន់​ដឹង​នៅឡើយ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!