បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ ៖ ក្រោម​វត្តមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នា​រសៀល​ថ្ងៃ​ពុធ​នេះ សន្និបាត បូក​សរុប​លទ្ឋផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស ដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​បញ្ចប់ ខណ​ដែល ពិធី​នេះ​ក៏​មាន​ការ អញ្ជើញ​ចូលរួម​របស់​លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយ​ព្រឹទ្ឋសភា រដ្ឋសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ផង​ដែរ ។​

​សូមជម្រាបថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើក​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្ភះ ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​នូវ​សមិទ្ធផល​នានា ដែល​ជា​ស្នាដៃ​សម្រេចបាន របស់​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​ការបំពេញ​ភារកិច្ច​ក្នុង​ឆ្នាំ​២០១៧​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា អង្គសន្និបាត​បូក​សរុប របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ ប្រើប្រាស់​រយៈពេល​២​ថ្ងៃ ដោយ​ជ្រើសរើស ប្រធានបទ ចំនួន​៤​ចំណុច មក​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ យកមកអនុវត្ត ការងារ​នៅ​ឆ្នាំ​២០១៨ ឲ្យបាន​ល្អ ក្នុងនោះ​រួមមាន ទី​១៖ គោលនយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព និង​បញ្ហា​ចរាចរ​, ទី​២៖ បញ្ហា អនាម័យ បរិស្ថាន បញ្ហា​សំរាម​, ទី​៣៖ ការបម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ទី​៤៖ បញ្ហា​ប្រឡាយ​លូ និង​សំណង់​ខុសច្បាប់​៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 0480 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!