មេ​គយ​ច្រក​ស្រែអំបិល លោក គង់ សំរេច ដែល​មាន​ខ្សែ​ធំ មិន​ញញើត​ក្រុមអធិការកិច្ច បន្ត​គៃបន្លំ បំបាត់​ចំណូល​ពន្ធ គួរឲ្យ​ញាក់សាច់​

ខេត្ត​កោះកុង ៖ ច្រើន​ឆ្នាំ​មកហើយ ដែល​ក្រុម​ឈ្មួញ សប្បាយ​រកស៊ី ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​ប្រទេស​ថៃ ចូល​តាម​ច្រក ផែ​ស្រែអំបិល ដែល​ជា​ទីតាំង​អំណោយផល សម្រាប់​ពួកគេ គៃបន្លំ​ចំណូល​ពន្ធ ព្រោះ​លោក​គង់ សំរេច ជា​មេ​គយ​ប្រចាំ​ច្រក​នេះ ក៏​មាន​ឈ្មោះ ក្នុង​បញ្ជី​ប្រព្រឹត្ត អំពើពុករលួយ កម្រិត​ខ្ពស់ ដូចដែល មន្ត្រី​តូចតាច មួយចំនួន បាន​លួច​បង្ហើប​ឲ្យដឹងថា លោក គង់ សំរេច គៃបន្លំ​ចំណូល​ពន្ធ ធ្វើឲ្យ​បាត់បង់ ចំណូល​ថវិកាជាតិ គួរឲ្យ​ញាក់សាច់ និង​សាហាវ​ជាង លោក កុយ ឆាយ ទៅទៀត​។​

​មន្ត្រី​តូចតាច បានឲ្យដឹងថា ចាប់តាំងពី​លោក គង់ សំរេច ឡើងកាន់តំណែង ជា​ប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​ស្រែអំបិល គាត់​មាន​ឱកាស ប្រព្រឹត្ត​អំពើ​ពុករលួយ ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ នាំចូល​ទំនិញ ពី​ប្រទេស​ថៃ គ្រប់​ប្រភេទ រាប់ទាំង​គ្រឿងបន្លាស់​រថយន្ត សម្បក​កង់​រថយន្ត គ្រឿងឧបភោគ បរិភោគ និង​ទំនិញ​ខុស​ច្បាប់​ជាច្រើន​មុខ​ទៀត យ៉ាង​អនាធិបតេយ្យ​បំផុត​។ ជាធម្មតា​លោក គង់ សំរេច មិន​ដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប ទំនិញ​ខុសច្បាប់ ឬ​ទំនិញគេចពន្ធ ដែល​ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ នោះទេ គឺ​គាត់​គិតតែ ផលប្រយោជន៍ ហូរ​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​។​

​ប្រភព​បានឲ្យដឹងថា លោក គង់ សំរេច បាន​អនុវត្ត ខុស​ពី​តួនាទី​របស់​ខ្លួន តាមរយះ​ការ លួច​ដោះលែង រថយន្ត​ដឹកទំនិញ​ធុន​ធំ ដែល​មិន​បង់ពន្ធ​ជូន​រដ្ឋ ជា​ថ្នូរ​នឹង​លុយ​ក្រោម​តុ យ៉ាងច្រើន​។ ក្នុងនោះ សាឡង់​ដឹកទំនិញ ជាច្រើន​ប្រភេទ រួមមាន ទំនិញ​ស៊ីម៉ង់ត៍ គ្រឿង​អេឡិចត្រូនិក ស្រា​បៀរ គ្រឿង ម៉ាស៊ីន​ជជុះ គ្រឿងទេស  ​ដែល​ដឹក​ចេញ ពី​ប្រទេស​ថៃ ត្រូវបាន​គេ​នាំចូល និង​ផ្ទេរ​ដាក់​រថយន្ត នៅ​ចំណុច​កំពង់ផែ ស្រែអំបិល​ថ្មី ដោយ​គ្មាន​ការត្រួត ពិនិត្យ និង​បង់ពន្ធ ឲ្យបាន​ត្រឹមត្រូវ​ឡើយ​។​

​សូម​រំលឹក​ថា កាលពី​ជាង ១​ខែ​មុន ក្រុមអធិការកិច្ច បាន​ចុះ​អង្កេត តំបន់​ប្រមូល​ពន្ធ នៅ​ស្រុក​ស្រែអំបិល រកឃើញថា មាន​រថយន្ដ​ដឹក ទំនិញ ចេញ​តាម​ផែ​នេះ ជាង ៥០​គ្រឿង តែ​មាន​ចុះបញ្ជី និង​បង់ពន្ធ​ចូល​រដ្ឋ មាន​ត្រឹមតែ ២៥​គ្រឿង ប៉ុណ្ណោះ​។ រថយន្ត​ដឹក​ទ​មនិញ ជាច្រើន​គ្រឿង​ទៀត ត្រូវបាន​មន្ត្រី​គយ បិទ​ភ្នែក ឲ្យ​ដឹក​ទំនិញ​ចេញ ដោយ​គ្រាន់តែ រាប់​ក្បាល​ឡាន យកលុយ តាមរបៀប​ពុករលួយ ឬ​ប្រើ​យុទ្ធសាស្ត្រ បន្លំ​តួលេខ​ទំនិញ ដោយ​ចំនួន​ទំនិញ​ច្រើន តែ​តួលេខ​ចំណូល បាន​តិចតួច ដែល​ធ្វើឲ្យ​ការប្រមូល​ពន្ធ មិន​មាន​តុល្យភាព តាម​ទំនិញ​ជាក់ស្តែង និង​បាត់បង់ ចំណូល​ថវិកាជាតិ​។​

​នៅ​ចំណុច ច្រក​ស្រែអំបិល ធ្លាប់មាន ភាពចម្រូងចម្រាស រវាង​ជំនាញ​គយ និង​សមត្ថកិច្ច​ដទៃទៀត ដែល​ប្រចាំការ នៅ​ទីនោះ ដូចជា​ករណី​ខ្លះ ទូក​ដឹកទំនិញ ចំណុះ ៣០-៤០​តោន ចូលមក​ដល់ ផែ​ស្រែអំបិល គឺ​ជំនាញ​គយ ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពន្ធ តាមតែ​អំពើ​ចិត្ត ដូចជា​ពេល​កន្លងមក ក្នុង​ទូក​ដឹកទំនិញ ចំណុះ ៣០-៤០​តោន គេ​ដឹងថា ជំនាញ​គយ​បាន​បង្គាប់​ឲ្យ​ក្រុម​ឈ្មួញ បង់ពន្ធ​មិន​ដល់ ពាក់កណ្តាល​ផង​ទេ ហើយ​សល់​ប៉ុន្មាន ត្រូវ​ផ្តល់​សេវា​ជូន​មន្ត្រី​គយ ដែល​ជួយ​សម្របសម្រួល កាត់បន្ថយ​ការបង់ពន្ធ ដែល​ករណី​នេះ ទាមទារ​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត ពី​ការឃុបឃិត បំបាត់​ចំណូល​ពន្ធ នៅ​ច្រក​ស្រែអំបិល ឡើង​វិញ​ផង​៕

 

Filed in: ខេត្តកោះកុង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!