លោក​អភិបាលខេត្ត​កែប ធ្វើ​ពិធី​សម្ពោធ​កុដិ​និង​សមិទ្ធផល​នានា​ក្នុង​វត្តភ្នំ​លាវ​

កែប ៖ នៅ​ព្រឹក​ថ្ងៃ​១២​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២​កុម្ភៈ ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប  និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួម​និង​ពុទ្ធបរិស័ទ អញ្ជើញ​សម្ពោធ​កុដិ​និង​សមិទ្ធផល​នាៗ និង​បាន​នាំយក​ចង្ហាន់​និង​ទេយ្យទាន​រាប់​បាត​ដល់​ព្រះសង្ឃ​ចំនួន​៩៧​អង្គ នៅ​វត្ត​ភ្នំ​លា​វ ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃំ​ុ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​តាម​របាយការណ៍​របស់លោក លេង សុខុម អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ បានឲ្យដឹងថា រដ្ឋបាល​ស្រុក​ចែកចេញ​ជា​២​ឃំ​ុ ស្មើនឹង​១១​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប ៤.៣៥៩​គ្រួសារ ស្មើ​នឹង​ចំនួន​១៩.៦៤៦​នាក់ ក្នុងនោះ​ស្រី​ចំនួន ៩.៩៣៣​នាក់ ។​

​លោក​បាន​បញ្ជាក់ថា អំពី​ការងារ​សន្តិសុខ​សង្គម គឺ​រដ្ឋបាល​ស្រុក​រក្សា​សណ្តាប់ធ្នាប់​បាន​ល្អប្រសើរ​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ដែល​មក​លម្ហែ​កម្សាន្ត​នៅ​តាម​ចម្ការ​ម្រេច ចំការ​ស្វាយ និង​ឆ្នេរ​អង្កោល​។​ចំពោះ​លើ​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព រដ្ឋបាល​ស្រុក​និង​អង្គភាព​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សហការ​យកចិត្តទុកដាក់​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​តាមរយៈ​វេទិកា​អភិបាលស្រុក ជួប​ជាមួយ​ប្រជាពលរដ្ឋ វេទិកា​នគរបាល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​និង​ចាត់វិធានការ​គ្រប់​រូបភាព​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ និង​បង្កើន​ការទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ​សាសនា​។​លោក​អភិបាលរង​បានឲ្យដឹង​ទៀតថា កុដិ​ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នាពេលនេះ មាន​១​ខ្នង កម្ពស់​២​ជាន់ ដែល​មាន​បណ្តោយ ១២​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ផ្តួចផ្តើម​កសាង​នៅ​ថ្ងៃទី​១៦​មិថុនា ឆ្នាំ​២០១៤​និង​បាន​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧ និង​ចំណាយ​អស់​បច្ច័យ​សរុប ៤៦.៨០០​ដុល្លារ​។​

​មានប្រសាសន៍​សំណេះសំណាល​នាពេលនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ជា​ការពិត​ណាស់ វត្ត​អារាម​មិន​ត្រឹម​ជា​កន្លែង​សម្រាប់​តែ​ទី​គោរព និង​ជា​ទី​សក្ការៈបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​និង​ជា​ប្រភព​សម្រាប់​បណ្តុះបណ្តាល​នូវ​បញ្ញាញាណ ជា​ថ្នាល​បណ្តុះ​គ្រាប់ពូជ​បញ្ញា​វ័ន សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​សាសនា​និង​សង្គម​ទាំងមូល​ផងដែរ​។ លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ទៀត​ថា ដោយ​ឆ្នាំ​២០១៨​នេះ ព្រះរាជាណាចក្រ​កម្ពុជារ​បស់​យើង នឹង​ត្រូវ​រៀបចំ​ធ្វើការ​បោះឆ្នោត​ចំនួន​២ គឺ​៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណ​តិ្ត​ទី​៤ (​បោះឆ្នោត​អសកល​) ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​២០១៨​ដែល​យក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សមាជិក​ព្រឹទ្ធសភា (​អ្នកតំណារាស្ត្រ​) កំពុង​កាន់​តំណែង​ជា​អង្គ​បោះឆ្នោត និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ (​បោះឆ្នោត​សកល​)​នឹង​ត្រូវ​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ប្រជាពលរដ្ឋ​គឺជា​អ្នក​បោះឆ្នោត​ផ្ទាល់​។​ដូច្នេះ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា​ឯកសារ​ជា​អត្តសញ្ញាណប័ណ្ណ​បម្រើ​ឲ្យ​ការបោះឆ្នោត និង​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស បន្ត​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​យើង ឲ្យ​កាន់តែ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 4904 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!