លោក ជាវ តា​យ ដឹកនាំ​ប្រតិភូ​ខេត្ត​កំពត ចូលរួម​ជូនពរ​ថ្នាក់ដឹកនាំ​បក្ស​និង​រដ្ឋ​ខេត្ត​គៀង​យ៉ាង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ វៀតណាម​

កំពត ៖ ដើម្បី​ពង្រឹង​មិត្តភាព​សាមគ្គីភាព​និង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​នោះ នៅ​ថ្ងៃ​សុក្រ ០៩​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​ប្រតិភូ ក្នុង​ជួរ​គណៈ​អភិបាល​ខេត្ត​ថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​មួយចំនួន​ជុំវិញ​ខេត្ត ដើម្បី​ទៅ​ចូលរួម​សួរសុខទុក្ខ​និង​អបអរ​ជូនពរ​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ​ខេត្ត​គៀង​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ឈាន​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នៅក្នុង​ឱកាស​នៃ​ការជួប​សំណេះសំណាល​ដាច់ដោយឡែក​ពីគ្នា​នៅឯ​សាលាខេត្ត និង​នៅ​មន្ទីរ​គណបក្ស​ខេត្ត​គៀង​យ៉ាង លោក​ផាម វ៉ូ​ហុង ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​គៀង​យ៉ាង និង​លោក ង្វៀន ថាញ់​ងី លេខា​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត​គៀង​យ៉ាង បាន​សំដែង​ការស្វាគមន៍​ដោយ​ភាព រាក់ទាក់ ចំពោះ​ថ្នាក់ដឹកនាំ​និង​ប្រតិភូ​ខេត្ត​កំត ដែល​តែងតែបាន ចូលរួម​អបអរ​សារ​ទរ​និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៃ​ប្រទេស​ទាំង​ពីរ​រវាង​គ្នា​ទៅវិញទៅមក ។​ពិសេស​សម្រាប់​ខេត្ត​ទាំងពីរ​ដែល​មាន​ព្រំដែន​ជាប់​ព្រំ​គ្នា​គឺ​ខេត្ត​កំពត​និង​ខេត្ត​គៀង​យ៉ាង​វៀតណាម ជា​រៀងរាល់ឆ្នាំ​ដោយ​អនុវត្ត​មិន​ដែល​អាក់ខាន​ឡើយ​។

​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំង​ពីរ (​កំពត​-​គៀង​យ៉ាង​) ក៏​បាន​ចាត់ទុ​ថា​កាយវិការ​សកម្មភាព​នាពេលនេះ​គឺ​ពិតជា​បាន​នាំមក​នូវ ចំណងមិត្តភាព សាមគ្គីភាព ជា​បងប្អូន​ដែល​មាន​ព្រំដែន​ជាប់​គ្នា និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ទាំងពីរ ខេត្ត​កំពត និង​ខេត្ត​គៀង​យ៉ាង​បាន​កាន់តែ​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពិសេស​ធ្វើឲ្យ​ព្រំដែន​ខេត្ត​ទាំង​ពីរ​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ការអភិវឌ្ឍន៍​ដើម្បី​ប្រយោជន៍​ប្រទេស  និង​ប្រជាជន​ខេត្ត​ទាំង​ពីរ កំពត​-​គៀង​យ៉ាង​បាន​កាន់តែ​ល្អ​ថែម​ទៀត​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ខេត្ត​កំពត ក៏​បាន​សំដែង​ការអបអរសាទរ ជាមួយ​ថ្នាក់ដឹកនាំ បក្ស និង​រដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​វៀតណាម  សម្រាប់​ខេត្ត​គៀង​យ៉ាង​ជា​បងប្អូន ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ខាងមុខនេះ​សូមឲ្យ​ចំណង​មិត្តភាព​នេះ បាន​កាន់តែ​រីកចម្រើន​ជា​លំដាប់​ទ្វេរ​ដង​ថែមទៀត​។​

​ក្នុងឱកាស​នោះ​លោក អភិបាល​ខេត្ត​កំពត​ក៏​បាន​បន្ត​លើកឡើង​ពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ល្អ​លើ​គ្រប់​វិស័យ​នៃ​ខេត្ត​ទាំង​ពីរ កំពត​-​គៀន​យ៉ាង ក្នុងនោះ​រួមមាន​វិស័យ​អប់រំ  សុខាភិបាល ពាណិជ្ជកម្ម  កសិកម្ម ជា​ពិសេស​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​នៃ​ខេត្ត​ទាំង​ពីរ ដូចជា​កិច្ចការពារ​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន រវាង​ខេត្ត​ទាំងពីរ បាន​ផ្ដល់​នូវ​ភាព​អនុគ្រោះ​ឲ្យ​គ្នា​ទៅវិញទៅមក​បានល្អ ហើយ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាជន​នៃ​ខេត្ត​ទាំង​ពីរ ជា​សាច់ញាតិ​បងប្អូន បាន​សួរ​សុខទុក្ខ​គ្នា និង​ប្រកប​មុខរបរ​រក​ទទួល​ទាន មាន​ភាពសុខសាន្ដ និង​រីកចម្រើន​ជា​លំដាប់​។​ជាមួយនេះ លោក​អភិបាល​ខេត្ត​កំពត​ក៏​បាន​ប្រសិទ្ធិ​ពរ​សូមឲ្យ​ចំណងមិត្តភាព សាមគ្គីភាព​ជា​បងប្អូន​រវាង​ខេត្ត​កំពត និង​ខេត្ត គៀង​យ៉ាង​ស្ថិតស្ថេរ​ជា​អមតៈ និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​របា​ន​កាន់តែ​រឹងមាំ​ល្អប្រសើរ​ឡើង​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ប្រទេស​ទាំង​ពីរ ៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.